សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរៀបអាពាហ៍ពិពាហ៍ បើកដំណើរការឡើងវិញសាលារៀន ស្តាតអូរឡាំពិក សារមន្ទីរ និងរោងភាពយន្ត តែត្រូវអនុវត្តន៍វិធានការពារជំងឺកូវីដ១៩

17

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍ បើកសាលារៀន បើកពហុកីឡដ្ឋានជាតិអូរឡាំពិក បើកសារមន្ទីរ និងរោងភាព​យន្តឡើងវិញ បន្ទាប់ពីស្ថានភាពនៃព្រឹត្តិការណ៍ ៣វិច្ឆិកា ត្រូវបានបញ្ចប់ ប៉ុន្តែត្រូវប្រកាន់ខ្ជាប់តាមវិធានណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការចម្លង និងរីករាលដាលជំងឺកូវីដ១៩ ។ ការអនុញ្ញាតរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈសារសំឡេងពិសេសមួយនៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។

ក្នុងសារណែនាំពិសេសទៅកាន់អាជ្ញាធរពាក់ព័ន្ធ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ «ខ្ញុំសូមស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រប់ខេត្ត រាជធានី ស្រុក ឃុំ សង្កាត់ ដែលមានការរៀបអាពាហ៍ពិពាហ៍ គឺអនុញ្ញាតឱ្យបងប្អូនរៀបការទៅ ។ ជាទម្លាប់ប្រពៃណីខ្មែររបស់យើងចាប់ពីខែនេះ រហូតដល់ចូលវស្សា ជាពិសេសរដូវរំហើយនេះ មានរៀបអាពាហ៍ពិពាហ៍ ។ ដូច្នេះសូមសម្រួលឱ្យមានការរៀបអាពាហ៍​ពិពាហ៍ គ្រាន់តែឱ្យយកចិត្តទុកដាក់ទៅលើបញ្ហាទាក់ទងនឹងការអនាម័យ ទាក់ទងនឹងអ្វីជាតម្រូវការការណែនាំរបស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះ» ។

លើសពីនេះសម្តេចតេជោបានបន្ថែមថា «ប្រយ័ត្ននៅតែប្រយ័ត្ន ក៏ប៉ុន្តែយើងមិនត្រូវបិទដង្ហើមសេដ្ឋកិច្ច និងចលនាសេដ្ឋកិច្ចសង្គមផ្សេងទៀតដែរទេ ។ ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាហ្នឹង ពិនិត្យមើលគ្រាន់តែជួយសម្រួល ដើម្បីរំលឹកឱ្យបងប្អូនជានិច្ចកាលឱ្យមានការប្រុងប្រយ័ត្ន ដូចជាការវាស់កម្តៅ ការលាងដៃ គម្លាតសុវត្ថិភាពជាដើម ។ នេះជាតម្រូវការរបស់ប្រជាជនយើង ដែលត្រូវការរៀបការ» ។

សូមរំលឹកដែរថា ការរៀបចំអាពាហ៍ពិពាហ៍ សាលារៀនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ពហុកីឡដ្ឋានជាតិអូឡាំពិក សកម្មភាពកីឡា សារមន្ទីរ និងរោងភាពយន្ត ត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្អាក និងរឹតត្បិតសកម្មភាព បន្ទាប់ពីកើតមានព្រឹត្តិការណ៍ «៣វិច្ឆិកា» ៕