ក្រសួងសាធារណៈការ និងដឹកជញ្ជូន សហការ ជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តស្វាយរៀង ចុះត្រួតពិនិត្យរាល់យានយន្តធុនធំដែលដឹកលើសទម្ងន់ដែលបើកគេចស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ១

68

ខេត្តស្វាយរៀង៖ ដើម្បីពង្រឹងគុណភាពផ្លូវ និងត្រួតពិនិត្យយានយន្តដែលដឹកលើសទម្ងន់នៅតាមដងផ្លូវ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានចុះល្បាតដាក់ជញ្ជីងចល័តតាមដងផ្លូវ ជាក់ស្តែង នៅរព្រឹក ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២១ នេះ កងកម្លាំង ជញ្ជីងចល័ត បានចុះត្រួតពិនិត្យផ្លូវលេខ១៨(ប្រសូត-កំពង់រោទិ៍) ត្រង់ចំណុចភូមិ ពោធ៏តាវង្ស ឃុំ ប្រសូត ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ។

ក្រុមការងារគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃដឹកនាំត្រួតពិនិត្យ យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ បានដឹកកងកម្លាំងជញ្ជីងចល័ត សហការ ជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តស្វាយរៀង ចុះត្រួតពិនិត្យរាល់យានយន្តធុនធំដែលដឹកលើសទម្ងន់ដែលបើកគេចស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ១ ។

លោក អ៊ុយ សម្បត្តិ អនុប្រធានលេខាដ្ឋានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃដឹកនាំត្រួតពិនិត្យ យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិត្រួតពិនិត្យរថយន្តដឹកលើសទំនង់លើដងផ្លូវជាតិលេខ១៨នេះ យើងសង្កេតឃើញមាន រថយន្តដឹកខ្សាច់ និង រថយន្តដឹកស្រូវជាដើម ដោយឡែករថយន្តភាគច្រើនគឺបានចូលរួមគោរព និងអនុវត្តច្បាប់លើសទម្ងន់បានយ៉ាងត្រឹមត្រូវតាមទម្ងន់ដឹកជញ្ជូន។

លោក អ៊ុយ សម្បត្តិ អនុប្រធាន បានបន្ថែមទៀតថា សូមឱ្យបងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបររកស៊ីដឹកទំនិញលើសទម្ងន់កំណត់ ទាំងអស់សូមមេត្តាចូលរួមសហការជាមួយក្រុមការងារគណៈកម្មការសម្របសម្រួលអចិន្រ្តៃយ៍ដឹកនាំត្រួតពិនិត្យ និងអាជ្ញាធរសមត្ថកិច្ចជាពិសេសសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកអោយបានគ្រប់ៗគ្នារ។

ជាលទ្ធផល ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យផ្លូវជាតិលេខ១៨(ប្រសូត-កំពង់រោទិ៍) ក្នុងស្រុក ស្វាយទាប បានឃាត់រថយន្តឲ្យថ្លឹងជាច្រើនគ្រឿង រកឃើញមានរថយន្ត៤គ្រឿង ដែលដឹកខ្សាច់ នឹងស្រូវផ្ទុកហួសចំនួនកំណត់ និងត្រូវពិន័យជាប្រាក់តាមច្បាប់សាធារណៈការ ៕