ចាងហ្វាងផលិតកម្ម LD មើលឃើញពីការដួលរលំសាជាថ្មីវិស័យភាពយន្តជាតិចាក់បញ្ចាំងតាមរោងកុន បើ ក្រសួងមិនចេញវិធានការទប់ស្កាត់ទាន់ពេលវេលា

61

ភ្នំពេញ៖ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញថា វិស័យភាពយន្តក្នុងស្រុកមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ខណៈភាពយន្តបរទេសដែលបកប្រែជាភាសាខ្មែរ ក៏កំពុងវាយលុកខ្លាំងចូលទីផ្សារក្នុងប្រទេសគួរឲ្យកត់សម្គាល់ ផងដែរ ។

វិស័យភាពយន្តខ្មែរ ទោះបីមិនមានការរីកចម្រើនខ្លាំងក្លានិងមិនមានការគាំទ្រច្រើនពីប្រជាពលរដ្ឋយ៉ាងណាក៏ដោយ ប៉ុន្តែវាជាទីមោទនភាពមួយចំពោះអ្នកដឹកនាំរឿងនិងសិល្បករ-សិល្បការិនី ដែលខិតខំផលិតភាពយន្តនិងសម្ដែង អស់ពីលទ្ធភាពដើម្បីរក្សាបាននូវអត្តសញ្ញាណជាតិខ្មែររបស់ខ្លួន ។

ទន្ទឹមនេះផងដែរ ភាពយន្តបរទេសចម្រុះជាតិសាសន៍ បានហូរចូលមកប្រទេសកម្ពុជា ខណៈមានការបកប្រែជាភាសាខ្មែរ ចាក់បញ្ចាំងយ៉ាងទូលំទូលាយតាមរោងភាពយន្ត ក៏ដូចជាបណ្ដាញសង្គមផ្សេងៗ ។

ក្នុងស្មារតីដើម្បីរក្សាបាននូវវិស័យភាពយន្តជាតិ ដែលកំពុងចាក់បញ្ចាំងតាមរោងកុននោះ លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD បានមើលឃើញពីការដួលរលំសាជាថ្មី នៃវិស័យភាពយន្តជាតិ ដែលកំពុងចាក់បញ្ចាំងតាមរោងកុន បើក្រសួង វប្បធម៌និងវិចិត្រសិល្បៈ មិនចេញវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលាចំពោះការបកប្រែភាពយន្តបរទេសនោះទេ ។

 

យោងតាមគណនីហ្វេសប៊ុក របស់លោក លៀក លីដា ដែលជាចាងហ្វាងផលិតកម្ម LD បានសម្ដែងក្ដីព្រួយបារម្ភ ក្នុងស្មារតី រក្សាឲ្យបាននូវវិស័យភាពយន្តជាតិ របស់ខ្មែរ ដោយលោកបានសរសេរក្នុងសារតាមបណ្ដាញសង្គមហ្វេសប៊ុក ដូចខាងក្រោមនេះ ៖

ក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ បើក្រសួងមិនចេញវិធានការទប់ស្កាត់ការបកប្រែនិងកាត់បន្ថយចំនួនបរទេសទេ នោះ វិស័យភាពយន្តជាតិ (រឿងចាក់តាមរោងកុន) នឹងអាចដួលសាជាថ្មី ។ នេះបើយោងតាមបទពិសោធរបស់ខ្ញុំដែលជួបបញ្ហានិងដោះស្រាយបញ្ហាលើវិស័យនេះជាង១០ឆ្នាំ ។ វាគ្មានប្រទេសណាដែលមានរឿងបរទេសយកជាង៩០% នៃ Market Share ឯ រឿងជាតិមានមិនដល់១០% នៃ Market Share ផងនោះ , សូមគិតមើលទៅ

នេះគ្រាន់តែជាក្ដីកង្វល់មួយរបស់លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD ក្នុងនាមជាម្ចាស់ផលិតកម្មដែលផលិតភាពយន្តខ្មែរមានបទពិសោធជាច្រើនឆ្នាំមកហើយ ហើយសង្ឃឹមថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងយកក្ដីបារម្ភរបស់លោក លៀក លីដា ទៅពិចារណា ផងដែរ ដើម្បីរក្សាបាននូវភាពយន្តខ្មែររបស់ជាតិយើង ៕