សម្តេចតេជោអំពាវនាវដល់ពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ឬប្តូរទីលំនៅអញ្ជើញទៅចុះឈ្មោះបោះឆ្នោត

8

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ឬបានប្តូរទីលំនៅអាចអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ចាប់ ថ្ងៃទី២០ខែតុលាឆ្នាំ២០២២រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២២ នៅតាមបណ្តាឃុំសង្កាត់ដែលនៅជិតបំផុត។

ក្នុងពិធីអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ វិញនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៏បញ្ជាក់ទៀតថាគណបក្សនយោបាយទាំងអស់ក៏មានកាតព្វកិច្ចអំពាវនាវដល់អ្នកគាំទ្រខ្លួនឲ្យពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតនេះផងដែរ ព្រោះបើប្រជាពលរដ្ឋមិនមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតទេ គឺមិនអាចបោះឆ្នោតបាននោះទេ ។

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត

 

សម្តេចតេជោថ្លែងបន្តថា កម្ពុជា មានភាពទៀងទាត់ពីដំណើរការប្រជាធិបតេយ្យ ព្រោះ តាមរដ្ឋធម្មនុញ្ញ បានបញ្ជាក់ហើយ រដ្ឋសភាជាតិ មិនអាចរំលាយមុនអាណត្តិបានទេ ហើយការបោះឆ្នោតនៅកម្ពុជាតែងដំណើរការជាទៀងទៀត។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះ និងចុះបញ្ជីឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់ទូទាំងប្រទេស ចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ដែលមានរយៈពេល ៥០ថ្ងៃ ។ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នេះ គឺសម្រាប់ អ្នកមានអាយុ ១៨ឆ្នាំឡើង អ្្នកផ្លាស់ប្តូរទីលំនៅ និងអ្នកដែលមិនធ្លាប់បានចុះពីមុនមក។

ដោយឡែក អ្នកដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ឆ្នាំ ២០២១ ក៏អាចទៅផ្ទៀងផ្ទាត់ និងកែតម្រូវនៅក្នុងអំឡុងពេលនេះផងដែរ។

ការចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតនៅឆ្នាំ២០២២នេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីទទួលបានសិទ្ធិចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២៣ ខែកក្កដា នៅឆ្នាំ២០២៣។

(រូបភាព) គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
(រូបភាព) គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

(រូបភាព) គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត