ពិតជាហ៊ានណាស់! ក្រុមហ៊ុន7NG ដោយមើលឃើញតម្លៃដីខ្ពស់ក៍មានចិត្តលោភលន់ បានលក់ដីចំណតរថយន្តក្រុងមួយកន្លែងជាបន្តទៀត

111

ភ្នំពេញៈ បើទោះបីជាមានឧបសគ្គរារាំងយ៉ាងណាក្ដី សមាជិកសហគមន៍ដីក្រហមទាំង៧ ចំនួន១៤៦៥គ្រួសារ កំពុងរស់នៅ បុរីសន្ដិភាព២ ភូមិដំណាក់ត្រយឹង ស
ង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានទទូចស្នើសុំទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជ
ធានីភ្នំពេញជាថ្មីម្តងទៀត សូមជួយអន្តរាគមន៍ទប់ស្កាត់ ក្រុមហ៊ុនសេវេនអ៊ិនជី (7NG) ដែលបានយកដីចំណតរថយន្តក្រុងដែលមានទំហំ១៩ម៉ែត្រគុណនិង៧៦ម៉ែត្រជាប់ផ្លូវធំបេតុងទៅលក់ជាបន្តមួយកន្លែងទៀត ខណៈធ្វើបានសម្រេចម្ដងមកហើយតែមិនទាន់អស់ចិត្ត ដែលទីតាំងដីលើកមុនក៏មានផ្ទែដីទំហំប៉ុនគ្នានេះដែរ។

ទិដ្ឋភាពស្ទះចង្អៀតនៃចរាចរក្រោយគេហាមមិនអោយរថយន្តចូលចំណត

ចំណតរថយន្តក្រុងភ្នំពេញស្ថិតនៅ បុរីសន្ដិភាព២ ទីតាំងខាងលើនេះត្រូវបាន ក្រុមហ៊ុនសេវេនអ៊ិនជី (7NG) របស់លោកឧកញ៉ា ស្រី សុធា បានពុះច្រៀកមួយចំហៀងដែលមានទំហំ១៩ម៉ែត្រគុណនិង៧៦ម៉ែត្រធ្វើជាតូបផ្សារលក់ដូរបានចំនួន១០៥០តូប ដោយលើក និងជួលទៅឱ្យអាជីវករនៅក្នុងសហគមន៍មួយចំនួនតូច និងអាជីវករពីខាងក្រៅសហគមន៍មួយចំនួនធំ។ មហាជនទូទៅក៍ដូច ប្រជាសហគមន៍មើលឃើញថា ពិតជាហ៊ានណាស់ ! ក្រុមហ៊ុន7NG ដោយមើលឃើញពីតម្លៃដីខ្ពស់នៅជាប់នឹងផ្លូវធំបេតុងជាទីប្រជុំជនក៍មានចិត្តលោភលន់ គឺបានរំលោភយកដីចំណតរថយន្តក្រុងដែលមានទំហំ១៩ម៉ែត្រគុណ និង៧៦ម៉ែត្រមួយកន្លែងទៀតទៅលក់ឱ្យក្រុមឈ្មួញតែត្រូវបានប្រជាសហគមន៍ដឹងឧបាយកលនេះក៍ធ្វើការតវ៉ាតាំងពី ឆ្នាំ២០១៧ មកម៉្លេះគឺនៅតែពុំទាន់មានដំណោះស្រាយអ្វីឡើយ។

រនាំងដែកដាក់មិនអោយរថយន្តក្រុងចូលចំណត

ដីចំណតរថយន្តក្រុងនេះបើគិតជាតម្លៃលុយកាក់គឺរាប់ម៉ឺនសែនដុល្លារឯណោះ។ សព្វថ្ងៃរថយន្តក្រុងជាច្រើនគ្រឿងពុំមានកន្លែងចូលចតដើម្បីដឹកអ្នកដំណើរឱ្យ
បានត្រឹមត្រូវឡើយ គឺបានយកផ្លូវបេតុងសាធារណៈធ្វើជាចំណត ដែលប្រឈមនឹងការបង្កគ្រោះថ្នាក់ចរាចរ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។ រីឯកន្លែងចំណតរថយន្តក្រុងដែលនៅសេសសល់មួយកន្លែងទៀតនោះត្រូវ ក្រុមហ៊ុន7NG លក់ទៅឱ្យលោក គឹម យ៉ាន អតីតប្រធានសហគមន៍ដីក្រហមទាំង៧ ក៍បានធ្វើរបងស័ង្កសីព័ទ្ធជុំវិញបិទជិតតែដោយមានការតវ៉ាពី បងប្អូនសហគមន៍បុរីសន្ដិភាព២ ទៅដល់ខណ្ឌពោធិសែនជ័យ និង ក្រុងភ្នំពេញ ក៍មានការរុះរើរបងនោះចេញវិញ។ ប៉ុន្តែក្រុមអ្នកទិញដីចំណតរថយន្តទាំងនោះបានយករនាំងដែក ចាក់ថ្ម និងខ្សាច់លុបពាំងព័ទ្ធជុំវិញចំណតមិនឱ្យរថយន្តក្រុងចូលចតបានឡើយ។ មិនតែប៉ុណ្ណោះក្រុមកូនចៅលោក គឹម យ៉ាន បានបោះបង្គោលដែកចងខ្សែពុះច្រៀកជាដីឡូត៍តូចៗដើម្បីត្រៀមលក់ជាបន្តទៀតផងដែរ។

ខ្សាច់ ថ្ម ចាក់ចូលក្នុងបរិវេណបេនឡាន គ្រោងធ្វើសំណង់រឹង

កាលល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បងប្អូនសហគមន៍ដីក្រហមទាំង៧ ដែលតំណាងឱ្យ១៤៦៥គ្រួសារកំពុងរស់នៅ បុរីសន្ដិភាព២ បាននាំគ្នាធ្វើការតវ៉ាដោយផ្ទាល់ទ្រង់ទ្រាយតូចល្មមនៅនឹងចំណតរថយន្តក្រុងដែល ក្រុមហ៊ុន7NG បានយកទៅលក់ជាលើកទីពីរ។ ពួកគាត់បាននាំគ្នាទាមទារសុំឱ្យ សម្ដេចតេជោ និងអភិបាល ក្រុងភ្នំពេញ ជួយអន្តរាគមន៍ថែរក្សាការពារចំណតរថយន្តក្រុងដែលមាន ទំហំ១៩ម៉ែត្រគុណនិង៧៦ម៉ែត្រ ឱ្យនៅដដែលដើម្បីឱ្យរថយន្តក្រុងមានកន្លែងចូលចតត្រឹមត្រូវ និងដឹកអ្នកដំណើរដូចដើមវិញ។ចំណែកករណីមួយទៀតពួកគាត់សុំឱ្យតុលាការចេញដីការក្សាការពារ ចំណតរថយន្តក្រុង នេះផងដែលមានរឿងជិតមួយឆ្នាំមកហើយពុំមានដំស្រាយអ្វីសោះ។

ទិដ្ឋភាពស្ទះចង្អៀតនៃចរាចរក្រោយគេហាមមិនអោយរថយន្តចូលចំណត

លោកស្រីឈ្មោះ ផាត់ ឡយ អាយុ៦៩ឆ្នាំ អនុប្រជាការពារ ភូមិ៦ និងលោកស្រីឈ្មោះ ទូច រដ្ឋា អាយុ៦៧ឆ្នាំ ជាប្រជាការពារ ភូមិ៦។ ពួកគាត់រស់នៅ សង្កាត់ចោមចៅ២
ខណ្ឌពោធិសែនជ័យ បានប្រាប់អង្គភាពយើងថា ពួកខ្ញុំសុំឱ្យរក្សាទុកចំណតឡានក្រុងនេះទុកជាប្រយោជន៍រួម ហើយទីនេះគឺជាដីសម្ដេចតេជោបានសម្បទានឱ្យនៅដដែលដើម្បីកូនចៅឬប្រជាពលរដ្ឋបានធ្វើដំណើរចេញចូលងាយស្រួល។ ពួកយើងខ្ញុំសូមឱ្យ សាលាក្រុងភ្នំពេញ ជួយរៀបចំកែលម្អសណ្ដាប់ធ្នាប់ចំណតរថយន្តក្រុងនេះឡើងវិញផង។

ប្រភពបន្តទៀតថា ក្រុមហ៊ុន7NG បានរំលោភយកចំណតរថយន្តក្រុងទៅលក់ឱ្យក្រុមគ្រួសារលោក គឹម យ៉ាន ដែលជាអតីតប្រធានសហគមន៍ដីក្រហមទាំង៧ នៅឆ្នាំ២០១៤នេះយោងតាមលិខិតផ្ទេរសិទ្ធិទិញលក់របស់ខណ្ឌពោធិសែនជ័យ។ ចំណតរថយន្តក្រុងដែលលោក គឹម យ៉ាន បានទិញនោះគ្រោងនឹងសាងសង់តូបលក់បន្តទៀតដោយបានធ្វើរបងស័ង្កសីព័ទ្ធជុំវិញបិទជិត។ក៍ប៉ុន្តែត្រូវបានបងប្អូនសហគមន៍នាំគ្នាធ្វើការតវ៉ានៅ ឆ្នាំ២០២០ ក៍ឃើញខាងសាលាខណ្ឌពោធិសែនជ័យ ចុះមករុះរើរបងនោះចេញអស់តែនៅមាន គំនរថ្ម ខ្សាច់ចាក់ព័ទ្ធជុំវិញ និងយករនាំងដែកទៅបាំង មិនឱ្យរថយន្តក្រុងចូលចតបានឡើយ។

រីឯលោក ឃិន ដាំ អាយុ៤៧ឆ្នាំរស់នៅ បុរីសន្ដិភាព២ ភូមិ២ សង្កាត់ចោមចៅ បានចេញមុខធ្វើការតវ៉ាយ៉ាងសកម្មជាងគេ។ លោកត្រូវបាន ក្រុមអ្នកទិញដីចំណតរថយន្តក្រុងនេះ ប្ដឹងជាមួយអ្នកសហគមន៍ចំនួន៤នាក់ទៀត ដោយជាប់ចោទពី បទករណីប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងបិទផ្លូវដោយខុសច្បាប់។ ប៉ុន្តែករណីនេះត្រូវបានតុលាការទាត់ចោលឥតចាត់ការកាលពី ខែធ្នូ ឆ្នាំ២០២០។ ដោយមានគោលបំណងទាមទាររក្សាទុកដីចំណតរថយន្តក្រុងដូចអ៊ំស្រីទាំងពីរនាក់ខាងលើដែរលោក ឃិន ដា លើកឡើងថា កន្លងមក ក្រុមហ៊ុន7NG បានដើរប្រាប់ទៅប្រជាពលរដ្ឋដែលបានលក់ដូរនៅក្នុងផ្សារថា បើសិនជានរណាហ៊ានចេញមុខទៅទាមទារតវ៉ារឿងចំណតរថយន្តក្រុងគេនឹងដកតូបឈប់ជួលឱ្យដោយមូលហេតុក្រុមហ៊ុនមិនពេញចិត្ត។

ដោយឡែកបុរសវ័យមធ្យមម្នាក់ទៀតដែលជាអ្នកបើករថយន្តក្រុងបានផ្តល់សំភាសន៍ដោយមិនអោយចេញឈ្មោះបានអោយដឹង «មុនពេលមានព្រឹត្តិការកូវីដ-១៩ រថយន្តក្រុងរត់ អាចចូលចតបានធម្មតា អ្នកដែលប្រើប្រាស់សេវារថយន្តក្រុងភាគច្រើនជា កម្មករ សិស្សសាលា ចាស់ជរា ។ រថយន្តក្រុងនៅចំណតនេះមានចំនួន ៨គ្រឿង បម្រើសេវាសាធារណៈចាប់ផ្តើមពីម៉ោង ៥កន្លះព្រឹក រហូតដល់ ៨កន្លះយប់។ លោកទទួលស្គាល់ថា ក្រោយពីមានការហាមមិនអោយរថយន្តចូលចត ទាំងអ្នកប្រើប្រាស់សេវា និងអ្នកបើកបរពិតជាមានការប្រឈមខ្លាំង ជាពិសេសពេលម៉ោងដែលមានចរាចរមមាញឹកខ្លាំង ពួកគាត់ជាអ្នកបើកបរត្រូវបង្ខំចិត្តចតរថយន្តលើចិញ្ចើមផ្លូវ បង្ករការកកស្ទះ និងមានហានិភ័យយ៉ាងខ្លាំងដោយសារផ្លូវនេះមានរថយន្តតូច ធំ និងចរាចរចង្អៀត។លោកសំណូមពរអោយថ្នាក់លើមេត្តាចាត់វិធានការអោយបានឆាប់ផង ហើយបើតំរូវអោយដកខ្សែរថតយន្តក្រុងចេញ ឬដូរទៅកន្លែងផ្សេងលោកក៏មិនជំទាស់អ្វីដែរ។

បើយោងតាម ពាក្យស្នើសុំជួយអន្តរាគមន៍ របស់បងប្អូន សហគមន៍ដីក្រហមទាំង៧ បានគោរពជូន សម្ដេចតេជោ កាលពី ឆ្នាំ២០១៨ កន្លងទៅត្រង់ចំណុច លេខ៤បានជម្រាបជូនសម្ដេចថា«នៅចំណុចមួយឃ្លាក្នុង ប្រការទី៦ នៃកិច្ចសន្យាបានបញ្ជាក់ថា នៅជាប់ទីតាំងសហគមន៍មាន សួនច្បារ មានចំណតរថយន្ត មានទីធ្លាលំហែ មានបង្គោលភ្លើងបំភ្លឺជាដើម។ល។ គឺទុកសម្រាប់ជាកន្លែងហាត់ប្រាណ ជាកន្លែងជួបប្រជុំ និងជាកន្លែងធ្វើពិធីបុណ្យធំៗជាដើម។ ក៍ប៉ុន្តែលោកឧកញ៉ា ស្រី សុធា អគ្គនាយកក្រុមហ៊ុន7NG បន្ទាប់ពីបានចំណេញប្រាក់រាប់រយលានដុល្លារពីការលក់ដីទំហំ៣ហិកតា៦០អា នៅទីតាំងចាស់ហើយនោះនៅមិនទាន់អស់ចិត្តទៀតបានឆ្លៀតយកទីតាំង សួនច្បារ ទីធ្លាលំហែ និងចំណតរថយន្តមួយចំហៀង ដែលគ្រប់គ្រងដោយសហគមន៍មួយផ្នែកទៅពុះច្រៀកធ្វើជាតូចផ្សារលក់ដូរចំនួន១០៥០តូប ដោយលក់ និងជួលទៅឱ្យអាជីវករនៅក្នុងសហគមន៍មួយចំនួនតូច និងអាជីវករមកពីក្រៅសហគមន៍មួយចំនួនធំ យកលុយវាល់លានដុល្លារដាក់
ហោប៉ៅក្បត់នឹងកិច្ចសន្យា ប្រការទី៦ រំលោភលើសេចក្ដីទុកចិត្តរបស់សហគមន៍ ដោយពុំមានខ្លាចក្រែងអ្វីបន្តិចឡើយ»។

ជុំវិញករណីខាងលើលោក ហែម ដារិទ្ធ អភិបាល ខណ្ឌពោធិសែនជ័យ ពុំអាចទាក់ទងសុំការបំភ្លឺបានទេនារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ខណៈទូរស័ព្ទចូលលើកទីមួយសន្ទនាបានបន្តិចក៍ដាច់ហើយទូរស័ព្ទចូលលើកទីពីរពុំមានអ្នកទទួលឡើយ។លោក ម៉េត មាសភក្ដី អភិបាលរង នៃសាលារាជធានីភ្នំពេញ និងជាអ្នកនាំពាក្យ ឆ្លើយតបមកអង្គភាពយើងតាមរយៈសារជាអក្សរខ្លីថា« ទំនាស់នេះស្មុគស្មាញ និងបានឈានដល់នីតិវិធីតុលាការផង។ តែយ៉ាងណា អាជ្ញាធររាជធានី កំពុងបន្តសម្របសម្រួល»។

បើយោងតាម មេធាវីគូភាគី ដែលបានទិញដីចំណតរថយន្តពី ក្រុមហ៊ុនសេវេនអ៊ិនជី បានប្រាប់តុលាការថា «ដីដែលកូនក្ដីខ្លួនទិញនេះគឺកម្មសិទ្ធិរបស់ ក្រុមហ៊ុន7NG ដែលមានលិខិតបញ្ជាក់ពីអាជ្ញាធរខណ្ឌនៅក្នុងគម្រោងនេះគឺ ក្រុមហ៊ុនគេធ្វើជាទីស្នាក់ការបណ្ដោះអាសន្ន និងចំណតឡានសម្រាប់ឱ្យបុគ្គលិកក្រុមហ៊ុនស្នាក់នៅក្នុង ឆ្នាំ២០១៤ ក្រុមហ៊ុន7NG បានពុះជាដីឡូតិ៍រំលងផ្ទះកូនក្ដីខ្លួនមានគេសាងសង់ផ្ទះបាន២ទៅ៣ល្វែងបាន ហេតុអ្វីបានជាសហកូនបំណុលមិនប្ដឹងតវ៉ា ? »។ (សហកូនបំណុលគឺ គូភាគីសហគមន៍ដីក្រហមទាំង៧) ហើយ (សហម្ចាស់បំណុលគឺ គូភាគីក្រុមទិញដីចំណតរថយន្តពី ក្រុមហ៊ុន7NG)។

គួរបញ្ជាក់ថា សហគមន៍ដីក្រហមទាំង៧ មានប្រជាពលរដ្ឋ១៤៦៥គ្រួសារ រស់នៅលើផ្ទៃដីទំហំ៣ហិកតា៦០អាទីតាំងចាស់។ ប៉ុន្តែត្រូវបានផ្លាស់ប្តូរមករស់នៅ បុរីសន្តិភាព២ សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ លើផ្ទៃដីសម្បទាន២០ហិកតា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានដៃគូវិនិយោគគឺ ក្រុមហ៊ុន7NG ។ ប៉ុន្តែដោយឆក់ឳកាសប្រទេសកម្ពុជាផ្ទុះជំងឺកូវីដ.១៩ នៅចុង ឆ្នាំ២០១៩ ពេលវេលាស្ងាត់ ក្រុមហ៊ុន7NG បានធ្វើសកម្មភាពផ្សេងៗសម្រេចជាច្រើនករណីនៅក្នុង បុរីសន្ដិភាព២។ ចំណុចដែលមហាជន និងប្រជាសហគមន៍កំពុងមានចំងល់តើហេតុអ្វីឯកសារគោលដូចមានក្នុងគម្រោងប្លង់គេមិនគោរពតាម ឬលើកយកមកនិយាយដើម្បីជាគោលក្នុងការរកដំណោះស្រាយ? ជាពិសេសទីតាំងបេនឡាននោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏ធ្លាប់បានចុះទៅផ្ទាល់ និងទទួលបានការគាំទ្រពីប្រជាសហគមន៍ដ៏ច្រើនក្រាស់ក្រែលផងដែរ ហេតុអ្វីពេលទីតាំងនោះកំពុងប្រឈមនិងការបាត់បង់តែមិនឃើញមានកិច្ចអន្តាគមន៍
ណាមួយដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋទៅវិញ? ដោយៈ អធិបតី