លោក ដួង តារា រដ្ឋលេខាធិកាទីស្តីការគណៈរដ្ឋមន្រ្តី « ខ្ញុំគាំទ្រសម្តេចតេជោក្នុងបេសកកម្មមីយ៉ាន់ម៉ា ២០២២…

120

ទោះបីកម្ពុជាជាប្រទេសតូច សេដ្ឋកិច្ចមិនខ្លាំងជឿនលឿនដូចបណ្តាប្រទេសមួយចំនួនក៏ពិតមែន ប៉ុន្តែកម្ពុជាមានបេះដូងទូលាយប្រកបដោយគុណធម៌និងក្តីស្រឡាញ់ជ្រាលជ្រៅដល់មនុស្សជាតិដូចគ្នា ជាពិសេសប្រជាជនមីយ៉ាន់ម៉ាដែលកំពុងត្រូវការជំនួយអន្តរជាតិ។

កម្ពុជាធ្លាប់បានឆ្លងកាត់របបប្រល័យពូជាសាសន៌និងសង្រ្គាមរ៉ាំរ៉ៃជាច្រើនឆ្នាំកន្លងមកហើយ ដែលចុងក្រោយគឺត្រូវបានបញ្ចប់ដោយការព្រមព្រៀងចរចារគ្នារវាងគ្រប់ភាគីខ្មែរពាក់ព័ន្ធទាំងអស់ដែលបានឈានទៅរំលត់សង្រ្គាមរ៉ាំរ៉ៃបានទាំងស្រុងនិងបាននាំមកវិញនូវសុខសន្តិភាព និងឱកាសកសាងអភិវឌ្ឍន៍ប្រទេសជាតិរីកចម្រើនមកទល់សព្វថ្ងៃ។

កម្ពុជាបានសុខ កម្ពុជាក៏ចង់ឃើញប្រជាជនមីយ៉ាន់ម៉ាមានសេចក្តីសុខដូចគ្នា ហើយកម្ពុជាក៏មិនចង់ឃើញមីយ៉ាន់ម៉ានៅឯកោ ក្រៅឆាកអាស៊ានដែរ ។ បើទុកមីយ៉ាន់ម៉ាអោយនៅឯកា គឺប្រជាជនមីយ៉ាន់ម៉ានឹងប្រឈមវិបត្តិនយោបាយសង្គមយ៉ាងធ្ងន់ធ្ងរមិនខាន។

បេសកកម្មពិសេសប្រកបដោយគុណធម៌ មនុស្សធម៌ និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការជួយដោះស្រាយវិបត្តិមីយ៉ាន់ម៉ានឹងផ្តល់នូវផលប្រយោជន៍ជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសជាសមាជិកអាស៊ានមួយនេះអោយរួចផុតពីវិបត្តិទាំងឡាយដែលប្រជាជាតិមីយ៉ាន់ម៉ាកំពុងប្រឈម។ មានតែការនិយាយគ្នាទេ ទើបអាចឈានទៅរកដំណោះស្រាយជាវិជ្ជមានជាច្រើនទៀតបាន។

ខ្ញុំបាទមានជំនឿលេីទេពកោសល្យដ៏ប៉ិនប្រសព្វឈ្លៀសវៃ រប់សម្តេចតេជោក្នុងការដោះស្រាយបញ្ហា និងសូមគោរពគាំទ្រទាំងស្រុងចំពោះបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លាបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការជួយប្រជាជនមីយ៉ាន់ម៉ាអោយទទួលបាននូវសុខសន្តិភាពនិងឱកាសកសាងប្រទេសជាតិចាប់ពី ឆ្នាំ ២០២២ នេះតទៅ ។

ខ្ញុំមានមោទនភាពយ៉ាងខ្លាំងដែលមានមេដឹកនាំមិនត្រឹមតែគិតគូអំពីសុខទុក្ខពលរដ្ឋខ្មែរទេ ប៉ុន្តែបានយកចិត្តទុកដាក់គិតគូអំពីសុខទុក្ននិងវាសនាអនាគតពលរដ្ឋនៃប្រទេសដទៃអោយមានសេចក្តីសុខដូចកម្ពុជាផងដែរ ជាពិសេសក្នុងស្ថានភាពដ៏លំបាកបំផុតនេះ។