សមត្ថកិច្ចខេត្តកោះកុងឃាត់ខ្លួនជនបរទេសចំនួន ៦ នាក់ពីបទបបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់

60

កោះកុង ៖សមត្ថកិច្ចខេត្តកោះបានឃាត់ខ្លួនជនបរទេសចំនួន ៦ នាក់ពីបទបបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីយប់ ។ នេះ បើតាមស្នងការដ្ឋាននគរបាលខេត្តកោះកុងផ្សព្វផ្សាយនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២។

បើតាមស្នងការដ្ឋាននគរបាលខេត្តកោះកុង ការឃាត់ខ្លួនជនបរទេសទាំង ៦ នាក់នេះ ធ្វើឡើង ក្រោមការចង្អុលបង្ហាញដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោស្នងការ និងបានការសម្របសម្រួលដោយលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងអន្តោប្រវេសន៍ខេត្ត កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងកម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ។

ស្នងការដ្ឋាននគរបាលខេត្តកោះកុង បញ្ជាក់ថា ករណីចុះបង្ក្រាបខាងលើជាបទល្មើសជាក់ស្ដែង ដោយបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ ០១ លើក នៅក្រុងខេមរភូមិន្ទ តាមបណ្តឹងរបស់ឈ្មោះ Ong Tun Chyian ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិម៉ាឡេស៊ី។

ក្រោយទទួលបានបណ្តឹងភ្លាមសមត្ថកិច្ចបានចុះបង្ក្រាប និងធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៦ នាក់ ស្រី ០២ នាក់ ។

អ្នកទាំង ៦ នាក់នោះរួម មាន ៖១ ឈ្មោះ Deng Chentao ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន ២ឈ្មោះ Yoo Shu Xin ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិម៉ាឡេស៊ី ៣ ឈ្មោះ Lim Mun Hong ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិម៉ាឡេស៊ី ៤ ឈ្មោះ Zhang Manning ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិចិន ៥ឈ្មោះ Luo Liangliang ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន និង ៦ ឈ្មោះ Huang Shikun ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន។

បច្ចុប្បន្ន ករណីខាងលើន នេះ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង កំពុងកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់ ៕