មិនដឹងកូនកើតមុនឪឬរៀបស៊ីពីលើទើបប្រធានភូមិបាលស្រុកស្វាយលើហ៊ានបោះត្រាលើសាលាបត្រសម្រង់ព័ត៌មាន ក្បាលដីរហូតដល់ជាង៤៥ហិកតាទាំងដែលមិនមានស្នាមមេដៃអ្នកស្នើសុំ !

93

ខែត្រសៀមរាបៈ ប្រជាកសិករស្រឡាំងកាំង និងភ្ញាក់ផ្អើលជាខ្លាំងក្រោយពីមានកម្លាំងទាហានចុះមកហាមឃាត់កសិកកំពុងបង្កបង្កើនផលគំរាមឃាត់ត្រាក់ទ័រ
និងចាប់ខ្លួនដោយសំអាងថា ដីនោះជាដីរបស់ពួកគេបានទិញរួចហើយ ថែមទាំងមានមានបង្ហាញសាលាបត្រសម្រង់ព័ត៌មានប្លង់ក្បាលដីបោះត្រាដោយលោក
សុខ សាយ ប្រធានភូមិបាល ស្រុកស្វាយលើ ទៀតផង។ តែអាជ្ញាធរភូមិឃុំបដិសេធ និងចោទថា ឯកសារនោះមិនប្រក្រតី ព្រោះកន្លងមកក៍ធ្លាប់មានការលក់ដី
ខ្យល់ ប្លង់ខ្យល់បែបនេះដែរ ចុងក្រោយដឹងដល់អភិបាលស្រុកលោក អៀង ពិសិដ្ឋ ក៍ស្ងប់ទៅវិញមួយរយៈ។

ប្រជាពលរដ្ឋរងគ្រោះស្នើសុំអន្តាគមន៍ពីអាជ្ញាធរឃុំកន្ទួត

យោងតាមប្រភពលើកឡើងនៅព្រឹកថ្ងៃទី៣១ ខែធ្នូ នេះថា លោក យុន សុខជា មានតួនាទីជាវរសេនីយ៍ទោ បម្រើការនៅ សេនាធិការដ្ឋានកងអន្តាគមន៍ប្រចាំ
ខែត្រព្រះវិហា បានកាន់សាលាបត្រសម្រង់ព័ត៌មានដីទំហំ ៤៥៦ ៨១៨ ម៉ែត្រក្រឡាចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ដែលមានស្នាមមេដៃសាក្សី៣នាក់មាន
ឈ្មោះ សូ យ៉ាន ឈ្មោះ លាប ជុន និងឈ្មោះ កែម សារ៉ាត់ តែអ្នកបង្ហាញព្រំឈ្មោះ សុក ប៊ុនឆេង គឺមិនមានស្នាមមេដៃនោះទេតែមានបោះត្រាទទួលស្គាល់
ដោយមន្រ្តីភូមិបាលលោក សុខ សាយ តែប៉ុណ្ណោះ បានដឹកនាំកម្លាំងទាហានជាច្រើននាក់ចុះដេញប្រជាពលរដ្ឋ គំរាមចាប់យកត្រាក់ទ័រយកទៅកន្លែង និងបង្គាប់កសិករឱ្យចាកចេញពីទីតាំងដីនោះជាបន្ទាន់ព្រោះនេះជាដីរបស់លោក។

លោក សាធ ពៅ អភិបាលរងស្រុកស្វាលលើ ទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លី

ប្រជាពលរដ្ឋយ៉ាងហោច៦គ្រួសារបានផ្ទុះការតវ៉ា និងស្នើសុំអន្តរាគមន៍ពីលោក ពៀត ណារ៉ង មេឃុំកន្ទួត បន្ទាប់ពីរងការគំរាមកំហែងរួចមក។ លោក ពៀត
ណារ៉ង មេឃុំកន្ទួត បានកោះហៅឱ្យភាគីទាំងសងខាងយកឯកសារមកសាលាឃុំដើម្បីផ្ទៀងផ្ទាត់តែភាគីលោក យុន សុខជា មិនបានចូលរួមនោះទេដោយ
បង្ហាញតែឯកសារ២សន្លឹកតាមទូរស័ព្ទគឺ សន្លឹកទី១ សាលាបត្រសម្រង់ព័ត៌មានប្លង់ក្បាលដីដែលមានទំហំ ៥៦៨ ១៨ម៉ែត្រក្រឡា ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០
និងសន្លឹកទី២ កំណត់ហេតុ ស្តីពីការចុះពិនិត្យដីស្នើសុំផ្ទៀងផ្ទាត់គម្របព្រៃឈើចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ តែប៉ុណ្ណោះ។ ឆ្លើយប្រាប់អង្គភាពសារព័ត៌មានយើង
លោកមេឃុំដដែលបានបញ្ជាក់ថា (សំឡេងមេឃុំ)

បង្គោលថ្មីដាំថ្មីៗ ក្រោយដេញកសិករចេញផុត ថ្ងៃទី 26/12/2021

លោក សាធ ពៅ អភិបាលរង ស្រុកស្វាយលើ បានប្រាប់ឱ្យដឹងកាលពីថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០២១ នេះថា លោកមិនបានដឹងអំពីការលក់ដូរដីនៅតំបន់នោះទេក្នុង
នាមអាជ្ញាធរធ្វើតាមការស្នើសុំរបស់ប្រជាពលរដ្ឋដែលបានស្នើសុំឱ្យចុះត្រួតពិនិត្យ ចុះបញ្ជីដីធ្លីតែប៉ុណ្ណោះ។ ជាក់ស្តែងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ លោក
ពិតជាបានដឹកនាំកម្លាំងឯកភាពស្រុកគ្រប់ជំនាញចុះទៅស្រង់កំណត់ហេតុ ស្តីពីការចុះពិនិត្យដីស្នើសុំផ្ទៀងផ្ទាត់គម្របព្រៃឈើពិតមែនតែមិនមែនដីជាង៤៥
ហិកតាដូចការលើកឡើងនោះទេ។ ពោលការចុះទៅនោះតបតាមការស្នើសុំរបស់ឈ្មោះ ថា ភិរុណ ភេទប្រុសអាយុ៣៨ឆ្នាំរស់នៅ ភូមិកន្ទួត ឃុំកន្ទួត ស្រុក
ស្វាយលើ នេះដែលមានទំហំដីរហូតដល់ជាង៥០ហិកតាឯណោះ។

លោក យុន សុខជា ដែលរងការចោទប្រកាន់ពីប្រជាពលរ្ឋ

លោក យុន សុខជា ដែលរងការចោទប្រកាន់បានឆ្លើយតប កាលពីថ្ងៃទី៣០ ខែធ្នូ នេះថា គាត់ធ្វើឯកសារស្នើសុំចុះសម្រង់ព័ត៌មានប្លង់ក្បាលដីនេះត្រឹមត្រូវ
គឺធ្វើពីក្រោមឡើងលើ ហើយដីនេះលោកជាអ្នកសម្របសម្រួលទិញឱ្យក្មួយក្នុងអំឡុង ឆ្នាំ២០២០។ ការទិញហ្នឹងមានលិខិតស្នាមផ្ដិតមេដៃព្រមព្រៀងគ្នាផ្ទេរ
សិទ្ធិអស់ហើយថែមទាំងមានបង់ពន្ធដល់ថ្នាក់ខែត្រទៀតផង។ ចំពោះអ្នកណាខ្លះលក់ អ្នកណាខ្លះផ្ទេរសិទ្ធិ អ្នកណាខ្លះលក់ផ្តាច់អីលោកមិនបានដឹងទេ
ហើយក៍មិនមានអ្នកតវ៉ាអ្វីដែរ។ លោក យុន សុខជា ក៍បានទទួលស្គាល់ថា លោកពិតជាបានប្រើកម្លាំងទាហានចុះទៅហាមឃាត់កសិករនៅតំបន់នោះ និងបានបោះបង្គោលព្រំពិតមែនតែមិនមែនកម្លាំងទាហានក្រោមបញ្ជារបស់លោកទេ គឺកម្លាំងរបស់បរិស្ថាន គោលបំណងដែលចុះហាមឃាត់នោះ គឺដើម្បីរកមុខម្ចាស់ដីចេញមកដោះស្រាយគ្នា ពីព្រោះវាជាន់ដីដែលលោកបានទិញនាពេលកន្លងទៅ។

អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ

ដោយឡែកខាង មន្រ្តីបរិស្ថាន ប្រធានផ្នែកឧទ្យាននុរក្ស និងប្រធានផ្នែកដែនជម្រកសត្វព្រៃ ស្រុកស្វាយលើ បានបដិសេធព្រមៗគ្នាថា លោកមិនបាន
បញ្ជាកម្លាំងឱ្យយចុះទៅហាមឃាត់កសិករ និងបានបោះបង្គោលកំណត់ព្រំដីដូចការលើកឡើងរបស់លោក យុន សុខជា នោះទេដោយសារនៅពីថ្ងៃទី
២៦ ខែធ្នូ ឆ្នាំ២០២១ នោះអង្គភាពលោករៀបចំកម្មវិធីជប់លៀងប្រចាំឆ្នាំ រឿងលើសពីនេះលោកក៍មិនបានដឹងនោះទេ…។

ក្រឡេកមកលោក សុខ សាយ ប្រធានភូមិបាល ស្រុកស្វាយលើ ដែលហ៊ានបោះត្រាលើឯកសារសាលាបត្រមិនប្រក្រតីឯណេះវិញបានចុចបិទទូរស័ព្ទ
ភ្លាមៗក្រោយពេលដឹងថា អ្នកសារព័ត៌មានសួរនាំហើយលេខទូរស័ព្ទ ០៨៨ ៩៨ ៨៨ ៤០៥ របស់លោកវិញមិនអាចទំនាក់ទំនងបានទេទោះបីក្រុមការងារ
យើងព្យាយាមចុច២ថ្ងៃជាប់ៗគ្នាយ៉ាងណាក្តី។

បញ្ជីរវត្តមានចុះពីនិត្យដីកាលពីឆ្នាំ ២០១៩ លើផ្ទៃដី 50.7000 ហិចតា

ប្រភពពីប្រជាពលរដ្ឋដែលរងគ្រោះបានកំពុងមានការព្រួយបារម្ភព្រោះល្បីថា លោកវរសេនីយ៍ទោ យុន សុខជា មានខ្សែខ្នងក្រាស់ហើយជំនាញខាងរត់
ឯកសារផងជាពិសេសទំនាក់ទំនងរបស់លោកជាមួយ ប្រធានភូមិបាល សុខ សាយ ឯណោះវិញក៍មិនធម្មតាដែរដូចជាករណីនេះជាដើមបើមិនបែករឿង ព្រោះប្រើកម្លាំងទាហានចុះដាំបង្កោលនិងដឹងដល់ អ្នកសារព័ត៌មាន ទេប្រហែលជាគាត់ប្រើអំណាចសម្រេចផែនការនេះជាក់ជាមិនខាន។

ប្រភពបន្តទៀតថា បើលោកពិតជាត្រឹមត្រូវសូមបង្ហាញឯកសារ និងចូលមកតស៊ូមតិផ្ទៀងផ្ទាត់រកខុសត្រូវមកកុំគេចវេសអ្វី។ ការគេចវេសភូតកុហកមុខ
ក្រោយឆ្លើយដាក់អ្នកនេះ ឆ្លើយដាក់អ្នកនោះមិនត្រូវទេយើងនិយាយរឿងច្បាប់តែលោកមិនស្តាប់បែរជារុញឱ្យពួកយើងសួរទៅអភិបាលរងស្រុកលោក
សាធ ពៅ ទៅវិញបើសិនពួកខ្ញុំជាប្រជាពលរដ្ឋស្លូតត្រង់ខុសច្បាប់មែនយើងខ្ញុំហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់។

សាលាបត្រព័ត៌មានក្បាលដី ដែលលោក យុន សុខជា សំអាងថាលោកជាម្ចាស់ដី

បញ្ចប់ចម្ងល់មហាជនលោក អៀង ពិសិដ្ឋ អភិបាល ស្រុកស្វាយលើ បានឱ្យដឹងថា លោកមិនទាន់ទទួលបានសំណុំរឿង ឬពាក្យបណ្តឹងនៅឡើយទេ
ហើយលោកសន្យាថា នឹងចាត់ឱ្យមន្ត្រីជំនាញតាមដានរឿងនេះដោយយកចិត្តទុកដាក់បំផុត ទោះជាមានករណីទំនាស់ជាច្រើនរងចាំលោកដោះស្រាយ
យ៉ាងណាក្តី។

ករណីឈានដល់ការប្រើប្រាស់កម្លាំងយោធាដែលជាកម្លាំងស្នូលរបស់ជាតិមកសំឡុតគំរាមប្រជាពលរដ្ឋនៅ ភូមិស្វាយលើ នេះកើតមានឡើងក្រោយ
ពេលប្រជាពលរដ្ឋក្នុងមូលដ្ឋានបានលក់ដីមួយកន្លែងស្ថិតនៅភូមិឃុំខាងលើនៅដើម ឆ្នាំ២០២១ ឃើញឳកាសល្អដីមានហាងឆេងទើបនៅថ្ងៃទី២៦ ខែធ្នូ
ឆ្នាំ២០២០១ វេលាម៉ោងប្រមាណ១០ព្រឹកលោក យុន សុខជា ប្រើប្រាស់ឯកសារលើមេឃ និងកម្លាំងទាហានឱ្យចុះមកដេញពលរដ្ឋកំពុងដក និងដាំដំ
ឡូងចេញ ហើយបញ្ជាឱ្យកម្លាំងរបស់លោកចុះបោះបង្គោលព័ទ្ធយកដីនៅតំបន់នោះជាង៤៥ហិកតាតែម្តង។

លោក យុន សុខជា ដែលរងការចោទប្រកាន់

គួរបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានបានបដិសេធទាំងស្រុងថា មិនបានលក់ដូរ ឬចុះហត្ថលេខាលើឯកសារទិញលក់ណាមួយទេ។ លោក លាប ជុន ក៍មិន
មានដីលក់នោះដែរ។ ជាពិសេសការប្រើប្រាស់កម្លាំងយោធាដោយបំពានច្បាប់ និងរំលោភយកដីពលរដ្ឋនេះជាទង្វើមិនអាចទទួលយកបាន និងស្នើ
សុំឱ្យថ្នាក់លើមានវិធានការផ្លូវច្បាប់ឱ្យបានតឹងរឹងដើម្បីកុំឱ្យអ្នកមានអំណាចមួយចំនួនយកតម្រាប់តាម៕ ដោយៈ អធិបតី