អាជ្ញាធរចុះធ្វើការណែនាំដល់ម្ចាស់ផ្ទះល្វែងដែលបានសាងសង់ និងតសំយ៉ាបលយមកលើចំណីផ្លូវសាធារណៈ

53

ព្រះសីហនុ៖ ក្រុមការងារចម្រុះរដ្ឋបាលក្រុងព្រះសីហនុ បានចុះធ្វើការណែនាំដល់ម្ចាស់ផ្ទះល្វែងដែលបានសាងសង់ និងតសំយ៉ាបលយមកលើចំណីផ្លូវសាធារណៈនៅបរិវេណអតីតមហោស្រព ស្ថិតនៅក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ នាពេលកន្លងមក។

បើតាមរដ្ឋបាលខេត្តព្រះសីហនុ បច្ចុប្បន្នត្រូវបានម្ចាស់ផ្ទះបានចូលរួមសហការជាមួយអាជ្ញាធរក្រុងព្រះសីហនុ ស្ម័គ្រចិត្តរុះរើសំយ៉ាបទាំងនោះចេញដោយខ្លួនឯង និងរៀបចំចាប់ផ្តើមសម្អាត រៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយនៅក្នុងបរិវេណទីតាំងខាងលើនេះឱ្យកាន់តែមានសោភ័ណភាព បរិស្ថាន។

រដ្ឋបាលខេត្តព្រះសីហនុអំពាវនាវឱ្យប្រជាពលរដ្ឋដែលជាម្ចាស់លំនៅដ្ឋាន ម្ចាស់ទីតាំងអាជីវកម្ម-
សេវាកម្មគ្រប់ប្រភេទនៅតាមបណ្តោយផ្លូវសំខាន់ៗក្នុងក្រុងព្រះសីហនុ សូមចូលរួមរៀបចំសណ្តាប់ធ្នាប់ តុបតែងលម្អគេហដ្ឋាន និងទីតាំងអាជីវកម្ម-សេវាកម្មរៀងៗខ្លួនឱ្យបានស្អាត មានរបៀបរៀបរយ និងមានសោភ័ណភាពល្អ ដើម្បីត្រៀមរៀបចំអបអរសាទរពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើសកលលោកឆ្នាំ២០២២ នាពេលខាងមុខឱ្យទទួលបានលទ្ធផលល្អ៕