Connect with us

ព្រឹត្តិការណ៍សំខាន់ៗ

សម្តេចតេជោឯកភាឱ្យផ្លាស់ប្តូរលោក ជាវ តាយពីអភិបាលខេត្តពោធិ៍សាត់ ដោយដាក់ជំនួស លោក ខូយ វីដា

Published

on

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកានេះ បានសម្រេចឯកភាពយល់ព្រមលើលិខិតសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្នើសុំគោលការណ៍ ផ្លាស់ប្តូរលោក ជាវ តាយ ចេញពីតួនាទីជាអភិបាលខេត្តពោធិ៍សាត់ដោយដាក់ជំនួស លោក ខូយ វីដា។

យោងតាមលិខិតដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បញ្ជាក់ថា ការសម្រេចស្នើសុំគោលការណ៍ផ្លាស់ប្តូរតួនាទីអភិបាលខេត្តពោធិ៍សាត់នេះ គឺដើម្បីលើកកម្ពស់ប្រសិទ្ធភាពការដឹកនាំ និងការគ្រប់គ្រងការងាររដ្ឋបាលខេត្តពោធិ៍សាត់ និងផ្អែកលើការពិនិត្យវាយតម្លៃលើលក្ខណសម្បត្តិ សមត្ថភាព និងបទពិសោធន៍ការងាររបស់មន្រ្តីរាជការ។

បើតាមលិខិតដដែលនេះ សម្តេចក្រឡាហោម ស ខេង ស្នើសុំតែងតាំងមុខតំណែង លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់បច្ចុប្បន្ន ទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក ខូយ វីដា អភិបាលរងខេត្តបាត់ដំបងបច្ចុប្បន្នជាអភិបាលខេត្តពោធិ៍សាត់ជំនួសវិញ។

ឆ្លើយតបនឹងសំណើររបស់សម្តេចក្រឡាហោមនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចារឯកភាពនិងចុះហត្ថលេខាយល់ព្រមលើសំណើរនៃការផ្លាស់ប្តូរតួនាទីអភិបាលខេត្តពោធិ៍សាត់នេះ។

លោក ខូយ វីដា កាលពីអតីតកាលធ្លាប់ជាអភិបាលរងខេត្តពោធិ៍សាត់ ប៉ុន្តែលោកត្រូវបានផ្លាស់ប្តូរមុខតំណែងទៅកាន់ជាអភិបាលរងខេត្តបាត់ដំបងកាលពីខែកុម្ភៈ ឆ្នាំ២០២២។ នេះបើតាមអនុក្រឹត្យចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២។

គួរឱ្យកត់សម្គាល់ ក្នុងមួយរយៈចុងក្រោយនេះ គេមិនសូវឃើញ លោក ជាវ តាយ បង្ហាញវត្តមាននៅក្នុងកិច្ចប្រជុំ ឬ ពិធីធំៗនោះទេ ។ជាក់នៅក្នុងពិធីចែកពូជស្រូវជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាកាលពីតុលា ឆ្នាំ ២០២២ កន្លងមកនេះ ក៏មិនមិនឃើញវត្តមានលោក ជាវ តាយផងដែរ។ ទោះជាយ៉ាងណា គេក៏មិនទាន់ដឹងពីមូលហេតុច្បាស់ជុំវិញ ការផ្លាស់ប្តូរលោកចេញពីអភិបាលខេត្តពោធិ៍សាត់នេះដែរ។

លោកជាវ តាយ មុននឹងមកកាន់ដំណែងជាអភិបាលខេត្តពោធិ៍សាត់ លោកក៏ធ្លាប់ធ្វើជាអភិបាលខេត្តកំពតផងដែរ៕

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

Domnakneak Resort