កម្ពុជាដាក់បង្ហាញ គម្រោង មជ្ឈមណ្ឌលភស្តុភារកម្មពហុបំណងភ្នំពេញ នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១

41

ភ្នំពេញ៖ កម្ពុជាដាក់បង្ហាញ គម្រោង “មជ្ឈមណ្ឌលភស្តុភារកម្មពហុបំណងភ្នំពេញ” – MULTI-MODAL PHNOM PENH LOGISTICS COMPLEX (PPLC) ដែលជាចំណុចតភ្ជាប់ដ៏សំខាន់សម្រាប់ពាណិជ្ជកម្មក្នុងតំបន់ និងចូលរួមក្នុងការពង្រឹងសេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានដាក់បង្ហាញរូបរាងជាផ្លូវការ នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១។

ការដាក់បង្ហាញជាផ្លូវការនូវគម្រោង “មជ្ឈមណ្ឌលភស្តុភារកម្មពហុបំណងភ្នំពេញ” ធ្វើឡើងនៅថ្ងៃទីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខា ភ្នំពេញ ក្រោមអធិបតីភាពលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋសិង្ហបុរី។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែង គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មពហុបំណងភ្នំពេញ PPLC ត្រូវបានចាត់ជាអាទិភាពទៅក្នុងផែនការមេថ្នាក់ជាតិលើវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ឆ្នាំ២០២២-២០៣០ ហើយការដាក់បង្ហាញគម្រោង PPLC ជាផ្លូវការនាឱកាសនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញពីចំណុចវិជ្ជមានជាច្រើនរួមមាន៖ ១)ចំណងមិត្តភាព និងទំនាក់ទំនងដ៏រឹងមាំ រវាងកម្ពុជា និងសិង្ហបុរី ២)ការបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើការគាំទ្រការអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មពហុបំណងភ្នំពេញ PPLC ៣)ការជំរុញលើកចិត្តការវិនិយោគរវាងវិនិយោគិនបរទេស និងវិនិយោគិនក្នុងស្រុក និង ៤) ការពង្រឹងការតភ្ជាប់លើវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ក្នុងក្របខណ្ឌមហាអនុតំបន់មេគង្គ (GMS) អាស៊ាន និងពិភពលោកផងដែរ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានសង្កត់ធ្ងន់បន្ថែមលើប្រសាសន៍របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ថា៖ដោយសារប្រទេសកម្ពុជាមានទីតាំងជាយុទ្ធសាស្ត្រ និងមានមុខងារជាមជ្ឈមណ្ឌលស្រូបទាញសម្រាប់តំបន់អាស៊ីអាគ្នេយ៍ យើងរំពឹងថាគម្រោង PPLC នឹងក្លាយជាមជ្ឈមណ្ឌលសម្រាប់បម្រើសេវាកម្មដឹកជញ្ជូន ការធ្វើពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិជូនដល់ពាណិជ្ជករ និងអ្នកប្រើប្រាស់ជាង១៦លាននាក់នៅក្នុងប្រទេសកម្ពុជា និងជាង៦៨០លាននាក់ ក្នុងតំបន់អាស៊ីអាគ្នេយ៏។

ជាមួយគ្នានេះដែរ លោក Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋសិង្ហបុរីបានលើកឡើងថា ប្រទេសសិង្ហបុរីកំពុងមានឆន្ទៈយ៉ាងមុតមាំសម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នាជាមួយកម្ពុជាលើគម្រោងនានាក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម នាពេលអនាគត ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ ដែលមានរយៈពេល៥៧ឆ្នាំហើយនៅក្នុងឆ្នាំ២០២២នេះ។ ទំនាក់ទំនងទ្វេភាគីរវាងសិង្ហបុរី និងកម្ពុជា ក៏ដូចជារវាងប្រទេសនានាក្នុងតំបន់អាស៊ាន វាជាលក្ខណៈមួយដែលពាក់ព័ន្ធក្នុងការជំរុញភាពប្រកួតប្រជែងរបស់រដ្ឋសមាជិកនីមួយៗ និងសេដ្ឋកិច្ចជាសមូហភាព។

គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មពហុបំណងភ្នំពេញ PPLC ត្រូវបានសិក្សាដោយក្រុមហ៊ុន YCH Group ដែលជាក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន និងការផ្គត់ផ្គង់សេវាកម្មជាចង្កោមដ៏ធំបំផុតនៅក្នុងតំបន់អាស៊ី ហើយវានឹងបង្ហាញពីការអនុវត្តវិស័យភស្តុភារកម្ម ដែលប្រកបដោយនិរន្តរភាពល្អបំផុតនៅក្នុងតំបន់អាស៊ាន។ ការដាក់បង្ហាញគម្រោងលម្អិតនៅថ្ងៃនេះ គឺធ្វើឡើងបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌរវាងក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងក្រុមហ៊ុន YCH Group កាលពីខែមីនា ឆ្នាំ២០២១ កន្លងទៅ។

ក្រុមហ៊ុន YCH Group គឺជាក្រុមហ៊ុនឈានមុខគេរបស់សិង្ហបុរី ផ្តល់នូវដំណោះស្រាយខ្សែសង្វាក់ការផ្គត់ផ្គង់ជាចង្កោមតាំងពី ការចាប់ផ្តើមដល់ចុងបញ្ចប់។ ក្រុមហ៊ុននេះក៏ជាដៃគូនឹងក្រុមហ៊ុនធំៗ និងម៉ាកល្បីៗរបស់ពិភពលោក នៅជុំវិញជាង១០០ទីក្រុង ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុន YCH Group ត្រូវបានទទួលស្គាល់សម្រាប់វិធីសាស្រ្ត 7PL™ របស់ខ្លួន ក្នុងការរួមបញ្ចូលនូវយុទ្ធសាស្រ្តខ្សែសង្វាក់ការផ្គត់ផ្គង់ជាមួយនឹងការប្រតិបត្តិយ៉ាងរលូនជូនដល់អតិថិជន និងក្រុមហ៊ុនដៃគូ៕