ព័ត៌មានសង្គម
សាលាខែត្រព្រះសីហនុបច្ចុប្បន្នពុំបានបង្ហាញពីចេតនាបន្តអភិវឌ្ឍស្រះទឹកមុខរោងចក្រស្រាបៀរអង្គរជារមណីដ្ឋាននោះទេខណៈ ពលរដ្ឋក្រុងព្រះសីហនុនៅតែទទូចចង់ដឹង ថាតើស្រះទឹកនោះជាសម្បត្តិសាធារណៈរបស់រដ្ឋឬជាកម្មសិទ្ធិឯកជន ?
Published
11 months agoon
By
KC 901
ដោយៈ អធិបតី
ព្រះសីហនុៈ ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ អ្នកណាៗក៍គិតថា ស្រះទឹកដ៏ធំធេងមាន ឈូក ព្រលឹត ស្ថិតនៅមុខស្រាបៀរអង្គរក្នុង សង្កាត់លេខ១ ក្រុងខែត្រព្រះសីហនុ ជាសម្បត្តិសាធារណៈរបស់រដ្ឋដែរ។ ប៉ុន្តែផ្ទុយទៅវិញមួយផ្នែក នៃស្រះទឹកនេះមានម្ចាស់កម្មសិទ្ធិ (ប្លង់ស្លាបមាន់) តាំងពីទសវត្សរ៍៩០ប្លាយមកម្ល៉េះហើយលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និងសំណង់ បច្ចុប្បន្នបានបន្តចរន្តការចេញប្លង់រឹងក្នុង ឆ្នាំ២០១៩ ស្របច្បាប់ជាប្រព័ន្ធអស់ទៅហើយ។

កាលពីអាណត្តិលោក យន្ត មីន ដឹកនាំមានទស្សនវិស័យអភិរក្សស្រះទឹកនេះទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ និងទុកឱ្យប្រជាពលរដ្ឋចេញចូលប្រើប្រាស់ អាស្រ័យផលរួមដោយគ្រោងអភិវឌ្ឃស្រះទឹកនេះជា រមណីយដ្ឋាន ធ្វើសួនច្បារព័ទ្ធជុំវិញ ជាហេតុធ្វើឱ្យលោកមិនព្រមចុះហត្ថលេខាយល់ព្រមឱ្យម្ចាស់មានបណ្ណកម្មសិទ្ធិនៅនឹង ស្រះឈូក ចាក់ដីលុបស្រះនោះឡើយ។ នេះបើយោងតាមរូបភាពលើកគម្រោងរបស់ សាលាខែត្រព្រះសីហនុ នាពេលកន្លងមក។

អ្វីដែលជាអកុសលបន្ទាប់ពីលោក គួច ចំរើន អភិបាល ខែត្រព្រះសីហនុ ឡើងកាន់ដំណែងជាអភិបាលខែត្រមិនទាន់បានមួយខែស្រួលបួលផង លោកក៍បានចុះហត្ថលេខាយល់ព្រមឱ្យម្ចាស់បណ្ណកម្មសិទ្ធិទៅឱ្យលោក ឡាយ ប៊ុនប៉ា ចាក់ដីលុបស្រះទឹកដ៏កំសត់នោះអស់ទំហំ៦,៧៦៩ម៉ែត្រការ៉េគឺជាងកន្លះហិកតាបាត់ទៅហើយ។ លោក គួច ចំរើន ឡើងកាន់ដំណែងជាអភិបាល ខែត្រព្រះសីហនុ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ហើយលោកបានចុះហត្ថលេខាឱ្យគេចាក់ដីលុបស្រះទឹកនោះនៅថ្ងៃទី៣០ ខែកក្កដា ២០១៩។
លើសពីនេះទៅទៀតលោក ចេង ស្រុង ប្រធាមន្ទីររៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និងសំណង់ បច្ចុប្បន្នបានបន្តចរន្តការចេញប្លង់រឹងទាក់ទងនឹងស្រះទឹកខាងលើឱ្យឧត្តមសេនីយ៍ ជា សឿន នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩។

តើវាជាការពិតទេដែលក្នុងបណ្ណកម្មសិទ្ធិរបស់លោក ឡាយ ប៊ុនប៉ា នៅនឹងស្រះទឹកខាងលើគេសរសេរថា ស្រះឈូកនោះជា «ដីចម្ការ» ចេញនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩៩៧ ចុះហត្ថលេខាដោយលោក លឹម វ៉ាន់ ប្រធាននាយកដ្ឋានសុរិយាដីស្តីទីនាពេលនោះហើយលោក គួច ចំរើន សំអាងលើបណ្ណកម្មសិទ្ធិនេះបន្ទាប់ពីលោកឡើងកាន់ដំណែងជាអភិបាល ខែត្រព្រះសីហនុភ្លាមក៍បានចុះហត្ថលេខាអនុញ្ញាតឱ្យភាគីម្ខាស់បណ្ណចាក់ដីលុបស្រះទឹកនោះមួយជ្រុងភ្លេតដែលមានទំហំ៦,៧៦៩ (ប្រាំមួយពាន់ប្រាំពីររយហុកប្រាំបួន) ម៉ែត្រការ៉េ។
អតីតមន្រ្តី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និងសំណង់ ខែត្រព្រះសីហនុ សុំមិនបញ្ចេញអត្តសញ្ញាណរៀបរាប់ប្រាប់ពីដំណើរការចេញបណ្ណកម្មសិទ្ធិ (ស្លាបមាន់) នៅនឹងស្រះទឹកខាងលើថា មានឧត្តមសេនីយ៍ម្នាក់បញ្ជាឱ្យប្រធាន មន្ទីររៀបចំដែនដី ធ្វើប្លង់កាន់កាប់ស្រះទឹកនេះទាំងកម្រោលយ៉ាងដូច្នេះថា «ធ្វើឬមិនធ្វើ ? បើមិនធ្វើចេញទុកឱ្យគេអាចធ្វើបានមកធ្វើ»។ ហេតុការណ៍នេះបានកើតឡើងកាលពីអាណត្តិដឹកនាំរបស់លោក ស្បោង សារ៉ាត់ លោកបានបញ្ជាក់។

ប្រភពខាងលើបានសង្កត់ធ្ងន់ទៀតថា «តែបើអាណត្តិដឹកនាំចៅហ្វាយខែត្រ និងប្រធានមន្ទីររៀបចំដែនដីក្រោយៗមានឆន្ទៈគឺអាចនិរាករណ៍បណ្ណកម្មសិទ្ធិទាក់ទងនឹងស្រះឈូកទាំងអស់បានរួចដកហូតស្រះទឹកហ្នឹងមកដាក់ជាសម្បត្តិសាធារណៈរដ្ឋវិញគឺប្រាកដជាអាចធ្វើបាន»។
ទាក់ទងនឹងស្រះទឹកខាងលើបុរសម្នាក់អាយុ៦០ប្លាយរស់នៅ ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ ជាអតីតទាហាន ប៉ុល ពត ដែលបានឈរជើងនៅតំបន់ឃ្លាំងលើស្ថិតក្នុង សង្កាត់លេខ១ ក្រុងព្រះសីហនុ សព្វថ្ងៃបានឱ្យ បាយ៉ង់ថាមស៍ ដឹងថា «ការពិតស្រះទឹកមុខរោងចក្រស្រាបៀរអង្គរនោះកាលពីសម័យ ប៉ុល ពត វាជាថ្លុកទឹកដក់តូចល្មមទេតែនាសម័យលោក ប៉ុល ពត នោះគេឱ្យជីកថ្លុកនោះយកអាចម៌ដីទៅលើកទំនប់ក៍បានក្លាយទៅជា ស្រះទឹក យ៉ាងធំល្វឹងល្វើយតាំងពីពេលនោះរហូតមកដល់សព្វថ្ងៃ។

លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ហៅកាត់ថា «ស៊ីអិនរ៉ូ (CNRO)» ប្រចាំ ខែត្រព្រះសីហនុ មានប្រសាសន៍ថា លោកមិនដឹងថា ស្រះទឹកខាងលើពីមុនជាអ្វីនោះទេដោយគ្រាន់តែដឹងថា វាជាស្រះទឹកដ៏ធំធេង មានឈូក ព្រលឹត និងមានត្រីដែលប្រជាពលរដ្ឋនាំគ្នាអាស្រ័យផលរួម ហើយវាក៍ជាស្រះទឹកមួយដែលអាចស្តុកទឹកភ្លៀងបានច្រើនផងដែរ។ ដូច្នេះថ្នាក់ដឹកនាំខែត្រ និងមន្ទីរជំនាញគួរតែនិរាករណ៍បណ្ណកម្មសិទ្ធិទាក់ទងនឹងស្រះទឹកខាងលើនេះចោល រួចដកហូតស្រះទឹកនោះយកមកទុកជាសម្បត្តិសាធារណៈរបស់រដ្ឋវិញ និងគួរបន្តចរន្តការនៃគម្រោងអភិវឌ្ឍស្រះទឹកដ៏ធំនោះជារមណីយដ្ឋានសម្រាប់ប្រជាពលរដ្ឋទូទៅចេញចូលប្រើប្រាស់កម្សាន្តតាមតម្រូវការដើម្បីឱ្យវាស័ក្ដសមនឹងក្រុងទេសចរណ៍ ដែលមានការអភិវឌ្ឍន៍ស្ដង់ដារទំនើបកំពុងតែរីកចម្រើនទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិពិសេសវាជាទីក្រុងផ្ដល់ចំណាប់អារម្មណ៍ដល់អ្នកវិនិយោកទន់ផងដែរ។

កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និងសំណង់ ខែត្រព្រះសីហនុ មិនបានឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានយើងទេពេលទាក់ទងសុំការបញ្ជាក់តាមប្រព័ន្ធតេឡេក្រាមយ៉ាងដូច្នេះថា «តើខ្ញុំអាចសុំការបញ្ជាក់ពីស្រះទឹកមុខរោងចក្រស្រាបៀរអង្គរបន្តិចបានទេថា តើស្រះទឹកមួយនេះមន្ទីរជំនាញរបស់លោកបានចេញបណ្ណកម្មសិទ្ធិស្របច្បាប់ជាប្រព័ន្ធអស់ហើយមែនឬ ? និងការចេញប្លង់កម្មសិទ្ធិកន្លងមកមួយចំនួននៅនឹងស្រះទឹកនេះខាងមន្ទីរជំនាញផ្អែកលើអ្វីខ្លះដែរបាទ ? សូមអរគុណ»។
ចំណែកលោក ឃាង ភីរម្យ អ្នកនាំពាក្យ ខែត្រព្រះសីហនុ ក៍ពុំបានអធិប្បាយពីមូលហេតុដែលរដ្ឋបាល ខែត្រព្រះសីហនុ មិនបន្តគម្រោងអភិវឌ្ឍស្រះទឹកខាងលើទៅជារមណីយដ្ឋានផងដែរពេលអ្នកសារព័ត៌មានចោទសួរតាមប្រព័ន្ធតេឡេក្រាមកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ថា «តើរដ្ឋបាល ខែត្រព្រះសីហនុ បច្ចុប្បន្ននៅតែបន្តគម្រោងអភិវឌ្ឍស្រះទឹកមុខស្រាបៀរអង្គរទៅជា រមណីយដ្ឋានសម្រាប់សាធារណៈ និងធ្វើសួនច្បារព័ទ្ធជុំវិញស្រះទឹកនោះដែរទេ ? » ។ លោក ឃាង ភីរម្យ គ្រាន់តែផ្ដល់ចម្លើយយ៉ាងខ្លីថា «ក្រុមជំនាញកំពុងសិក្សា» ។

ប្រជាពលរដ្ឋរស់នៅក្រុងនិង ខែត្រព្រះសីហនុ មានក្ដីសោមនស្សរីករាយក្រៃងលែងពេលឃើញអភិបាលខែត្រថ្មីសព្វថ្ងៃត្រូវបានតែងតាំងឱ្យមកស្ដារស្ថានភាពនៅ ក្រុងព្រះសីហនុ ដែលគេមើលឃើញថា មានសភាពដុនដាប។ ប៉ុន្តែផ្ទុយទៅវិញមិនទាន់បានមួយខែផងលោក គួច ចំរើន អភិបាល ខែត្រព្រះសីហនុ បានធ្វើឱ្យពលរដ្ឋខកចិត្តអស់សង្ឃឹមឥតឧបមា ដែលលោកបានចុះហត្ថលេខាលើលិខិតអនុញ្ញាតឱ្យម្ចាស់បណ្ណកម្មសិទ្ធិទាក់ទងនឹងស្រះទឹក ចាក់ដីលុប ដែលត្រូវគេកាឡៃស្រះទឹកថាជាដីចម្ការ។ តើហេតុអ្វីមុននឹងលោកអភិបាលខែត្រចុះហត្ថលេខាលើលិខិតអនុញ្ញាតឱ្យគេចាក់ដីលុបស្រះឈូកនោះ ម្ដេចលោកមិនបង្កើត គណៈកម្មការ ចុះអង្កេតពិនិត្យស្រាវជ្រាវជាមុនសិន ថាតើទីតាំងនោះជាដីចម្ការមែនឬជាស្រះទឹកធម្មជាតិ ឬមួយលោកមានអ្វីបិទបាំង ?

គួររំឭកថា រដ្ឋបាលខែត្រព្រះសីហនុ នាពេលបច្ចុប្បន្នមិនត្រឹមតែមិននិរាករណ៍បណ្ណកម្មសិទ្ធិទាក់ទងនឹងស្រះទឹកខាងលើប៉ុណ្ណោះទេ សូម្បីតែគម្រោងអភិវឌ្ឍរមណីយដ្ឋាន និងកន្លែងកម្សាន្តនានាក្នុង ក្រុងព្រះសីហនុ ដែលរដ្ឋបាលខែត្រព្រះសីហនុ ក្នុងអាណត្តិដឹកនាំដោយលោក យន្ត មីន បានគ្រោងទុកទាំងអម្បាលមានក៍ពុំឃើញមានសកម្មភាពបន្តឡើយ។ ក្នុងនោះដូចជា គម្រោងស្ថាបនាស្ពានអាកាសមុខរោងចក្រញូស្ដារ ឃ្លាំងលើ សួនច្បារនៅបេនឡាន ជិតអតីតមហោស្រព សួនកុមារមុខភូមិគ្រឹះសម្ដេចតេជោ ជាដើម។ល។ ៕

Domnakneak Resort


បង្ក្រាបទីតាំងម៉ាស្សា បង្កប់សេវាផ្លូវភេទ នៅខណ្ឌព្រែកព្នៅ ឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ និងរកឃើញនារីរងគ្រោះ៨នាក់

ស្ត្រីម្នាក់ចូលបំភ្លឺប្រមាថ មាក់ងាយដល់ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៅបាត់ដំបង

ចាងហ្វាងការផ្សាយរបស់ គេហទំព័រ KCTV ចេញលិខិតំភ្លឺជាសាធារណៈពាក់ព័ន្ធសេចក្តីរាយការណ៍ធ្វើឱ្យប៉ះគម្រោងអភិវឌ្ឍន៍ដីឡូតិ៍របស់អ្នកឧកញ៉ាឡេង ណាវ៉ាត្រា។ សូមអានលិខិតបំភ្លឺទាំងស្រុងខាងក្រោម៖

អភិបាលខេត្តព្រះសីហនុ អំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្តិសាធារណៈ

ក្តៅក្តៅ ! សម្ថកិច្ចចាប់បានអ្នកទោសទី៤ ក្នុងចំនោម៧នាក់ដែលហែកគុកលួចរត់ ពេលសួរនាំទើបដឹងថាជាមេខ្លោងរៀបគំរោងការនេះ

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញពិធីបញ្ចុះបឋមសិលាអគារមន្ទីរពេទ្យបង្អែករមាសហែក ខេត្តស្វាយរៀង

ACU គួរតែបើកការស៊ើបអង្កេតលើនាយខណ្ឌរដ្ឋបាលព្រៃឈើ ខែត្រតាកែវ ករណីគប់គិត នាំឱ្យមានការកាប់បំផ្លាញទន្រ្ទានព្រៃសហគមន៍ត្រពាំងធំខាងត្បូងអស់ជិត២០០ហិកតា (មានវីដេអូ)

ឯកឧត្ដម ម៉ែន វិបុលបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល២០២២-២០២៤ តាមរយៈប្រព័ន្ធវីដេអូ Zoom…
