ធ្លាយការពិតហើយ ! លោក ចិន សាធាន នាយករដ្ឋបាលខែត្រស្វាយរៀង និងលោក សោម សារឿន ជាអ្នករៀបផែនការលក់ដីសល់សំណល់ពីការបោះបង្គោលព្រំដែនគ្របលើដីពលរដ្ឋ នាំអោយមានវិវាទ

57

ស្វាយរៀង ៖ ក្រដាសមិនអាចខ្ចប់ភ្លើងជិតបានទេ ហើយដំរីងាប់ក៏មិនអាចយកចង្អេរមកបាំងបានដែរ ករណីមន្រ្តីគ្រាប់ល្ពៅស្ងោរលោក ជិន សាធាន នាយករដ្ឋបាលខែត្រស្វាយរៀង សង្ស័យក្បត់សម្តេចតេជោ ហ៊ុន សែន និងឈ្មួញលោភលន់នាំរឿងក្តៅក្រហាយអោយចៅហ្វាយគឺលោក សោម សារឿន ដែលបានរួមគ្នារៀបចំផែនការណ៍ គប់គិតរួមគំនិតក្បត់លួចលក់ដីសល់ពីការបោះបង្គោលព្រំដែនកម្ពុជា វៀតណាម ពេលនេះត្រូវបានដឹងការពិតហើយ ។ នេះបើយោងតាមចំលើយសារភាពពីរច្បាប់ផ្សេងគ្នារបស់លោក ហាស់ ផល្លារិទ្ធិ ដែលអង្គភាពយើងទទួលបាន ។

ទំហំដីរហូតដល់ ២៣៥ ០០០ ម៉ែត្រការ៉េ ស្ថិតនៅភូមិតាបីប សង្កាត់បាវិត ក្រុងបាវិត ខែត្រស្វាយរៀង គ្របលើដីលោក ពេញ សុផុន ជាង៤ហិកតា ត្រូវលក់បានសម្រេច ក្នុងតម្លៃដ៏សម្បើម ដោយស្នាដៃបន្លំ របស់ឈ្មោះ ហាស់ ផល្លារិទ្ធិ និង លោក ម៉ក់ ស៊ីថា ដែលមានអ្នកទិញគឺឧកញ៉ា លី ហុងស៊ីន ប្រធានតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ហើយឈ្មោះ ចិន សាធាន នាយករដ្ឋបាលខែត្រស្វាយរៀង និង ឈ្មោះ សោម សារឿន មេការរបស់ឧកញ៉ាធ្វើជាសាក្សី ដែលការលក់នេះគ្មានលិខិតបញ្ជាក់ការកាន់កាប់របស់ម្ចាស់ដើមអ្នកលក់ទេ គឺមានតែគំនូសបង្ហាញប្លង់ដី ០១សន្លឹក និងអត្ថញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់ឈ្មោះ ហាស់ ផល្លារិទ្ធិ មួយសន្លឹកតែប៉ុណ្ណោះ។ ចុះហេតុអ្វីបាននិតិវិធីរលូនម្លេះ រហូតដល់ការចេញប្លង់បានសម្រេច នាំអោយជនរងគ្រោះដង្ហោយរកយុត្តិធម៌គ្រប់វិនាទី។

លោក ពេញ សុផុន និងភរិយា

ទំនងចង់ស្រាលទោស ឬស្តាយកំហុសដឹងខ្លួនដូចខ្មោច៧ថ្ងៃ ឈ្មោះ ហាស់ ផល្លារិទ្ធិ បានសារភាពក្នុងលិខិតបែកធ្លាយពីរច្បាប់ផ្សេងគ្នាថា លុយដែលលក់ដីបាននោះត្រូវចែកអោយឈ្មោះ ជិន សាធាន ជានាយករដ្ឋបាលអង្គុយលើច្បាប់មួយចំនួន និងឈ្មោះ សោម សារឿន មួយចំនួនផងដែរ ហើយការលក់ដីនោះគឺជាការរៀបចំរបស់អ្នកទាំងពីរហ្នឹងហើយ លោកគ្រាន់តែបានចេញលិខិតបញ្ជាក់ និងឈរឈ្មោះលក់តែប៉ុណ្ណោះ។

ចំលើយច្បាស់ក្រឡែកទំនងដូចដំរីងាប់កណ្តាលវាលនេះ មហាជនរងចាំមើលថា លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង មានវិធានការបែបណាចំពោះនាយករដ្ឋបាលរូបនេះ ឬមួយចាំទាល់តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាប្រតិកម្មទើបមានចំណាត់ការ? បើយ៉ាងដូចនេះមែន មានតែមហាជនដែលកំពុងតាមដានរឿងនេះជួយដាស់មន្រ្តីកន្ទេលធំបន្លំដេកទាំងនេះផង។

បើតាមលិខិតលេខ ២៧១៧ ដនស /អគ្គាធិ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២២ ជំរាបជូន លោក ពេញសុផុន និងប្រពន្ធឈ្មោះ ញឹម ផលឡៃ មានទីលំនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានឱ្យដឹងថា ឈ្មោះ ពេញ សុផុន មានប្រវត្តិកាន់កាប់ និងអាស្រ័យផលលើដីស្រែចំនួន ០២ ទីតាំង ក្នុងនោះមួយ ទីតាំងបានលក់ឱ្យទៅអ្នកដទៃរួចហើយ និងដីមួយទីតាំងទៀតទំហំ ៤,០៣ ហិកតា ស្ថិតនៅភូមិតាបិប ឃុំបាវិត ស្រុកចន្ទ្រា បច្ចុប្បន្នស្ថិតភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងបានដាក់ពាក្យស្នើសុំកាន់កាប់ ដីលេខ ១០/០៤ ចុះថ្ងៃទី ០៣ ខែមកវា ឆ្នាំ ២០០៤ និងមានបង្កាន់ដៃទទួលពាក្យលេខ ០២០៩/០៤ ចុះថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០០៤ ចេញដោយការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកចន្ទ្រា និងគំនូសបង្ហាញទីតាំងដីចុះថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០១៣ របស់ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុងបាវិត។

ចំណែកឈ្មោះ ហាស់ ផល្លារិទ្ធិ និងឈ្មោះ ម៉ក់ ស៊ីថា មិនមានប្រវត្តិកាន់កាប់ដីនៅ តំបន់នោះទេ ប៉ុន្តែបានលក់ដីនៅតំបន់នេះទំហំ ២៣,៥ ហិកតាឱ្យទៅឈ្មោះ លី ហុងស៊ីន នៅឆ្នាំ ២០១៥ ដែល ដីនេះ មួយផ្នែកធំជាសំណល់ដីព្រំដែន និងមួយផ្នែកទៀតគ្របលើដីរបស់ឈ្មោះ ពេញ សុផុន ខាងលើ៕

លិខិតលេខ ១៧១៧ ដនស/អគ្គាធិ

លិខិតលេខ ១៧១៧ ដនស/អគ្គាធិ