កម្លាំងនគរបាលខេត្ដស្វាយរៀង បង្ក្រាបពលរដ្ឋវៀតណាមចំនួន ៧នាក់ ឆ្លងដែននេសាទត្រី ក្នុងទឹកដីកម្ពុជាដោយខុសច្បាប់

86

ស្វាយរៀង៖ កម្លាំងនគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២២ បាន បង្ក្រាបពលរដ្ឋចំនួន ៧ នាក់ ដែលឆ្លងចូលមកនេសាទត្រីក្នុងទឹកដីកម្ពុជា ដោយខុសច្បាប់ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាការពារ នៅភូមិពោធិតារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ នេះបើរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

របាយការណ៍ចេញផ្សាយនៅថ្ងៃទី ២៩ ខែតុលា បានឱ្យដឹងថា នៅថ្ងៃទី១៨.១០.២០២២ វេលាម៉ោង១៣និង៣០នាទី ប៉ុស្តិ៍នគបាលរដ្ឋបាលបាសាក់បានទទួលព័ត៌មានថាមានប្រជាពលរដ្ឋវៀតណាមលួចឆ្លងដែនមកនេសាទត្រី(ដាក់មង)នៅទឹកព្រែក ស្ថិតនៅភូមិពោធិតារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ពីព្រំដែនកម្ពុជា-វៀតណាមមកដល់ទីតាំងចំងាយប្រហែល ៨,០០០ម៉ែត្រ ភ្លាម ។

លោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរ: ស្នងការនគរបាលបាលខេត្តស្វាយរៀងបានចាត់កម្លាំងជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ស្រែបារាំង និងកម្លាំងប្រជាការពារ ចេញប្រតិបត្តិការបង្ក្រាបករណីប្រជាពលរដ្ឋវៀតណាម ឆ្លងដែនដោយខុសច្បាប់ចូលមកនេសាទ ក្នុងទឹកដីកម្ពុជា បាន ចំនួន ០៧នាក់ ស្រី ០៣នាក់ និង បានដកហូតវត្ថុតាងរួមមាន ទូកម៉ាសុីន ចំនួន ០៤ គ្រឿង ( ទូកជ័រចំនួន៣ គ្រឿង ទូកឈើចំនួន១ គ្រឿង ) និង ឧបករណ៍នេសាទ(មង)ចំនួន៤២ដៃ ។

របាយការណ៍ដដែលបន្តថា បច្ចុប្បន្ន វត្ថុតាងត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ រីឯជនជាតិវៀតណាមទាំង០៧នាក់ បានធ្វើកិច្ចសន្យាអប់រំ និងប្រគល់ជូនមន្ត្រីជលផលខេត្ត ផាកពិន័យតាមច្បាប់ ។ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានថ្លែងអំណរគុណ ចំពោះបងប្អូន ប្រជាពលរដ្ឋ ដែលតែងតែជួយសហការល្អតាមរយៈការផ្តល់ព័ត៌មានមកអោយសមត្ថកិច្ច ធ្វើឲ្យប្រតិបត្តិការបង្ក្រាបបទល្មើសនានា ទទួលបានជោគជ័យ និងមានប្រសិទ្ធិភាពខ្ពស់៕