នាយករដ្ឋបាលស្រុកបូទុមសាគរអះអាងថា ការចាក់ដីរំលោភចូលមាត់ព្រែករបស់ឪពុកក្មេកខ្លួនមានច្បាប់ត្រឹមត្រូវ និង ព្រមានប្រើវិធានការណ៍ច្បាប់ចំពោះអ្នកសារព័ត៌មាន

39

ខែត្រកោះកុង ៖ ក្រោយមានការបែកធ្លាយ និងចុះព័ត៌មានអំពីការចាក់ដីរំលោភចូលមាត់ព្រែក និងកាប់បំផ្លាញដើមកោងកាងអស់ជាច្រើន នៅតាមមាត់ព្រែកអណ្តូងទឹក ស្ថិតក្នុងស្រុកបូទុមសាគរ ខែត្រកោះកុងរួចមក លោក ខេង គង់ នាយករដ្ឋបាលស្រុកបូទុមសាគរប្រតិកម្មជំនួសឪក្មេក និងអះអាងតាមបណ្តាញសង្គមថា ដីដែលបានចាក់នោះមានអនុក្រិត្យកាត់ឆ្វៀល និងមានច្បាប់អនុញ្ញាតចាក់ដីត្រឹមត្រូវ និង ព្រមានប្រើវិធានការណ៍ច្បាប់ចំពោះអ្នកសារព័ត៌មាន ។

ទោះជាយ៉ាងនេះក្តី លោក មិនបានបង្ហាញឯកសារឱ្យបានច្បាស់ទេថា តើមន្រ្តីរូបណាហ៊ានយកជ័រភ្នៅត្បៀតក្លៀក ប្រឆាំងអនុក្រិតលេខ ៩៨ អ.ន.ក្រ.ប.ក ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៥ ជាចំហរបែបនេះ។

បើតាមអនុក្រិតលេខ ៩៨ នេះ ត្រូវបានធ្វើឡើង មានគោលបំណងគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍អាង ទន្លេឲ្យមានប្រសិទ្ធភាព និងនិរន្តរភាពដោយអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចំណែកព្រែកអណ្តូងទឹក មានលេខកូដសំគាល់លេខ៤ មានទំហំ ២៤៦០ គីឡូម៉ែត្រការ៉េ ក៏បានចារនៅក្នុងនោះដែរពិសេសត្រង់មាត្រា ៨ បញ្ជាក់ថាដីចំណីមាត់ច្រាំង និងឆ្នេរ នៃតំបន់អាងទន្លេត្រូវកំណត់ចំងាយ ២០ម៉ែត្រគិតពីមាត់ច្រាំងព្រែក។
ចុះបើតាមការអះអាងរបស់លោកនាយករដ្ឋបាលចេះច្បាប់រូបនេះ តើមន្រ្តីរូបណាចេញលិខិតអោយឪក្មេករបស់លោកចាក់ដី?
ពាក់ព័ន្ធនឹងបញ្ហានេះផងដែរ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងធ្លាប់បានប្រកាសរកមុខអ្នកចាក់ដីចូលចូលសមុទ្រ រំលោភមាត់ព្រែក និងតំបន់ប្រើប្រាស់ប្រកបដោយចីរភាព ថែមទាំងបានពន្យល់ប្រាប់អ្នកសារព័ត៌មានច្បាស់ៗថា « មន្ត្រីជំនាញពាក់ព័ន្ធចុះស្រាវជ្រាវរកអ្នកដែលចាក់ដីចូលចំណីព្រែកសាធារណ:របស់រដ្ឋ និងធ្វើរបាយកាណ៍ឱ្យបានច្បាស់លាស់មុននឹងឈានដល់ការសម្រេចជាផ្លូវការណាមួយ។

លោកថ្លែងថា កន្លងមកមានការស្នើសុំកាត់ឆ្វៀល ប៉ុន្តែការស្នើសុំនេះត្រូវផ្អែកលើនីតិវិធីថាតើដីប្រភេទណាជា ដីរក្សាទុក និងដីប្រភេទណាត្រូវកាត់ឆ្វៀលជូនពលរដ្ឋ។ «ឥឡូវនេះយើងកំពុងតែឱ្យមន្ត្រីជំនាញសិក្សាផែនទី១ច្បាស់លាស់ថា តើវាចូលចំណីព្រែកប៉ុន្មានម៉ែត្រ និងវាប៉ះព្រៃកោងកាងប៉ុន្មានម៉ែត្រ និងធ្វើរបាយការណ៍ ឬកសាងនីតិវិធីច្បាស់លាស់។ យើងត្រូវតែមានឯកសារមួយច្បាស់លាស់ វាមិនដូចការចុះផ្សាយតាមហ្វេសប៊ុកនោះទេ»។
បើតាមលោក សុខ សុទ្ធីដដែលនៅពេលដែលទទួលរបាយការណ៍ជាក់លាក់រួចហើយ រដ្ឋបាលខែត្រ នឹងបើកកិច្ចប្រជុំពិនិត្យជាក់ស្តែងដើម្បីឱ្យដឹងថា អ្នកដែលចាក់ដីនេះមកពីណា មានទោសទណ្ឌកម្រិតណា ប៉ុន្តែពួកគាត់មានទោសរួចទៅហើយ គឺចាក់ដីមិនបានស្នើ សុំច្បាប់។ នេះបើយោងតាមសម្រង់ខ្លឹមសារចំពោះករណីស្រដៀងគ្នានេះដែលបានកើតឡើងកាលពីអំឡុងឆ្នាំ ២០២១។

 

យោងថាប្រភពទំនងអាចយកជាការបានរបស់លោក ខេង គង់ នាយករដ្ឋបាលស្រុកបូទុមសាគរ បានបោះពុម្ពផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកក្នុងន័យការពារកិត្តិយសរបស់ខ្លួន និងរុញការទទួលខុសត្រូវ លើឪពុកក្មេកខ្លួនមានន័យជាសង្ខេបថា ៖ ដីដែលចាក់បំពេញនោះជាដីរបស់ឪពុកក្មេកលោក ហើយគាត់បានកាន់កាប់តាំងពីឆ្នាំ២០០០មកម្ល៉េះ ដោយបានកាត់ឆ្វៀលដីចេញពីអនុក្រឹត្យលេខ៤៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។

គាត់បានស្នើសុំច្បាប់ចាក់ដីត្រឹមត្រូវតាមច្បាប់កំណត់ ពីព្រោះគាត់ក៏ជាប្រជាពលរដ្ឋដូចគេឯងទូទៅដែរ ក្នុងករណីនេះគាត់បានបំពេញកាតព្វកិច្ចរួចរាល់ ក្នុងការសុំច្បាប់ហើយដែរ រូបលោកមិនមានលទ្ធភាព ឬសមត្ថភាពក្នុងការកាងនោះទេ ទោះលោកជានាយករដ្ឋបាលក៏ដោយ ហើយសូមកុំព្យាយាមទាញខ្លួនអោយពាក់ព័ន្ធ និងស្នើរសុំអោយសារព័ត៌មានកែរតម្រូវតាមការគួរបើមិនមានមូលដ្ឋានច្បាស់រូបលោកនិងការពារកិត្តិយសរបស់ខ្លួនតាមច្បាប់កំណត់ជាធរមាន។

ប្រជាពលរដ្ឋដែលមានដីនៅក្បែរតំបន់នោះ ឃ្លាតឆ្ងាយពីដងព្រែកអណ្តូងទឹកនេះបាននិយាយជាចំហរ មិនចំឈ្មោះថា និតិវិធីកាត់ឆ្វៀលកន្លងមកមិនសមទំនងទេ តែវាសម្រេចរួចទៅហើយ ដីពួកគាត់ឆ្ងាយពីមាត់ព្រែករាប់ពាន់ម៉ែត្រ គេមិនកាត់អោយទេព្រោះអត់ខ្សែ តែសំរាប់អស់លោកមានខ្សែ មានពួរ មានលុយវិញ សូម្បីបង្គោលព្រំ តំបន់ព្រៃការពារ តំបន់ការពារធម្មជាតិ ក៏ដាច់ជើងចេះដើររាប់រយមែនដែរ បើនិយាយពីដើមស្មាច់ក្នុងរង្វង់ដែនព្រែការពារវិញកាប់រាបដួលដល់ដីរាបសិបហិចតាក៏មិនដែលឃើញវត្តមានរបស់អាជ្ញាធរអើពើរដែរ។

បុរសសំដីមុត និយាយមួយៗបែបអ្នកចេះដឹងរូបដដែលនេះបានបន្តថា គាត់រស់នៅតំបន់នេះរាប់សិបឆ្នាំហើយ មិនដែលឃើញមានចំការ ឬដំនាំអ្វីដល់មាត់ព្រែកដូចនេះទេ តំបន់នេះសុទ្ធតែដើមកោងកាង តំបន់លិចទឹក ប្រជាពលរដ្ឋ អ្នកនេសាទ ដើរចាក់បង្គារ រងខ្យង រកក្តាម ដោយសារតំបន់នេះទឹកលិចគឺសំបូរណាស់។

សូមបញ្ជាក់ជូនផងដែរថា គិតដល់ម៉ោងនេះអង្គភាពសារព័ត៌មានយើង នៅមិនទាន់មានសេចក្តីស្នើរសុំបំភ្លឺណាមួយពីភារគីពាក់ព័ន្ធនៅឡើយទេ នេះបើនិយាយជារួម តែបើនិយាយដាច់ដោយឡែកវិញដើម្បីសងភាពស្អាតស្អំជូនលោក ខេង គង់ នាយករដ្ឋបាលចេះច្បាប់ប្រចាំស្រុកបូទុមសាគរ អង្គភាពយើងនិងរៀបចំលិខិតជាលាយលក្ខ័អក្សរដាក់ជូនរដ្ឋបាលស្រុក ឬខែត្រដើម្បីទទួលបានព័ត៌មានផ្លូវការផ្សាយជូនមហាជននិងថ្នាក់ដឹកនាំជូនជ្រាប ព្រោះគិតមកដល់វេលានេះអង្គភាពសារព័ត៌មាន ខ្មែរខូវឺធីវី យើងខ្ញុំមានអាយុរកាល ៣ឆ្នាំមកហើយ៕