គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុសម្រេចផ្តល់ការយោគយល់ និងអនុគ្រោះដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ តាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន

72

ភ្នំពេញ៖ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងផ្តល់ការយោគយល់ និងអនុគ្រោះចំពោះអតិថិជនដែលរងផលប៉ះ ពាល់ជាក់ស្ដែងដោយសារទឹកជំនន់ធ្ងន់ធ្ងរ តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានធ្វើ ឡើងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។

សេចក្ដីថ្លែងការណ៍រួមសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាចេញផ្សាយនៅថ្ងៃទី ១៩ ខែតុលានេះបញ្ជាក់ថា ការផ្តល់ជូននេះនឹងត្រូវធ្វើឡើងស្របតាមស្មារតីអង្គប្រជុំ រវាងសមាគមទាំងពីរ ជាមួយធនាគារជាតិនៃកម្ពុជា និងយោងតាមសេចក្ដីជូនដំណឹងរបស់ធនាគារ ជាតិនៃកម្ពុជា លេខ ធ៧ ០២២.៨១៨ ស.ជ.ណ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍នេះបន្តថា ក្នុងស្មារតីនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមទាំងពីរ នឹងផ្តល់កិច្ចសហការល្អក្នុងក្របខណ្ឌកិច្ចការពារអតិថិជន និងបន្តការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញ តាមលក្ខខណ្ឌដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា។

បើតាមសេចក្តីថ្លែងការណ៍ដដដែលនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជា សមាជិកសមាគមទាំងពីរនឹងពិនិត្យលទ្ធភាពផងដែរ ក្នុងការបន្ធូរបន្ថយអត្រាការប្រាក់ និងកម្រៃ ផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែងការផាកពិន័យ និងចៀសវាងការរឹបអូសទ្រព្យធានា របស់អតិថិជនប្រកបដោយការយោគយល់និងអធ្យាស្រ័យខ្ពស់ ស្របតាមស្ថានភាពជាក់ស្តែងរបស់ អតិថិជន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦ពាន់ នាក់ កាលពីថ្ងៃ ទី១៧ ខែតុលា ឆ្នាំ២០២២ បានអំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវបន្ធូរបន្ថយអត្រាការ ពន្យាពេលសង និងរៀបចំឯកសារផ្តល់ឥណទាន ឡើងវិញ ដើម្បីផ្តល់ការអនុគ្រោះយោគយល់ដល់ប្រជាពលរដ្ឋដែលបានដាក់កម្ចីពីធនាគារ ឬពីមីក្រូហិរញ្ញវត្ថុ ក្នុងស្ថានភាពប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់។

បើតាមសម្តេចតេជោ នៅក្នុងស្ថានភាពដែលប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ច្បាស់ជាមិនមានលទ្ធភាពសងត្រឡប់ទៅធនាគារ ឬមីក្រូហិរញ្ញវត្ថុវិញនោះទេ ដូច្នេះ មីក្រូហិញ្ញវត្ថុទាំងអស់កុំឆ្លៀតយកឱកាសស្ថានភាពនេះ ទៅរិបអូសយកទ្រព្យសម្បត្តិរបស់ពួកគាត់ ឬបង្ខំឱ្យសងភ្លាមៗនោះទេ ៕