ឯកឧត្តម ឃួង ស្រេង បើកការដ្ឋានសាងសង់ សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញ ដើម្បីបម្រើឱ្យវិស័យសុខាភិបាល ជូនពលរដ្ឋកាន់តែងាយស្រួល

57

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ និងលោកវេជ្ជបណ្ឌិត ឈុន ឡាយ ជាតំណាងមន្ទីរពេទ្យពហុជំនាញភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពលី នឹងបញ្ចុះបឋមសិលាតាមបែបសាសនាដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខសេចក្តីចម្រើន និងបើកការដ្ឋានសាងសង់ សំណង់មន្ទីរពេទ្យពហុជំនាញ ភ្នំពេញ ដែលមានទីតាំងនៅក្នុងសង្កាត់ វាលវង់ ខណ្ឌ៧មករា នារសៀលថ្ងៃ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១។

បើតាមអ្នកគ្រប់គ្រងមន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ បានបញ្ជាក់ថា ដោយមានការ ការគាំទ្រ និងលើកទឹកចិត្តពីសំណាក់ ឯកឧត្តមឃួង ស្រេង និងលោកជំទាវ បានធ្វើឱ្យគម្រោង សាងសង់មន្ទីរពេទ្យពហុជំនាញ ភ្នំពេញនាពេលនេះ ចេញជារូបរាងដើម្បីបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋដោយបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបទាន់សម័យ និងគ្រប់ជំនាញ។

លោកតំណាងមន្ទីរពេទ្យ បញ្ជាក់ទៀតថា សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ សាងសង់មានកម្ពស់ ២៦ជាន់ ក្រោមដី៣ជាន់ និងអាចដាក់គ្រែសម្រាកពិនិត្យព្យាបាលអ្នកជំងឺបានពី១៥០ទៅ២០០គ្រែ និងគ្រោងសាងសង់ឱ្យរួចរាល់ក្នុងរយះពេលពី៤ទៅ៥ឆ្នាំដែលជាពេទ្យឯកជន ដែលបម្រើសេវាសុខភាពដូចពេទ្យរដ្ឋដែរ ដោយគិតទៅលើការជួយសង្គ្រោះប្រជាពលរដ្ឋដែលខ្វះខាតជាចំបង។

សូមបញ្ជាក់ថា សម្រាប់ក្របខ័ណ្ឌរាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ រួមនឹងអង្គភាពជំនាញ បានដំណើរការបង្ខិតសេវាសុខាភិបាល ពង្រឹង និងពង្រីកយន្តការនៃការ ផ្តល់សេវាផ្នែករដ្ឋ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ការចូលរួមរបស់សេវាសុខាភិបាលឯកជន ។ ក្នុងនោះគិតត្រឹមឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញមានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន៧, មន្ទីរពេទ្យបង្អែកចំនួន១, មន្ទីរពេទ្យថ្នាក់ស្រុកចំនួន៧, មណ្ឌលសុខភាពចំនួន៤៣, ប៉ុស្តិ៍សុខភាពចំនួន៧ ដែលជាសេវាគ្រប់គ្រងដោយរដ្ឋ ព្រមទាំងមានមូលដ្ឋានសុខាភិបាល ឯកជនចំនួន ២ ៧៥៧ទីតាំងបន្ថែមទៀត កំពុងផ្តល់សេវាពិនិត្យពិគ្រោះនិងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ក្នុងដំណាក់កាលការរីករាលដាលនៃជំងឺកូវីដ-១៩ អាជ្ញាធររាជធានីភ្នំពេញដែលដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមនឹងកងកម្លាំងប្រដាប់អាវុធ, មន្ត្រីរាជការ រួមនឹងអង្គភាពជំនាញ បានខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ តាមរយៈការអនុវត្តវិធានចម្បងៗរបស់ក្រសួងសុខាភិបាល និងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបម្រើសុខុមាលភាពរបស់ប្រជាពលរដ្ឋ ៕