មន្ត្រីចរាចរណ៍ដែលប្រើប្រាស់ពាក្យសម្តី និងកាយវិការមិនសមរម្យត្រូវបាន ដាក់វិន័យកងកម្លាំង និងដកយកមកបញ្ឈរជើង៣ ខែ

63

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅមន្ត្រីចរាចរណ៍ម្នាក់ដែលប្រើប្រាស់ពាក្យសម្តី និងកាយវិការមិនសមរម្យ ជាមួយពលរដ្ឋដែលបើកបរល្មើសច្បាប់ ដោយបានធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា ដាក់វិន័យកងកម្លាំង និងដកយកមកបញ្ឈរជើងរយៈពេល ៣ ខែ។

យោងតាមការផ្សព្វផ្សាយរបស់ស្នងការនគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ១៥ ខែតុលា បាន ឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបានឃើញឃ្លឹបវីដេអូផ្សព្វផ្សាយនៅលើបណ្តាញសង្គមទាក់ទងទៅនឹងមន្ត្រីនគរបាលចរាចរណ៍មួយរូបឈ្មោះ ពុត ធារី បានប្រើប្រាស់ពាក្យពេចន៍ និងកាយវិការមិនសមរម្យទៅលើប្រជាពលរដ្ឋដែលបើកបរល្មើសច្បាប់ចរាចរណ៍ នៅគោលដៅផ្លូវជាតិលេខ៥ ការិយាល័យបុគ្គលិក នៃផែនការងារធនធានមនុស្ស បានធ្វើការកោះហៅឲ្យមន្ត្រីរូបនោះចូលខ្លួនដើម្បីសួរនាំ និងអនុវត្តវិន័យកងកម្លាំង ដោយធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដកមកបញ្ឈរជើងរយៈពេល០៣ខែ ហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្គលិកជារៀលរាល់ថ្ងៃម៉ោងធ្វើការ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានផ្តល់ជាព័ត៌មាន ក៏ដូចជារូបភាពទាក់ទងបញ្ហាទាំងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រីករាយនឹងទទួលនូវការរិះគន់ក្នុងន័យស្ថាបនា។

មួយរយៈចុងក្រោយនេះ ត្រូវបានគេមើលថា ប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរហាក់មិនសូវសប្បាយចិត្តជាមួយនឹងមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តផ្ទុយទៅនឹងច្បាប់ និង ក្រមសីលធម៌វិជ្ជាជីវៈ ហើយបានថតបង្ហោះនៅលលើបណ្តាញសង្គម ដើម្បីស្នើសុំឱ្យមានអន្តរាគមន៍ និងដោះស្រាយ ដើម្បលើកមុខមាត់ និងកិត្តិយសរបស់កម្លាំងនៃប្រជាណាចក្រកម្ពុជា ៕