បុគ្គលឈ្មោះ ជា លាង សារភាពដឹងពីកំហុស និងសុំទោសជាសាធារណៈ ក្រោយយករថយន្ដបិទផ្លូវ និងប្រមាថមន្ដ្រីរាជការសាធារណៈ

59

ភ្នំពេញ៖ បុរសម្នាក់ឈ្មោះ ជា លាង បានភ្ញាក់ខ្លួនដឹងពីកំហុស និងសរសេរលិខិតសុំទោសជាសាធារណៈ ក្រោយពេលដែលសមត្ថកិច្ចឃាត់ខ្លួនពីបទ «ប្រឆាំងនឹងអ្នករាជការសារធារណៈ» ដោយយករថយន្ដ២គ្រឿងបិទផ្លូវមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរ ។

ក្នុងលិខិតសុំទោសដែលផ្ញើទៅកាន់រដ្ឋបាលខណ្ឌទួលគោក បុគ្គលឈ្មោះ ជា លាង បានបញ្ជាក់ថា «ខ្ញុំបាទសូមអភ័យទោសចំពោះទង្វើដែលមិនគប្បីចំពោះបងសមត្ថកិច្ច ដែលបានចុះអនុវត្ដច្បាប់ក្នុងការស្ទូចឡាន ។ ដោយដឹងពីកំហុសឆ្គងកន្លងមក ខ្ញុំបាទសង្ឃឹមថា អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធក្នុងការកើតហេតុ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ មេត្តាយោគយល់អធ្យាស្រ័យដល់រូបខ្ញុំបាទ» ។

គួររំលឹកថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ ៤៖៣០នាទីរសៀល កម្លាំងរបស់អធិ​ការដ្ឋាន នគរបាលខណ្ឌទួលគោក ដោយមានការអនុញ្ញាត និងបញ្ជាផ្ទាល់មាត់ពីលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក និងដឹកនាំផ្ទាល់ពីលោក ទាវ សំអឿន អភិបាលរងខណ្ឌទួលគោក និងមានកិច្ចសម្របសម្រួលពីលោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ក្រុមប្រតិបត្តិការបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ជាក់ស្ដែងពីបទ «ប្រឆាំងនឹងអ្នករាជការសារធារណៈ» នៅចំណុចមុខផ្ទះលេខ២០៣ ផ្លូវលេខ១៣២ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមការបញ្ជាក់ពីអាជ្ញាធរបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជា លាង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មើលការខុសត្រូវផ្ទះជួល ស្នាក់នៅផ្ទះលេខ២០៣ ផ្លូវលេខ១៣២ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ប្រតិបត្តិការនេះ អាជ្ញាធរបានរឹបអូសរថយន្តចំនួន០២គ្រឿងម៉ាក VISTO កូរ៉េ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-8050 និងរថយន្តម៉ាក Camry ស៊េរី 2007 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-6830 ។

បនន្ថែមពីនេះ អាជ្ញាធរបានបញ្ជាក់ឱ្យដឹងទៀតថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ៤៖០០នាទីរសៀល ជនសង្ស័យឈ្មោះ ជា លាង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ បានបើករថយន្តម៉ាក VISTO កូរ៉េ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-8050 និងរថយន្តម៉ាក Camry ស៊េរី 2007 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-6830 មកចតចំកណ្ដាល​ទ្រូងផ្លូវលេខ១៣២ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដោយបានរំខាន និងរារាំងប្រជាពលរដ្ឋមិនអាចធ្វើដំណើរបាន ។

ភ្លាមៗនោះក្រុមប្រតិបត្តិការបានធ្វើការណែនាំឲ្យម្ចាស់រថយន្តឈ្មោះ ជា លាង បើករថយន្តចេញពីទ្រូងផ្លូវ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរបានឡើងវិញ ប៉ុន្តែឈ្មោះ ជា លាង បានបដិសេធមិនព្រមបើកឡានចេញទេ ពេលនោះក្រុមប្រតិបត្តិការបានយកខ្នោះចាក់កង់រថយន្ត ដើម្បីចាក់កង់រថយន្តត្រៀមលក្ខណៈស្ទូចរថយន្ត ចេញពីលើទ្រូងផ្លូវ តែត្រូវបានម្ចាស់រថយន្តឈ្មោះ ជា លាង ដណ្ដើមយកខ្នោះពីសមត្ថកិច្ច ដោយរារាំងមិនឲ្យចាក់កង់រថយន្ត ហើយយកខ្នោះកំទេចចោលបោះចូលទៅក្នុងផ្ទះរបស់ខ្លួន ពេលនោះសមត្ថកិច្ចក៏បានទៅហៅឈ្មោះ ជា លាង មកសួរនាំ ប៉ុន្តែត្រូវបានឈ្មោះ ជា លាង បានរុញច្រានសមត្ថកិច្ច ដែលឈានដល់ការឃាត់ខ្លួន ឈ្មោះ ជា លាង ក្នុងបទល្មើសជាក់ស្ដែង និងចាប់យករថយន្តចំនួន០២គ្រឿងខាងលើ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់តែម្ដង ៕