ឯកឧត្តមឃួងស្រេង បង្កើតក្រុមការងារត្រួតពិនិត្យទីតាំងអាជីវកម្ម ទទួលបញ្ចាំ ក្នុងភូមិសាស្ដ្រ រាជធានីភ្នំពេញ

49

ភ្នំពេញ៖ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្ដីសម្រេច ដើម្បីបង្កើតក្រុមការងារត្រួតពិនិត្យទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាទិភោគដោយអនុប្បទាន ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

សេចក្តីសម្រេចនេះ ធ្វើឡើងក្រោយពេល ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីត្រួតពិនិត្យ និងដាក់វិធានការបន្ត ឈានដល់ការលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់នៅរាជធានីភ្នំពេញ។

ក្រុមការងារត្រួតពិនិត្យនេះរួមមាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណនៃគណៈអភិបាលរាជធានីភ្នំពេញ ជាប្រធាន ឯកឧត្តម ឃ្លាំង ហួត អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជាអនុប្រធាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាល រាជធានីភ្នំពេញ ជាអនុប្រធានអចិន្រ្តៃយ៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ាង
មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាអនុប្រធាន និងសមាជិកជាច្រើនរូបផ្សេងទៀត ក្នុងនោះមានទាំងអភិបាលខណ្ឌទាំង១៤ និងប្រធានពន្ធដាខណ្ឌទាំង៩ផងដែរ។

ឯកឧត្តម ឃ្លាំង ហួត អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជាអនុប្រធានក្រុមការងារនេះ បានសរសេរនៅលើបណ្តាញសង្គមហ្វេសបុកផ្ទាល់ខ្លួនថា បញ្ហាកុងស៊ីបញ្ចាំខុសច្បាប់ជាប្រភពនាំឱ្យមានបទល្មើស និងប៉ះពាល់ដល់ជីវភាពប្រជាជនមានចំណូលទាប ។ បេសកកម្មបង្រ្កាបល្បែងស៊ីសងខុសច្បាប់ កុងស៊ីបញ្ចាំខុសច្បាប់ ជាភារកិច្ចអាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធត្រូវអនុវត្តដោយការទទួលខុសត្រូវខ្ពស់ ។

ឯកឧត្តម បន្តថា ការមិនចូលរួមមិនអើពើរបស់មន្ត្រី កងកម្លាំងមានសមត្ថកិច្ចដែលពាក់ព័ន្ធគឺ ស្មើនឹងមើលងាយបទបញ្ជាថ្នាក់ដឹកនាំ មើលងាយប្រជាជនស្លូតត្រង់ ។ទីតាំងឃ្លាំងរំសេវ និងទីតាំងដទៃទៀតត្រូវតែបំបាត់ការទទួលបញ្ចាំរបស់ចោរ របស់គ្មានឯកសារគ្រប់គ្រាន់ ។

បើតាម ឯកឧត្តម ឃ្លាំង ហួត កុងស៊ីទទួលបញ្ចាំដែលត្រូវមានវិធានការដាក់ទោសតាមច្បាប់ គឺមានទទួលបញ្ចាំរបស់ចោរ ទទួលបញ្ចាំរបស់គ្មានឯកសារ ទទួលបញ្ចាំយកការប្រាក់ខ្ពស់ខុសច្បាប់ ទទួលបញ្ចាំមិនបង់ពន្ធដារជូនរដ្ឋ។

ឯកឧត្តមបានអំពាវនាវដល់ ប្រជាជនរាជធានីភ្នំពេញត្រូវចូលរួមសហការជាពលរដ្ឋល្អក្នុងយុទ្ធនាការបោសសម្អាតកុងស៊ី បញ្ចាំខុសច្បាប់ ដើម្បីលុបបំបាត់អំពើចោរកម្មនានា លុបបំបាត់ល្បែងស៊ី សងខុសច្បាប់ ការចែកចាយ ប្រើប្រាស់គ្រឿងញៀន ទូទាំងរាជធានីរបស់យើង៕