ចិនមួយក្រុម ជិះឡានទំនើបមកបាញ់រះនៅអគារខុនដូ The SKY Line រួចបានបាចរូបថតរាយប៉ាយពេញផ្លូវ មានខ្លឹមសារ ថា «ប្រយ័ត្ននៅតាមផ្លូវ»

12

ភ្នំពេញ៖ជនជាតិចិនមួយក្រុម ជិះឡានទំនើប២គ្រឿង បានមកធ្វើសកម្មភាពបាញ់រះ ប្រមាណជាង១០គ្រាប់ បណ្ដាលឲ្យបែកកញ្ចក់អគារខុនដូមួយកន្លែងមានយីហោ The SKY Line ដែលបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅអន្តរាគមន៍ភ្លាមៗ ។

ការបាញ់រះរបស់ជនជាតិចិននៅពេលនេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវលេខ១៣៤ ចំណុចអគារខុនដូ The SKY Line ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។

 

យោងតាមប្រភពព័ត៌មានពីអ្នករត់តាក់ស៊ីនៅជុំវិញទីតាំងកើតហេតុ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើប២គ្រឿង មិនចាំស្លាកលេខនោះទេ ខណៈធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏ធ្វើសកម្មភាពបាញ់រះបណ្តាលឲ្យបែកកញ្ចក់ក្លោងទ្វារនៃអគារខុនដូ The SKY Line ព្រមទាំងខូចខាតទ្រព្យសម្បត្តិមួយចំនួនផងដែរ ។

បន្ទាប់ពីធ្វើសកម្មភាព បាញ់រះរួច ក្រុមខ្មាន់កាំភ្លើង បានបាចរូបថតជាច្រើនសន្លឹកពេញផ្លូវ សរសេរជាភាសាខ្មែរ វៀតណាម និង ចិន ដែលមានខ្លឹមសារថា «ប្រយ័ត្ននៅតាមផ្លូវ» ។

ទោះបីយ៉ាងណានៅពេលនេះសមត្ថកិច្ចពាក់ព័ន្ធកំពុងតែធ្វើការប្រមូលភស្តុតាងនិងស្រាវជ្រាវដើម្បីស្វែងរកក្រុមជនល្មើស ផ្តន្ទាទោសទៅតាមច្បាប់ ខណៈមូលហេតុនៃការបាញ់រះនេះ នៅមិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់នៅឡើយទេ ៕