កម្ពុជាស្វាគមន៍ ឯកឧត្តម ប្រធានាធិបតីទីម័រឡេស្តេ ក្នុងដំណើរអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

18

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២២នេះ ឯកឧត្តម បណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រឡេស្តេ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញមកដល់រាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

 

ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តម បណ្ឌិត Jose Ramos-Horta នឹងចូលក្រាបបង្គំគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅព្រះបរមរាជវាំង។ ឯកឧត្តម ប្រធានាធិបតី ក៏នឹងមានជំនួបដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

 

សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានាធិបតីទីម័រខាងកើត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខា លើឯកសារទ្វេភាគីដ៏មានសារសំខាន់ចំនួនពីរ រួមមាន៖ កិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ និងអនុស្សរណៈនៃការយោគយល់ ស្តីពីពាណិជ្ជកម្មស្រូវរវាងប្រទេសទាំងពីរ។

ឯកឧត្តម បណ្ឌិត Jose Ramos-Horta នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងកន្រ្តកផ្កានៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម បណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា មកកាន់កម្ពុជា នឹងបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅ
វិញទៅមកនៃប្រទេសទាំងពីរ៕