ឯកឧត្តម ដួង តារា អនុរដ្ឋលេខាទីស្ត្រីការគណៈរដ្ឋមន្ត្រី នាំយកអំណោយរបស់សម្តេចទាំងទ្វេរ ចែកជូនប្រជាពលរដ្ឋជាង ១០០០គ្រួសារក្នុងស្រុកសង្កែ ខេត្តបាត់ដំបង

10

បាត់ដំបង៖ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ដួង តារា អនុរដ្ឋលេខាទីស្តីការគណៈរដ្ឋមន្ត្រី និងជាទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកអំណោយរបស់សម្តេចទាំងទ្វេរចែកជូនប្រជាពលរដ្ឋជាង ៣១០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ ស្ថិតនៅក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង និង ៦៩០គ្រួសារនៅ ភូមិអូមុនី ឃុំអូមុនី ស្រុកសង្កែ ខេត្តបាត់ដំបង ។

ជំនួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងនាំមកនូវអំណោយជាង១០០០គ្រួសារនេះ ឯកឧត្ដម ដួង តារា បានថ្លែងថា ជានិច្ចកាលក្នុងពេលលំបាក និងក្រោយពេលលំបាក គឺមានតែគណបក្សប្រជាជនតែមួយគត់ ដែលតែងតែផ្សារភ្ជាប់សុខទុក្ខរវាងអ្នកដឹកនាំ និងប្រជាជនកម្ពុជានៅទូទាំងប្រទេស ។ ពិសេសនៅក្នុងកំឡុងពេលដែលប្រទេសកំពុងប្រឈមនឹងកូវីដ១៩ និងកំឡុងពេលប្រជាជនប្រឈមនឹងគ្រោះទឹកជំនន់ គឺតែងតែមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ពោលគឺមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់អាហារនោះឡើយ ។

ក្នុងនោះដែរ ឯកឧត្ដម ដួង តារា បានថ្លែងថា លោកពិតជាមានសេចក្ដីសប្បាយរីករាយយ៉ាងក្រៃលែង ដែលបានសម្ដេចផ្ដល់ឱកាសឱ្យបានបម្រើការងារជូន និងបម្រើប្រជាពលរដ្ឋ និងបានបម្រើប្រទេសជាតិ និងសូមឱ្យប្រជាពលរដ្ឋបន្តការគាំទ្រការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បន្តការបោះឆ្នោតជូនសម្ដេច ដើម្បីដឹកនាំប្រទេសបានយូរអង្វែង ។

ជាចុងក្រោយឯកឧត្ដម ដួង តារា ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋកុំឱ្យមានការធ្វេសប្រហែសជាមួយនឹងវីរុសកូវីដ១៩ ត្រូវបន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តី ដោយត្រូវពាក់ម៉ាសនៅពេលចូលក្នុងចំណោមមនុស្ស និងឧស្សាលាងដៃជាមួយអាល់កុល ឬសាប៊ូ ឬជេល៍ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរុសដ៏កាចសាហាវនេះ ៕