ក្រុមហ៊ុនទូរស័ព្ទចល័តធំៗចំនួនបីត្រូវបានក្រសួងប្រៃសនីណ៍ផាកពិន័យចាប់ពី១០លានទៅ៤០លានដុល្លារ :( មានវីដេអូ)

108


ភ្នំពេញៈ អាថ៌កំបាំងនៃអំពើទុច្ចរិតត្រូវបានលាតព្រោះរឿងនេះបានដឹងដល់ «ព្រះឥន្ទ្រ» គឺក្រុមហ៊ុនទូរស័ព្ទចល័ត យ៉ាងតិចធំៗចំនួនបីត្រូវបាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ផាកពិន័យក្នុងក្រុមហ៊ុននីមួយៗចាប់ពី១០លានទៅ៤០លានដុល្លារ បន្ទាប់ពីមានក្រុមបច្ចេករបស់ក្រសួងចុះធ្វើអធិការកិច្ចគ្រប់ខែត្រក្រុងរកឃើញថា ពួកគេលាក់ ទីតាំងបង្គោលអង់តែន លាក់ចំនួនម៉ៃក្រូវ៉េវ និងលាក់ប្រាក់ចំណូល ដើម្បីគេចវេះពីការបង់ពន្ធចូលថវិកាជាតិ។

នៅប្រទេសកម្ពុជាមាន ក្រុមហ៊ុនទូរស័ព្ទចល័ត ចំនួន៥។ ក៍ប៉ុន្តែក្នុងនោះ ក្រុមហ៊ុនទូរស័ព្ទចំនួនបីដែលមានឈ្មោះបោះសំឡេងល្បីល្បាញជាងគេ រីឯក្រុមហ៊ុនពីរទៀតគេពុំសូវស្គាល់ឡើយ។ ក្រុមហ៊ុនទូរស័ព្ទចល័តធំជាងគេអស់គឺ «ម៉ិតហ្វូន»(Metfone) របស់វៀតណាម។ ក្រុមហ៊ុនស្មាត របស់ម៉ាឡេស៊ី ដែលមានភាគហ៊ុនជប៉ុន និងក្រុមហ៊ុនសែលកាត របស់លោកឧកញ៉ា គិត ម៉េង ដែលមានភាគហ៊ុនបរទេសផងដែរ។

ជាកិច្ចឆ្លើយតបការរិះគន់ពីសំណាក់អ្នកប្រើប្រាស់ ប្រព័ន្ធទូរស័ព្ទចល័ត នៅកម្ពុជាដែលបម្រើសេវាមិនល្អនោះត្រូវបានលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ធ្វើការដោះស្រាយបញ្ហាគុណភាព នៃសេវាទូរស័ព្ទចល័ត និងសេវាអ៊ិនធ័រណិត ដោយបានចាត់តាំងក្រុមការងារប្រតិបត្តិ នៃក្រសួងប្រៃសណីយ៍ ទទួលបន្ទុកតំបន់ចំនួន៥ខែត្រក្រុង។

ក្រុមការងាររបស់ក្រសួងខាងលើបានរកឃើញ ប្រតិបត្តិករកំពុងប្រតិបត្តិការក្នុង វិស័យទូរគមនាគមន៍ មានចំនួន៦៩ ដោយក្នុងនោះមាន ប្រតិបត្តិករទូរស័ព្ទចល័ត (ក្រុមហ៊ុនទូរស័ព្ទ) ចំនួន៥។ ប្រតិបត្តិករ (ក្រុមហ៊ុន) ផ្ដល់សេវាអ៊ិនធ័រណិត ( ISP ) ចំនួន៣៨។ ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិកលើគោក និងខ្សែកាបអុបទិកក្រោមបាតសមុទ្រចំនួន៥។ ចំនួនស្ថានីយ៍អង់តែនទូរស័ព្ទចល័ត កំពុងប្រើប្រាស់ទូទាំងប្រទេស១១,៤៨៩ និងបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នងមាន ១៩,២៧៩ គីឡូម៉ែត្រ។ ក្រុមការងារដដែលក៍បានរកឃើញចំនួនម៉ៃក្រូវ៉េវ ដែលជាឧបករណ៍សម្រាប់បញ្ជូនទិន្នន័យតាមរលកធាតុអាកាស និងការលាក់ប្រាក់ចំណូលរបស់ក្រុមហ៊ុននីមួយៗផងដែរ។

ការលាក់ទីតាំងបង្គោលអង់តែន របស់ក្រុមហ៊ុននីមួយៗ ព្រោះតែពួកគេមានការភ័យខ្លាចក្រសួងតម្រូវឱ្យដាំបង្គោលបន្ថែមដែលកន្លែងគ្មានសេវា ឬកន្លែងចន្លោះកណ្ដាលមានសេវាខ្សោយដែលធ្វើឱ្យបន្ថែមការចំណាយច្រើន។ ដើម្បីឱ្យ ទូរស័ព្ទចល័ត មានសេវាល្អក្រុមហ៊ុនត្រូវដាំបង្គោល៦គីឡូម៉ែត្រមួយ។ ការលាក់ចំនួន ម៉ៃក្រូវ៉េវ និងប្រាក់ចំណូល គឺក្រុមហ៊ុនមានចេតនាគេចវេះពីការបង់ពន្ធប្រចាំឆ្នាំចូលថវិកាជាតិ។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងពីភាពមិនប្រក្រតី នៃក្រុមហ៊ុនទូរស័ព្ទចល័ត នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «សមិទ្ធផលការងារក្នុងរយៈពេល៥ឆ្នាំ» របស់ក្រសួងកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា។ លោករដ្ឋមន្ត្រីបានលាតត្រដាងពីការរកស៊ីភូតកុហករបស់ ក្រុមហ៊ុនទូរស័ព្ទចល័ត ទាំងនោះថា ពួកគេបានលួចសមត្ថភាពអង់តែន ដែលបានបញ្ចេញសមត្ថភាពត្រឹមតែ៣០ភាគរយធ្វើឱ្យសេវាទូរស័ព្ទខ្សោយដើម្បីសន្សំសំចៃថវិកាហើយក៍បានទម្លាក់កំហុសទៅលើ ឧបករណ៍ រីភីទ័រ ( Repeater ) និង ប៊ូស្ទ័រ ( Booster ) ថា បានស្រូប ឬកាត់ផ្ដាច់សេវាទូរស័ព្ទចល័ត។ ក្រុមហ៊ុនបម្រើសេវា ទូរស័ព្ទចល័ត មិនត្រូវប្រើប្រាស់បច្ចេកវិទ្យាចាស់ដែលមានអាយុកាលលើសពី១០ឆ្នាំឡើយ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា លោកធ្លាប់បានទាមទារឱ្យក្រុមហ៊ុន ប្រាប់ទីតាំងបង្គោលអង់តែន តែត្រូវបានបដិសេធ។ ដោយសារការលាក់បាំងចំនួន បង្គោលអង់តែន នេះហើយ ក្រសួងក៍បង្កើតក្រុមការងារ៥តំបន់ដែលមានការទទួលខុសត្រូវចុះទៅកាន់គ្រប់ខែត្រក្រុង ក្នុងនោះក៍បានពិនិត្យ ម៉ៃក្រូវ៉េវ និងបច្ចេកវិទ្យា ជាច្រើនមុខទៀត។ មូលហេតុដែលក្រុមហ៊ុនមិនប្រាប់ បង្គោលអង់តែន ដោយសារខ្លាចក្រសួងតម្រូវឱ្យដាំបង្គោលថ្មីបន្ថែមកន្លែងដែលគ្មានសេវា ជាហេតុធ្វើឱ្យក្រុមហ៊ុនមិនហ៊ានចំណាយប្រាក់។ ការដាំបង្គោលមួយទៅបង្គោលមួយទៀត ត្រូវមានរយៈប្រវែង៦គីឡូម៉ែត្រ ហើយក្នុងមួយបង្គោលត្រូវចំណាយប្រាក់យ៉ាងតិច១០ម៉ឺនដុល្លារ។

ដោយរឿងទាំងនេះដឹងដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ សង្កាត់ធ្ងន់ទៀតថា ក្រុមហ៊ុនលាក់ ឬភូតកុហកចំនួន ម៉ៃក្រូវ៉េវ និងប្រាក់ចំណូល ដើម្បីគេចវេះពីការបង់ពន្ធចូលថវិការដ្ឋ។ បើទោះជាយ៉ាងណា ប្រមុខរាជរដ្ឋា
ភិបាល លោកបានសម្រេចឱ្យក្រុមហ៊ុនមួយត្រូវតែបង់ពន្ធចូលថវិការដ្ឋចំនួន៤០លានដុល្លារ។ នៅក្នុងក្រុមហ៊ុននីមួយៗរកស៊ីចំណេញច្រើនណាស់ ដូច្នេះយើងមានមូលដ្ឋានច្បាស់លាស់អស់ហើយ…។

នៅក្នុងរឿងខាងលើនេះដែរ មានមន្ត្រីជាន់ខ្ពស់ម្នាក់សុំមិនបញ្ចេញឈ្មោះបម្រើការនៅ ក្រសួងប្រៃសណីយ៍ បានបង្ហើបប្រាប់អង្គភាពយើងនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នេះថា ឧបករណ៍ ម៉ៃក្រូវ៉េវ ក្រុមហ៊ុនត្រូវបង់ពន្ធប្រចាំឆ្នាំចូលថវិការដ្ឋ។ ក្រុមហ៊ុនទូរស័ព្ទចល័តស្មាត ត្រូវបានជាប់ពិន័យបង់ប្រាក់ចូលរដ្ឋចំនួន៤០លានដុល្លារ ដោយសារការភូតកុហកព័ត៌មាន។ ក្រុមហ៊ុនរបស់ម៉ាឡេស៊ី និងជប៉ុន ដែលមានលំដាប់លេខពីរ។ ស្មាតនេះបានលាក់សមត្ថភាពអង់តែន លាក់ចំនួនម៉ៃក្រូវ៉េវ លាក់ប្រាក់ចំណូល និងប្រើប្រាស់បច្ចេកវិទ្យាចាស់ៗហួសអាយុកាល១០ឆ្នាំផងដែរ។

ប្រភពដដែលបន្តទៀតថា រីឯក្រុមហ៊ុន«ម៉ិតហ្វូន»(Metfone) របស់វៀតណាម មានលំដាប់លេខមួយ និងក្រុមហ៊ុនសែលកាត មានលំដាប់លេខបី ពួកគេត្រូវជាប់ពិន័យបង់ថវិកាចូលរដ្ឋដែរ ចាប់ពី១០លានទៅ២០លានដុល្លារឯណោះ។ ក្រុមហ៊ុនទូរស័ព្ទចល័ត ទាំងអស់ត្រូវតែរាយការណ៍ដោយស្មោះត្រង់ពីចំនួន ម៉ៃក្រូវ៉េវ និងខ្សែកាបអុបទិក ទៅឱ្យក្រសួងបានដឹង ក៍ប៉ុន្តែពួកគេបានភូតកុហកក្រសួង។

នៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ លោក ខូវ មករា អ្នកនាំពាក្យ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មិនទទួលទូរស័ព្ទអ្នកសារព័ត៌មានឡើយ ដើម្បីសុំការបញ្ជាក់បន្ថែម។ គេពុំអាចដឹងថា តើក្រុមហ៊ុនទូរស័ព្ទចល័ត ទាំងនោះបានបង់ថវិកាចូលរដ្ឋហើយឬនៅ ? រីឯ ក្រុមហ៊ុន«ម៉ិតហ្វូន» និងក្រុមហ៊ុនស្មាត គេពុំអាចទាក់ទងសុំការបំភ្លឺបានទេជុំវិញព័ត៌មានខាងលើ។

ទោះជាយ៉ាងណាបុរសម្នាក់រស់នៅ រាជធានីភ្នំពេញ បានលើកឡើងថា ការផាកពិន័យក្រុមហ៊ុនលួចលុយជាតិដែលមានប្រាក់ច្រើនៗអីចឹងពួកគេមិនងាយនឹងសង រដ្ឋាភិបាលនោះទេពួកគេទុកពេលវេលាអូសបន្លាយដើម្បីយកលេស ឬរកខ្សែដើម្បីអន្តរាគមន៍។ក្រុមហ៊ុនទាំងនោះសុទ្ធតែមានខ្សែបណ្ដោយធំៗណាស់សម្រាប់កាងនិងការពារ។

អ្នកស្រី ឌិន ណៃគាង មន្ត្រីបម្រើការងារនៅក្នុង ក្រុមហ៊ុនសែលកាត ទទួលបន្ទុកខាងព័ត៌មាន បានលើកឡើងនៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នេះថា គាត់មិនបានដឹងរឿងខាងលើនោះទេ។ ក៍ប៉ុន្តែគាត់បានសុំ វីដេអូ ដែលលោករដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍លើកឡើងពីការរកស៊ីខ្វះភាពស្មោះត្រង់ដោយភូតកុហករបស់ក្រុមហ៊ុននីមួយៗ។

គួរបញ្ជាក់ថា មានរដ្ឋមន្ត្រីយ៉ាងតិចបីអាណត្តិមកហើយគឺពុំដែលបានសើរើ ឬចុះធ្វើអធិការកិច្ចដូចលោក ជា វ៉ាន់ដេត ឡើយ។ ម្យ៉ាង
ទៀតចាប់តាំងពីការកាន់ដំណែងរបស់ រដ្ឋមន្ត្រីលោក សូរ ឃុន លោក ត្រាំ អ៊ីវតឹក និងលោក ប្រាក់ សុខុន ជាយូរឆ្នាំមកហើយ នៅតែមិនដឹងអំពីចំនួនបង្គោលអង់តែន ចំនួនម៉ៃក្រូវ៉េវ និងប្រាក់ចំណូលពិតប្រាកដនោះឡើយ៕