រដ្ឋមន្ត្រីការពារប្រទេសអាមេរិកនឹងមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅកម្ពុជា

4

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិកម្ពុជា រដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិកលោក Lioyd Austin នឹងអញ្ជើញមកកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារប្រទេសអាស៊ាន ADMM និងកិច្ចប្រជុំពាក់ព័ន្ធក្រៅផ្លូវការផ្សេងទៀតនៅទីក្រុងសៀមរាបអង្គរ ។

នេះ បើតាម លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាថ្លែងនៅក្នុងពេលចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ កាលថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ ក្រោយពីកម្ពុជា បានបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ លើកទី ៤១ និងកិច្ចប្រជុំពាក់ព័ន្ធប្រកបដោយជ័យ។

លោក Patrick Murphy បាន ស្នើសុំកិច្ចសហការពីសម្ដេចពិជ័យសេនា និងថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា ដើម្បីចូលរួមរៀបចំអំពីកិច្ចដំណើរការនៃកិច្ចប្រជុំនេះ សម្រាប់ការចូលរួមរបស់រដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិកនៅទីនោះផងដែរ ។

ជាការឆ្លើយតបសម្ដេចពិជ័យសេនា ទៀ បាញ់ ថ្លែងថា ភាគីកម្ពុជាបានរៀបចំរួចជាស្រេចនៅក្រុមការងារសម្របសម្រួលរៀបចំទទួលស្វាគមន៍ បដិសណ្ឋារកិច្ច ដល់ប្រមុខដឹកនាំកំពូលការពារជាតិអាស៊ាន និងថ្នាក់ដឹកនាំកំពូលកិច្ចប្រជុំក្រៅផ្លូវការ សម្រាប់ការចូលរួមកិច្ចដំណើរការរៀបចំកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំកំពូលក្រៅផ្លូវការ ដែលភាគីកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធានប្ដូរវេនរបស់អាស៊ានក្នុងអំឡុងខែធ្នូខាងមុខនេះ ។

សម្តេចបន្តថា ដូច្នេះរាល់សំណើនៃកិច្ចសហការរបស់ លោក ឯកអគ្គរដ្ឋទូត Murphy សម្ដេច រីករាយអបអរសាទរ និងទទួលយក ។ សម្ដេចពិជ័យសេនា ក៏បានបញ្ជាក់ថា នៅខែក្រោយនេះ ក្រសួងការពារជាតិកម្ពុជា នឹងរៀបចំបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំក្រៅផ្លូវការ រវាងប្រមុខការពារជាតិអាស៊ានជាមួយ រដ្ឋមន្ត្រីការពារជាតិអាមេរិក រុស្សី នឹងឥណ្ឌា ផងដែរ។ នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការនោះ ក៏នឹងមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់រយៈពេលខ្លី ពីសំណាក់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក Patrick Murphy សារជាថ្មីម្ដងទៀតក៏បានថ្លែងអំណរគុណ ដល់សម្ដេចពិជ័យសេនា ចំពោះការផ្ដល់ពេលវេលា ក្នុងការត្រៀមខ្លួនដើម្បីបានចូលរួមសហការក្នុងកិច្ចប្រជុំប្រមុខការពារជាតិអាស៊ាន និងកិច្ចប្រជុំក្រៅផ្លូវការ ដែលនឹងប្រព្រឹត្តទៅនៅខែធ្នូខាងមុខនេះ ។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិករូបនេះ ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់ប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្តូរវេន បានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមនៅប្រទេសមីយ៉ាន់ម៉ា ឱ្យវិលត្រឡប់ទៅរកស្ថានភាពដើមវិញផងដែរ ៕