ប្រធានាធិតីអ៊ុយក្រែន សម្តែងការពេញចិត្ត និងថ្លែងអំណរគុណចំពោះកម្ពុជាដែលបានគាំទ្រ បោះឆ្នោតប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន នៅអង្គការសហប្រជាជាតិ

8

ប្រធានធិតីអ៊ុយក្រែន សម្តែងការពេញចិត្ត និងថ្លែងអំណរគុណចំពោះកម្ពុជាដែលបានគាំទ្រ បោះឆ្នោតប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន នៅអង្គការសហប្រជាជាតិ

ភ្នំពេញ៖ ក្នុងជំនួបតាមទូរស័ព្ទជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក វ៉ូឡូឌីមៀ ហ្ស៊ូលឡិនស្គី (Volodymyr Zelensky) ប្រធានាធិបតីនៃប្រទេស អ៊ុយក្រែន បានសម្តែងការពេញចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកម្ពុជាដែលបានគាំទ្រ និងបានចូលជាសហស្ថាបនិកសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាត អង្គការសហប្រជាតិ និងជំហរជាក់លាក់របស់កម្ពុជាពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែន។

តាមមរយៈការបង្ហោះនៅលើបណ្តាញសង្គម Twitter នៅក្រោយបញ្ចប់កិច្ចពិភាក្សា លោក Volodymyr Zelenskyy បានថ្លែងអំណរគុណចំពោះប្រទេសកម្ពុជា ជាប្រធានអាស៊ានឆ្នាំនេះ ដែលបានប្រកាន់ជំហរបោះឆ្នោតប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន នៅអង្គការសហប្រជាជាតិ។

សម្តេចតេជោនាយកដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងនូវការសោកស្តាយចំពោះសោកនាដកម្មដែលបាននិង កំពុងកើតឡើងនៅអ៊ុយក្រែន។ សម្តេចតេជោនាយកដ្ឋមន្ត្រីក៏បានសម្តែងក្តីបារម្ភចំពោះការវាយប្រហារ ថ្មីៗទៅលើទីក្រុងកៀវ និងទីក្រុងផ្សេងៗក្នុងប្រទេសអ៊ុយក្រែន ដែលបណ្ដាលឱ្យមានការបាត់បង់ ជីវិតប្រជាជន ការរងរបួសជាច្រើន និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដាច់ចរន្តអគ្គិសនី និង ទឹកស្អាតយ៉ាងធ្ងន់ធ្ងរ ហើយបណ្តាលឲ្យមានវិបត្តិថាមពល និងស្បៀងអាហារធ្ងន់ធ្ងរ ព្រមទាំងអតិផរណា កើនឡើងនៅទូទាំងសកលលោក។

សម្តេចតេជោនាយកដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ និងបានសង្កត់ ធ្ងន់ថា តាមបទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ និងការស្វែងយល់របស់ សម្តេច ផ្ទាល់បាន បង្ហាញថា គ្មានសង្គ្រាមណាមួយអាចបញ្ចប់បានដោយប្រើប្រាស់សង្គ្រាមនោះទេ។ សម្តេចតេជោ នាយកដ្ឋមន្ត្រី បញ្ជាក់ថាកម្ពុជាផ្ដល់សារសំខាន់ដល់ការចរចា និងដំណោះស្រាយដោយសន្តិវិធី និង សង្ឃឺមថា ភាគីពាក់ពទាំងអស់ស្វែងរកដំណោះស្រាយគ្រប់ជ្រុងជ្រោយ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដើម្បីឱ្យអ៊ុយក្រែន ទទួលបានមកវិញនូវសុខសន្តិភាព ស្ថិរភាព បូរណភាពទឹកដី និងការ អភិវឌ្ឍន៍។

ជាមួយគ្នានេះផងដែរ សម្ដេចតេជោនាយកដ្ឋមន្ត្រី បានបញ្ជាក់អំពីជំហររបស់កម្ពុជាចំពោះសង្គ្រាម នៅអ៊ុយក្រែន កម្ពុជាប្រកាន់ខ្ជាប់នូវការគោរពគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការ សហប្រជាជាតិ និងច្បាប់អន្តរជាតិ ប្រឆាំងនឹងការឈ្លានពាន ការគំរាម ឬ ការប្រើប្រាស់កម្លាំងលើ អធិបតេយ្យភាព បូរណភាពដែនដីរបស់រដ្ឋឯករាជ្យ និងមិនគាំទ្រដល់ការបំបែករដ្ឋ ឬការទន្ទ្រានយក ទឹកដីពីប្រទេសដទៃឡើយ។

សម្តេចតេជោនាយកដ្ឋមន្ត្រី បានលើកឡើងផងដែរថា ដោយសហការជាមួយប្រទេសជប៉ុន កម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនអ្នកដោះមីនរបស់កម្ពុជាទៅជួយបណ្តុះបណ្តាលដល់អ្នកដោះមីន របស់អ៊ុយក្រែនតាមពេលវេលាសមស្រប។

ពាក់ពន្ធ័និងទំនាក់ទំនងទ្វេភាគី សម្តេចតេជោនាយកដ្ឋមន្ត្រី បានថ្លែងអំណរគុណអ៊ុយក្រែនដែលបាន ជួយគាំទ្រ និងឧបត្ថម្ភទទួលយកនិស្សិតកម្ពុជាក្នុងកំឡុងទស្សវត្សរ៍៨០ ។ សម្តេចតេជោនាយកដ្ឋមន្តី ក៏ធ្លាប់បានអញ្ជើញទៅទស្សនកិច្ចនៅអ៊ុយក្រែនកាលពីឆ្នាំ១៩៨១ ផងដែរ។

ពាក់ពន្ធ័និងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ សម្ដេចតេជោនាយកដ្ឋមន្ដ្រី បានស្នើឱ្យប្រទេស ទាំងពីរតែងតាំង និងផ្លាស់ប្តូរឯកអគ្គរាជទូត/អគ្គរដ្ឋទូតទៅវិញទៅមក។

លោក ប្រធានាធិបតី ហ្ស៊ូលឡិនស្គី បានថ្លែងអំណរគុណ និង ស្វាគមន៍ចំពោះកម្ពុជាដែលមាន បំណងផ្តល់ជំនួយខាងដោះមីននេះ។ លោកប្រធានាធិបតី បានឯកភាពចំពោះការតែងតាំង ឯកអគ្គរាជទូត/អគ្គរដ្ឋទូតទៅវិញទៅមក។ ឯកឧត្តមប្រធានាធិបតី ហ្ស៊ូលឡិនស្ដី ក៏បានអញ្ជើញ សម្តេចតេជោនាយកដ្ឋមន្តី ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនតាមពេលសមស្រប។

ពាក់ព័ន្ធនឹងកិច្ចការអាស៊ាន លោក ប្រធានាធិបតី ហ្ស៊ូលឡិនស្គី បានកត់សម្គាល់ដោយការពេញ ចិត្តនិងបានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសេចក្ដីថ្លែងការណ៍ទាំងបីរបស់អាស៊ាន គាំទ្រ ដល់អ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាចំពោះសំណើអ៊ុយក្រែនសុំចូលជាភាគីនៃសន្ធិសញ្ញ មិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC) ឯកឧត្តមប្រធានាធិបតី បានស្នើសុំ ថ្លែងសន្ទកថាតាមប្រព័ន្ធវីដេអូក្នុងពេលកិច្ចប្រជុំអាស៊ាន និងបញ្ជាក់ពីបំណងរបស់អ៊ុយក្រែនក្នុងការ ចូលជាដៃគូរសន្ទនាតាមវិស័យរបស់អាស៊ាន (ASEAN Sectoral Dialogue Partner) ផងដែរ។

ជាការឆ្លើយតប សម្តេចតេជោនាយកដ្ឋមន្រ្តី បានជម្រាបជូនថា កម្ពុជានឹងបន្តធ្វើការងារជាមួយ ប្រទេសសមាជិកអាស៊ានផ្សេងទៀត ដើម្បីឆ្លើយតបនឹងបំណងរបស់អ៊ុយក្រែនក្នុងការចូលជាដៃគូ សន្ទនាតាមវិស័យរបស់អាស៊ាននេះ។

លោកប្រធានាធិបតី បានថ្លែងអំណរគុណ សម្តេចតេជោនាយកដ្ឋមន្ត្រី ចំពោះជំនួប ហើយក៏បាន សម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាប្រធានអាស៊ាន ក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីខែសីហាកន្លងទៅ និងបានជូនពរកម្ពុជាទទួលបានជោគជ័យដ៏ត្រចះត្រចង់បន្ថែមទៀត ក្នុងការរៀបចំកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាខែវិច្ឆិកា ឆ្នាំ២០២២ នេះ៕