អតីតគ្រួសារយោធិនពិការមួយគ្រួសារដង្ហើយហៅឲ្យអាជ្ញាធរដែនដីជួយរកយុត្តិធម៌ដល់ពួកគាត់ដោយសារតែគេរំលោភយកដី!

66

កោះកុង៖ (ថ្ងៃច័ន្ទទី១៥ ខែសីហាឆ្នាំ២០២២) អតីតគ្រួសារយោធិនពិការមួយគ្រួសារនាពេលថ្មីៗនេះបានដង្ហើយហៅឲ្យអាជ្ញាធរដែនដី ភូមិ ឃុំ និង ស្រុកជួយរកយុត្តិធម៌ដល់ពួកគាត់ដោយសារតែរដីរបស់គាត់ត្រូវបានគេរំលោភយកទាំងបំពាន។
ទាក់ទងទៅនឹងបញ្ហាវិវាទដីធ្លីនេះបើយោងតាមការធ្វើអត្ថាធិប្បាយពីសំណាក់លោក សៃ សៀន អាយុ ៥៤ ឆ្នាំ ប្រពន្ធឈ្មោះម៊ូ នួយ អាយុ ៥៤ឆ្នាំដូចគ្នានិងមានកូនជាច្រើននាក់នៅក្នុងបន្ទុកបច្ចុប្បន្នរស់នៅ ភូមិថ្មី ឃុំជ្រោយប្រស់ស្រុកកោះកុង ខេត្តកោះកុង បានរៀបរាប់ឱ្យដឹងថា ដីរបស់លោកមានទំហំជាង ៥ ហិចតាគឺលោកបានអាស្រ័យផលចាប់តាំងពីឆ្នាំ ២០០០មកម្ល៉េះ បន្ទាប់មកក្នុងអំឡុងឆ្នាំ ២០០៨លោកក៏ត្រូវបានទទួលស្គាល់ពីអាជ្ញាធរភូមិឃុំជ្រោយប្រស់យ៉ាងពេញសិទ្ធិហើយក៏បានចេញបង្កាន់ដៃប្រើប្រាស់កម្មសិទ្ធិដីធ្លីជូនពួកគាត់។

ហើយក្រោយមកទៀតគាត់ក៏ចាប់អាស្រ័យផលជារៀងរហូតលុះដល់ឆ្នាំ ក្រោយក្រោយរហូតទល់នឹងពេលបច្ចុប្បន្ននេះ បន្ទាប់មកដីចំណុចត្រង់នោះត្រូវបានរាជរដ្ឋាភិបាលរៀបចំធ្វើផ្លូវខ្វែងខ្វាតដើម្បីទុកសម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់តែដីរបស់គាត់ត្រូវបានគេលួចយកទៅជាកម្មសិទ្ធិយ៉ាងព្រងើយបើទោះបីជាលោកបានទៅដាក់ពាក្យបណ្ដឹងដល់អាជ្ញាធរឃុំឲ្យជួយដោះស្រាយជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយក៏បញ្ហាទំនាស់ដីធ្លីនេះនៅតែអូសបន្លាយរហូតមកទល់នឹងពេលបច្ចុប្បន្នដដែលជាដដែល។

លោក សៃ សៀន ដែលជាអតីតយោធាពិការបានបន្តឲ្យដឹងទៀតថា ចំពោះអ្នកដែលទៅរួចរំលោភយកដីរបស់គាត់គឺមានឈ្មោះហៅថា តាសម្បត្តិ ដែលរស់នៅក្នុងភូមិឃុំជាមួយលោកដែលបានអះអាងថាដីទាំងនោះគឺជាដីរបស់គាត់ទៅវិញ ។

ចំពោះបញ្ហាទំនាស់ដីធ្លីនេះលោក សៃសៀង ក៏ធ្លាប់បានដាក់ពាក្យបណ្ដឹងទៅកាន់សាលាឃុំជាញឹកញាប់ផងដែរតែមិនត្រូវបាន លោក មេឃុំ ដោះស្រាយជូននោះទេ។
លោក ភុំ ធឿន មេឃុំជ្រោយប្រស់បានប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងថាលោកពុំដែលបានទទួលនូវពាក្យបណ្ដឹងរបស់លោក សៃ សៀន ដែលមានបញ្ហារឿងរ៉ាវវិវាទដីធ្លីជាមួយនឹងតាសម្បត្តិ នោះម្ដងណាទេ។

លោក ជា សាវី អភិបាលនៃគណៈអភិបាលស្រុកកោះកុងបានបង្ហើបឱ្យអ្នកយកព័ត៌មានយើងដឹងថា សូមឱ្យភាគីដើមចោទទៅដាក់ពាក្យបណ្ដឹងដល់អាជ្ញាធរឃុំម្ដងទៀត ហើយបើអាជ្ញាធរឃុំនៅតែពុំព្រមរកដំណោះស្រាយជូនពួកគាត់នោះទេ សូមឱ្យក្រុមគ្រួសារជនរងគ្រោះចូលមកកាន់សាលាស្រុកកោះកុង លោកនឹងទទួលពាក្យបណ្ដឹងពីជនរងគ្រោះដោយផ្ទាល់ដៃដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕កោះកុង