មេប៉ុស្ដិ៍អាកាសយានដ្ឋានអន្តរជាតិខែត្រព្រះសីហនុ ធ្លាយរឿងអាស្រូវដ៏ធំទៀតហើយ៖ (មានវីដេអូ)

39

ព្រះសីហនុៈ យោងតាមពាក្យប ណ្ដឹងពីបុគ្គលិកបម្រើការនៅ អាកាសយានដ្ឋានអន្តរជាតិ ខែត្រព្រះសីហនុ បានលើកឡើងថា ពួកគាត់ត្រូវបង្ខំចិត្តលាតត្រដាងការពិត និងស្នើសុំទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមេប៉ុស្តិ៍ឈ្មោះ កៅ សារ៉ាណា បានបង្ខិតបង្ខំកូនចៅឱ្យកៀបសង្កាត់យកលុយពីភ្ញៀវបរទេសធ្វើដំណើរតាមជើងយន្តហោះក្នុងម្នាក់១០ដុល្លារដើម្បីបង់ប្រាក់ឱ្យខ្លួន។

តាមរយៈសំណេរដែលអង្គភាពយើងទទួលបាននៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ពីអតីតមន្ត្រីបម្រើការងារនៅ អាកាសយានដ្ឋានអន្តរជាតិ ខែត្រព្រះសីហនុ បានសរសេរចោទប្រកាន់ លោកវរសេនីយ៍ឯក កៅ សារ៉ាណា ថា បានបញ្ជាឱ្យកូនចៅត្រូវប្រមូលលុយពីភ្ញៀវបរទេសដែលចូលមកកាន់ទឹកដីកម្ពុជា តាមច្រកទ្វារអន្តរជាតិ ខែត្រព្រះសីហនុ។ លោក កៅ សារ៉ាណា មេប៉ុស្ដិ៍អន្ដោប្រវេសន៍ នៃអាកាសយានដ្ឋានអន្តរជាតិ ខែត្រព្រះសីហនុ ធ្លាយរឿងអាស្រូវពុករលួយដ៏ធំមួយទៀតហើយ។ រឿងនេះធ្លាយចេញក្រៅតាមរយៈលិខិតពាក្យបណ្ដឹងដាក់ជូន
ទៅសម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា។

នៅក្នុងខ្លឹមសារដើមនៃពាក្យបណ្ដឹងបានបញ្ជាក់ថា «យើងខ្ញុំមិនពេញចិត្តជាខ្លាំងក្រោមការដឹកនាំរបស់ លោកវរសេនីយ៍ឯក កៅ សារ៉ាណាជាច្រើនឆ្នាំមកនេះបានកៀបសង្កត់ប្រើអំណាចជាមួយបក្ខពួកខ្លួនមកលើកូនចៅដោយបានគំរាមកំហែងដកចេញ បើកូនចៅណាមិនធ្វើតាមគាត់ ហើយគាត់មិនជាសូវនៅប៉ុស្តិ៍ប៉ុន្មានទេ តែមានលុយ មានខ្សែធំ គ្មាននរណាហ៊ានប្តឹងដកគាត់ចេញឡើយ។

យើងខ្ញុំជាច្រើននាក់ ដែលបម្រើការងារនៅក្នុង អាកាសយានដ្ឋានអន្តរជាតិ ខែត្រព្រះសីហនុ ត្រូវបង្ខំចិត្តប្តូរភារកិច្ចចេញពីកន្លែងធ្វើការទាំងដែលខ្លួនពេញចិត្ត យើងខ្ញុំសូមប្តឹងដល់សម្តេចពុកជួយដោះស្រាយឱ្យកូនចៅផង។ ព្រោះមេប៉ុស្តិ៍ច្រកទ្វារអាកាសលោក កៅ សារ៉ាណា និងបក្ខពួកតម្រូវឱ្យបង់លុយឱ្យគាត់ក្នុងភ្ញៀវម្នាក់ៗ១០ដុល្លារ។ ហេតុដូច្នេះហើយទើបយើងខ្ញុំបង្ខំចិត្តតម្រូវឱ្យភ្ញៀវបង់លុយចាប់ពី២០ដុល្លារឡើងទៅ ហើយមានភ្ញៀវខ្លះឱ្យ និងភ្ញៀវខ្លះទៀតមិនឱ្យនោះទេ។

នេះសុទ្ធតែជាការពិតទាំងអស់យើងខ្ញុំមិនមុសាទេការដែលខាងក្រសួងចុះទៅប្រាប់ដំណឹងមុនប្រៀបដូចឱ្យដំណឹងខាងមេប៉ុស្តិ៍អីចឹង។ មេ ប៉ុស្តិ៍បានប្រាប់កូនចៅទាំងអស់ឱ្យឆ្លើយរាល់ការសាកសួរពីខាងក្រសួង។ គាត់ដឹងតែមនុស្សម្នាក់១០ដុល្លារ ហើយត្រូវបង់ទៅឱ្យខាងគាត់ផ្នែកប្រចាំការ ៨របប និងខាង វីអាយភី (VIP) ៦របប។ ត្រូវបង់បន្ថែមលុយបក្ស និងបង់លុយបញ្ជីខ្មៅដោយយើងខ្ញុំមិនដឹងថាជាអ្វីនោះទេ។ មិនត្រឹមតែប៉ុណ្ណោះគាត់ និងបក្ខពួកគាត់ទាមទារលុយបន្ថែមទៀតជារៀងរាល់ថ្ងៃ ទាំងខាងចេញ ទាំងខាងចូល។

ក្នុងភ្ញៀវមួយយន្តហោះ៥០នាក់ ត្រូវបង់៥០ដុល្លារសម្រាប់លុយបក្ស និង៥០ដុល្លារទៀតសម្រាប់បញ្ជីខ្មៅ បើអ្នកណាហ៊ានតវ៉ាគាត់នឹងឱ្យកូនចៅគាត់ធ្វើទុក្ខបុកម្នេញអ្នកនោះ។ សម្រាប់លុយបង់ឱ្យគាត់ភ្ញៀវ៥០នាក់គឺ៥០០ដុល្លារដោយគ្មានការតវ៉ាលើកមូលហេតុនោះទេ។ កាលកន្លងមកជាច្រើនកន្លែងក្រោមការគ្រប់គ្រងរបស់គាត់ គឺធ្វើឱ្យមានការលំបាកដល់កូនចៅគ្រប់ៗគ្នា។

ការដែលគាត់ធ្វើបែបនេះវាធ្វើឱ្យអាប់ឱនដល់សង្គម និងប្រទេសជាតិរបស់យើងខ្លាំងណាស់ ដោយភ្ញៀវជាច្រើនបានរអ៊ូ និងជេរប្រទេចទៀតផងដោយសារ ទី១.បើភ្ញៀវណាមិនព្រមឱ្យលុយគឺដេញឱ្យភ្ញៀវនោះទៅនៅជ្រុងម្ខាង ឬទុកឱ្យនៅក្រោយគេដើម្បើសម្លុតទារលុយ។ទី២.បើភ្ញៀវ វីអាយភី (VIP) វិញដើរចេញសឹងតែមិនបាច់ផ្ទៀងមុខក៍បានដែរ (សម្រាប់ភ្ញៀវមេ) ដោយកូនចៅគាត់មួយក្រុមជាអ្នកដើរប្រមូលយកប៉ាស្ព័រពីភ្ញៀវដោយឱ្យភ្ញៀវចេញទៅមុនរួចយកប៉ាស្ព័រទៅឱ្យតាមក្រោយនៅកន្លែងណាមួយ ឬនៅអូរតែល (Hotel)។

សូមសម្តេចពុក ជួយដល់កូនចៅផង ! មានតែសម្តេចពុកទេ ដែលជាទីពឹងពាក់ដល់យើងខ្ញុំទាំងអស់គ្នាបាន។ អរគុណសន្តិភាព ! យើងខ្ញុំទាំងអស់គ្នាគាំទ្រ និងស្រឡាញ់សម្តេចពុកគ្មានថ្ងៃងាករេ យើងខ្ញុំសង្ឃឹមលើសម្តេចពុក ហើយសូមឱ្យវត្ថុស័ក្តិសិទ្ធិដែលមានបារមីលើលោកតាមថែរក្សាសម្តេចពុក និងក្រុមគ្រួសារជារៀងរហូត»។

ជុំវិញការចោទប្រកាន់ខាងលើនេះលោក កៅ សារ៉ាណា គេមិនអាចទាក់ទងបានទេដើម្បីសុំការបកស្រាយ នៅរសៀលថ្ងៃទី១២ ខែសីហាឆ្នាំ២០២២ នេះខណៈទូរស័ព្ទចូលទៅពុំមានអ្នកទទួល។ លោក កៅ សារ៉ាណា អាងខ្នងមន្ត្រីជាន់ខ្ពស់នៅប៉ែកមាត់សមុទ្រដែលធ្វើឱ្យគាត់មានចរិតឫកពាក្រអីតក្រទមមិនគោរពមេកោយឡើយ។

មន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សុំមិនបញ្ចេញឈ្មោះបានលើកឡើងនៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នេះថា អ្វីដែលមន្ត្រីខាងលើប្ដឹងនោះគឺពិតជាត្រឹមត្រូវណាស់។ ពីព្រោះលោក កៅ សារ៉ាណា មានកំហុសឆ្គងច្រើនលើកច្រើនដងណាស់មិនដឹងយកទៅណាអស់ទេ។ តាមពិតទៅ ក្រសួងមហាផ្ទៃ គួរតែដកគាត់ចេញព្រោះធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិធំណាស់ជាពិសេសភ្ញៀវទេសចរអន្តរជាតិ។

ប្រភពបន្តទៀតថា លោក កៅ សារ៉ាណា គ្រាន់តែផ្លាស់មកដល់ អាកាសយានដ្ឋានព្រលានយន្តហោះកងកេង មានរឿងពីរបីដង។ ជាក់ស្តែងជនជាតិចិនធ្លាប់បានប្ដឹងគាត់ពី បទចាប់ជំរិត ម្ដងមកហើយ។ ការប្ដឹងហ្នឹងវាមិនខុសនោះទេ ប៉ុន្តែសំខាន់ធ្វើអ្វីលើបុគ្គលនេះមិនកើតគឺគេនៅតែដើរផឹកស៊ីពេញតែភ្នំពេញ។ ប្រតិភូ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ក៍ធ្លាប់បានចុះទៅដល់ទីនោះដែរតែលោក កៅ សារ៉ាណា មិនគោរពមេកោយអ្វីបន្តិចសោះគឺពុំនៅកន្លែងធ្វើការនោះទេ។

គួររំលឹកថា លោក កៅ សារ៉ាណា ធ្លាប់មានរឿងអាស្រូវពុករលួយនៅ ច្រកទ្វារអន្តរជាតិចាំយាម ខែត្រកោះកុង រួចផ្លាស់ប្តូរ កំពង់ផែស្វាយ័តក្រុងព្រះសីហុន ហើយបន្ទាប់មកក៍ផ្លាស់មក អាកាសយានដ្ឋានអន្តរជាតិកេងកង សព្វថ្ងៃនេះ។ ក៍ប៉ុន្តែ ក្រសួងមហាផ្ទៃ ពុំដែលមានចំណាត់ការលើបុគ្គលនោះឡើយ៕