ឯកឧត្តម ដួង តារា៖ ទោះក្នុងកំឡុងពេលប្រទេសកំពុងប្រឈមនឹងកូវីដ១៩ និងកំឡុងពេលប្រជាជនប្រឈមនឹងគ្រោះទឹកជំនន់ គឺមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់អាហារឡើយ

9

បាត់ដំបង៖ ឯកឧត្ដម ដួង តារា អនុរដ្ឋលេខាទីស្តីការគណៈរដ្ឋមន្ត្រី និងជាទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា ទោះក្នុងកំឡុងពេលប្រទេសកំពុងប្រឈមនឹងវីរុសកូវីដ១៩ និងកំឡុងពេលដែលប្រជាជនប្រឈមនឹងគ្រោះទឹកជំនន់ គឺតែងតែវត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពោលគឺសម្ដេចនឹងទុកមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់អាហារឡើយ ។

ឯកឧត្ដម ដួង តារា ថ្លែងយ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងជំនួបសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចទាំងទ្វេរចែកជូនប្រជាពលរដ្ឋ ៣១០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ ស្ថិតនៅក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុក​​សង្កែ និង ៦៩០គ្រួសារនៅ ភូមិអូមុនី ឃុំអូមុនី ស្រុកសង្កែ ខេត្តបាត់ដំបង ។

ក្នុងឱកាសនេះដែរ ឯកឧត្ដម ដួង តារា បានថ្លែងថា ជានិច្ចកាលក្នុងពេលលំបាក និងក្រោយពេលលំបាក ឬក្នុងកាលទេសៈណាក៏ដោយ គឺមានតែគណបក្សប្រជាជនតែមួយគត់ ដែលតែងតែផ្សារភ្ជាប់សុខទុក្ខរវាងអ្នកដឹកនាំ និងប្រជាជនកម្ពុជានៅទូទាំងប្រទេស ។ ឯកឧត្ដម ដួង តារា បានថ្លែងទៀតថា លោកពិតជាមានសេចក្ដីសប្បាយរីករាយយ៉ាងក្រៃលែង ដែលបានសម្ដេចផ្ដល់ឱកាសឱ្យបានបម្រើ​ការងារជូនសម្ដេច បម្រើការងារជូនប្រជាពលរដ្ឋ និងបានបម្រើការងារជូនប្រទេសជាតិ ។

បន្ថែមពីនេះឯកឧត្ដម ដួង តារា ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋកុំឱ្យមានការធ្វេសប្រហែសជាមួយនឹងវីរុសកូវីដ១៩ ត្រូវបន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន និងបន្តគាំទ្រការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងបន្តបោះឆ្នោតជូនសម្ដេច ដើម្បីដឹកនាំប្រទេសបានយូរអង្វែង ៕