ដីព្រៃសហគន៍ត្រពាំងធំខាងត្បូងជិត២០០ហិកតាកំពុងត្រូវបានអាជ្ញាធរ និងជនខិលខូចមានអំណាចគប់គិតហែកចែកគ្នាស៊ី

88

ដោយៈ អធិបតី
ខែត្រតាកែវៈ ក្រោយការរៀបចំការបោះឆ្នោតបណ្តេញអតីតប្រធានសហគន៍ការពារព្រៃឈើត្រពាំងធំខាងត្បួង បានដោយជោគជ័យក្នុងអំឡុងចុង ឆ្នាំ២០២១ រួចមក ដីព្រៃសហគន៍ប្រមាណ១៨៩ហិកតា ក្នុងចំណោមផ្ទៃដីសរុប៥៨៣ហិកតាត្រូវអាជ្ញារធរ និងជនខិលខូចមួយចំនួន មានលុយមានអំណាចហែកចែកគ្នាស៊ីដោយគ្មានខ្លាចញញើតច្បាប់បន្តិចសោះឡើយ បើទោះបីជាតំបន់នោះត្រូវបានចុះបញ្ជីការនៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួចរាល់ពីសំណាក់លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ យ៉ាងណាក៍ដោយ។

មហាជនហាក់មើលឃើញអំពីភាពកំសាកញី និងមិនយកចិត្តទុកដាក់ នៃការគ្រប់គ្រងរក្សាការពារតំបន់ព្រៃសហគមន៍ ជាប់ជួរភ្នំដំរីរមៀលពីសំណាក់លោក ស៊ឹម ឡាប៉័ង នាយខណ្ឌរដ្ឋបាលព្រៃឈើ ខែត្រតាកែវ ដែលមានទីតាំងស្ថិតនៅ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខែត្រតាកែវ គឺមិនមានចំណាត់ការ និងការអន្តរាគមន៍ទាន់ពេលវេលានេះហើយ ទើបបណ្តាលឱ្យជនមានគំនិតអាក្រក់មានអំណាចលុយកាក់បានដៃ ហ៊ានរៀបចំផែនការកាន់កាប់ដីព្រៃសហគមន៍បានដោយរលូន។

ងាកមកលោក ស៊ឹម ឡាប៉័ង ឯនេះវិញគ្រាន់តែដឹងថា អ្នកសារព័ត៌មានភ្លាមលោកក៍ចុចបិទទូរស័ព្ទភ្លែតតែម្តងទោះជាមានការហៅចូលច្រើនដងយ៉ាងណាក្តី អ្នកសារព័ត៌មានយើងបានត្រឹមតែឮសំឡេងរោទ៍ និងឃ្លាបញ្ចប់ថា សូមអភ័យទោសលេខទូរស័ព្ទដែលលោកអ្នកកំពុងហៅ មិនមានការឆ្លើយតបនោះទេ សូមអរគុណ។

ព្រៃសហគមន៍ត្រពាំងធំខាងត្បូងចំនួន១៨៩ហិកតា ត្រូវបានកាប់ទន្រ្ទានបំផ្លាញស្ទើរតែទាំងស្រុងដោយមានការបែងចែកជាចំណែកៗតូចធំរួចជាស្រេច ខ្លះមានព័ទ្ធរបង សង់ផ្ទះ សង់រោងសម្រាប់រស់នៅ និងខ្លះទៀតមានសង់កសិដ្ឋានសម្រាប់ចិញ្ចឹមសត្វពពែដែលហាក់បីដូចជាភូមិដ្ឋានមួយដូច្នេះដែរ។ ដីព្រៃសហគមន៍ត្រពាំងធំខាងត្បូង មានផ្ទៃដីសរុប៥៨៣ហិកតានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាស លេខ០៧៤ ប្រក.កសក ស្ដីពីការបង្កើត និងការគ្រប់គ្រងតំបន់ព្រៃសហគមន៍ក្នុង ខែត្រតាកែវចុះហត្ថលេខាដោយលោក ច័ន្ទ សារុន កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣។ ព្រៃសហគមន៍ត្រពាំងធំខាងត្បូងនេះជាព្រៃសហគមន៍មួយស្ថិតក្នុងចំណោមព្រៃសហគមន៍ទាំង៦នៃ ខែត្រតាកែវ។

ក្រសួងកសិកម្ម បានចេញលិខិតមួយលេខ ៥៨៤៤ កសក កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ជម្រាបជូន លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខែត្រតាកែវ ដោយក្នុងកម្មវត្តុបានបញ្ជាក់ថា ករណីរបាយការណ៍ ស្តីពីការស្នើសុំដីមួយកន្លែងទំហំ២៥ហិកតាសម្រាប់បណ្តុះបណ្តាល ហ្វឹកហ្វឺនយោធិន និងជីវភាពរបស់យោធិន នៃកងពលតូចដឹកជញ្ជូនលេខ៩៩ ដែលជាដីស្ថិតក្នុង ដីសហគមន៍ព្រៃឈើត្រពាំងធំខាងត្បូង ភូមិត្រពាំងសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខែត្រតាកែវ។ តបតាមកម្មវត្តុខាងលើ លោក ស្រី វុឌ្ឍី ជាអគ្គលេខាធិការ នៃក្រសួងកសិកម្ម បានបញ្ជាក់ថា «ចំពោះរបាយការណ៍ ស្តីពីការស្នើសុំដីមួយកន្លែងទំហំ២៥ហិកតាសម្រាប់បណ្តុះបណ្តាល ហ្វឹកហ្វឺនយោធិន និងជីវភាពរបស់យោធិន នៃកងពលតូចដឹកជញ្ជូនលេខ៩៩ ដែលជាដីស្ថិតក្នុង ដីសហគមន៍ព្រៃឈើត្រពាំងធំខាងត្បូង ភូមិត្រពាំងសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខែត្រតាកែវ នោះក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សម្រេចមិនអនុញ្ញាតជូនឡើយដោយរក្សាទុកប្រើប្រាស់សម្រាប់ផលប្រយោជន៍ព្រៃសហគមន៍»។

យោងតាមប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានប្រាប់ឱ្យដឹងថា លោក សំ សារ៉ូ កាលនៅជាប្រធានសហគមន៍ការពារព្រៃឈើត្រពាំងធំខាងត្បូង គាត់តែងតែណែនាំប្រជាពលរដ្ឋឱ្យមានការយល់ដឹងអំពីគុណតម្លៃ នៃព្រៃឈើ និងតែងតែដឹកនាំកម្លាំងក្នុងសហគមន៍ចុះល្បាតដែនសហគមន៍ជាប្រចាំ ទើបធ្វើឱ្យព្រៃនៅគង់វង្សបើទោះជាមានការអូសទាញ គំរាមកំហែងលាភពណ៌យ៉ាងណាក្តីក៍លោកនៅតែរក្សាជំហរដើមនៅដដែល គឺមិនបើកដៃឱ្យគេកាប់ព្រៃរានយកដីនោះទេ។ ដូចការនេះហើយគាត់ក្លាយជាឆ្អឹងទទឹងករបស់គេរហូត ទើបឈានដល់ធ្វើការបោះឆ្នោតបណ្តេញលោកចេញពីតំណែងប្រធានសហគមន៍ក្នុងអំឡុង ខែកញ្ញា ឆ្នាំ២០២១។ ក្រុមខិលខូចក៍បានលើកបន្តុបលោក ឃឹម ណេវ ដែលជិតដិតជាមួយលោកធំម្នាក់មានងារជាឧត្តមសេនីយ៍ទោថែមទៀតផង។

ប្រភពបន្តទៀតថា ការបោះឆ្នោតជ្រើសរើសសហគមន៍ថ្មីនោះមិនអាចយកជាការបានទេ ព្រោះសហគមន៍ចាស់នៅមានសុពលភាពនៅឡើយ ហើយសមាជិកទាំងអស់ក៏មិនបានប្រព្រឹត្តិខុស ឬបោះបង់ចោលតួនាទីរបស់ខ្លួនផងនោះដែរ។ ចុះហេតុអ្វីត្រូវជ្រើសរើសប្រធាន ឬសមាជិកថ្មីហើយទាត់ក្រុមចាស់ចោល? លោក ឃឹម ណេវ គ្រាន់តែឡើងធ្វើធំភ្លាម បានបើកដៃឱ្យត្រាក់ទ័រជាច្រើនគ្រឿងចូលឈូសឆាយដីព្រៃសហគមន៍ ទាំងយប់ទាំងថ្ងៃគ្មានការរំខានដល់ មន្ត្រីមូលដ្ឋានថ្នាក់ឃុំ ថ្នាក់ស្រុក ឬមន្ត្រីជំនាញណាមួយឡើយ។ នៅអំឡុងថ្ងៃទី៣នៃថ្ងៃបុណ្យភ្ជុំបិណ្ឌ ត្រាក់ទ័រជាច្រើនគ្រឿងសម្បុកចូលឈូសឆាយដីព្រៃសហគមន៍ យ៉ាងអនាធិបតេយ្យបំផុតក្រោមការបញ្ជារបស់លោក ស៊ីវ ម៉ៅ និងការហុចដាវបើកភ្លើងខៀវចាំមើលផ្លូវរបស់លោក មែ សំណាង នាយប៉ុស្តិ៍រដ្ឋបាល ឃុំត្រពាំងធំខាងត្បូង ថែមទៀតផង។

អ្នកដែលបានដឹងរឿងនេះច្បាស់បានប្រាប់អង្គភាពសារព័ត៌មានយើងថា លោក ហ៊ុល សំអុន គឺម្ចាស់ដីដែលបានឈូសឆាយរំលោភយក
ដីព្រៃសហគមន៍ ជាង១៦ហិកតាដោយប្រើប្រាស់ដៃជើង បរិវាជាអ្នកធ្វើសកម្មភាពផ្ទាល់ ហើយខ្លួនគាត់ជាអ្នកនៅពីក្រោយរត់ការកាង
ការពារគ្រប់សកម្មភាពនានា ដែលរំខានដល់គម្រោងការវាតទីយកដីព្រៃទាំងនោះ។ លោក ហ៊ុល សំអុន ក៍មានមេការជំនិតម្នាក់ផងដែរ
ឈ្មោះ ស៊ីវ ម៉ៅ បើសិនជាមានអ្នកសារព័ត៌មាន ឬអាជ្ញាធរជំនាញណាដែលបានចុះទៅដល់ទីតាំងនោះ ដែលមិនមែនជាបក្ខពួកខ្លួន
ឈ្មោះស៊ីវ ម៉ៅ នឹងបញ្ជាឱ្យក្រុមបរិវាស្ទាក់ផ្លូវ បង្កការអុកឡុកជាក់ជាមិនខានឡើយ។ ជាក់ស្ដែងក្រុមគណៈកម្មការចម្រុះចុះទៅក៏ត្រូវបាន
គេប្រមូលមនុស្ស២០ទៅ៣០នាក់មករារាំងផងដែរ នេះបើយោងតាមរបាយការមួយក្នុងអំឡុងខែមករា ឆ្នាំ ២០២២ របស់មន្ទីរកសិកម្មខែត្រ។

លោក ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានបញ្ជាក់ប្រាប់សារព័ត៌មានយើងកាលពីរសៀលថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ
២០២២ នេះថា ដីដែលមានព័ទ្ធរបង សង់រោងចិញ្ចឹមពពែ និងដាំដំណាំផ្សេងៗនោះ គឺជាដីរបស់អង្គភាពរបស់គាត់។ ប៉ុន្តែសម្រាប់ដី២៥
ហិកតាដែលលោកបានស្នើសុំទៅ ខែត្រតាកែវ កាលពី ឆ្នាំ២០២០ ក្រសួងកសិកម្ម មិនបានអនុញ្ញាតជូននោះទេ។ បន្ថែមពីលើនេះផង
ដែរលោកបានទទួលស្គាល់ថា ដីចំនួន១៦ហិកតាដែលថា ជារបស់អង្គភាពនោះពិតជាបានប៉ះពាល់ ដីព្រៃសហគមន៍ ពិតមែនពោលគឺ
ប៉ះត្រង់ចំណុចផ្អែកខាងលើ និងផ្នែកដែលមានសង់ផ្ទះលំហែ។

យោងតាមកំណត់ហេតុរបស់ គណៈកម្មការចម្រុះដឹកនាំដោយលោក ខាន់ សុខា ប្រធានក្រុមការងារ កាន់លិខិតបេសកកម្មលេខ១១៥
និង១៣០ មកសិ/តក ចុះថ្ងៃទី២៥ និង ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ចេញដោយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខែត្រតាកែវ បាន
ចុះចុចយកទីតាំងដីដែលជនល្មើសកាប់ដើមឈើ ទន្រ្ទានហ៊ុព័ទ្ធរបង ដាំដំណាំ សង់រោង សង់ផ្ទះនៅលើដីព្រៃឈើ សហគមន៍ត្រពាំងធំ
ខាងត្បូង ដោយប្រើ GPS MAP 64Sc Daturn WGS84 ដើម្បីចុចយកចំណុច និយាមការជាក់ស្តែងឃើញថា ការរំលោភ ដីព្រៃសហគមន៍
មាន៣២ចំណុចតែមិនទាន់អស់នោះទេដោយសារមានការរារាំងពីប្រជាពលរដ្ឋប្រមាណពី២០ទៅ៣០នាក់។ ក្រុមការងារដដែលបានពិ
និត្យឃើញថា ព្រៃឈើសហគមន៍ត្រពាំងធំខាងត្បូង បានកាប់អស់រលីងត្រឹមជើងភ្នំ កន្លែងខ្លះមានឈូសឆាយ ហ៊ុព័ទ្ធរបង សង់រោង ដាំ
ចេក ដាំដូង ដាំក្រូច និងដាំស្វាយ។ល។

គួរបញ្ជាក់ថា ដីព្រៃសហគមន៍ត្រពាំងធំខាងត្បូង ដែលមានផ្ទៃដីសរុបចំនួន៥៨៣ហិកតា ត្រូវបានរងការរំលោភបំពានកាប់បំផ្លាញព្រៃឈើ
ទន្ទ្រានយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់អស់ប្រមាណ១៨៩ហិកតា។ ដូច្នេះមានតែ ក្រសួងកសិកម្ម តែមួយប៉ុណ្ណោះដែលអាចមានវិ
ធានការដកហូតយក ដីព្រៃសហគមន៍ ទាំងនោះមកធ្វើជាសម្បត្តិរដ្ឋវិញ សម្រាប់ជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋក្នុង ឃុំត្រពាំងធំខាងត្បូង
ដែលមានរហូតដល់១៣ភូមិដើម្បីទាញយក ប្រើប្រាស់ផល អនុផលព្រៃឈើ ជាលក្ខណៈប្រពៃណី សម្រាប់ការរស់នៅ ទំនៀមទម្លាប់ និង
ជំនឿសាសនា។ ការទាញយកផល អនុផលព្រៃឈើគឺ ស្របតាមលទ្ធភាពធនធាន និងសក្កតានុពលព្រៃសហគមន៍ និងគាំទ្រដល់គោល
នយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ៕