មនុស្ស៤នាក់បានស្លាប់និង៧នាក់របួសធ្ងន់ខណៈរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងនៅក្រុងបូកគោ

21

ភ្នំពញ៖ សោកនាថកម្មដ៏គួររន្ធត់មួយកើតចេញពី រថយន្តធុនធំបែកកង់មុខផ្នែកខាងឆ្វេងបានទាញចង្កូតទៅបុករថយន្តតួរីស១២កៅអីដឹកអ្នកដំណើរពេញទំហឹង
បណ្ដាលឱ្យស្លាប់មនុស្ស ៤នាក់ និង រងរបួស៧នាក់ដេករដូករណែល ។ ហេតុការណ៍នេះកើតឡើងលើដងផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ ខែត្រកំពត នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ។

គ្រោះថ្នាក់នៅចុង ឆ្នាំ២០២១ នេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា កាលពីវេលាម៉ោងជាង១០ព្រឹកនៅ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរកើតឡើង
នៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ គឺរថយន្តស្ទូច ដឹក គ្រឿងសំណង់បានបុក ជាមួយរថយន្តតួរីសប្រភេទ១២កៅអី ។
មុន ពេលកើតហេតុគេ ឃើញរថយន្តស្ទូចធុនធំនោះធ្វើដំណើរ មកពីទិសខាងលិចក្នុងល្បឿនលឿន ខណៈនោះក៍ស្រាប់តែ លាន់ឮស្នូរ ផ្ទុះកង់មុខ ហើយក៍រេចង្កូត
ទៅបុករថយន្តដឹក អ្នកដំណើរពេញទំហឹងធ្លាក់ពីផ្លូវជាតិទាំងពីរគ្រឿងតែម្ដង។

ប្រភព ដដែលលើកឡើងទៀតថា ភ្លាមៗនោះអ្នកបើករថយន្តធុនធំក៍បាន រត់គេចខ្លួនបាត់ ។ ចំណែកអ្នកដំណើរក្នុងរថយន្តតួរីស១២កៅអីវិញមានទាំងក្មេង តូចៗមនុស្សចាស់ប្រុសស្រីផង នោះបានកៀបជាប់ដេករដូករណែលក៍ត្រូវបានពលរដ្ឋជិតខាងនាំគ្នាចូលទៅគាស់យកជនរងគ្រោះចេញពីរថយន្តស្រាប់តែឃើញ
មនុស្ស ស្លាប់៤នាក់ និងរបួស៧នាក់ ដែលតាមការប៉ាន់ប្រមាណមនុស្សនៅក្នុងរថយន្តតួរីសមានជាង១០នាក់។

សមត្ថកិច្ចបានលើកឡើងពីដើម ហេតុដែលនាំឱ្យកើតមានករណីនេះឡើងថា រថយន្តធុនធំបាន បែកកង់មុខផ្នែកខាងឆ្វេងទើបបណ្ដាលឱ្យទាញចង្កូតចូល ទៅបុក រថយន្តតួរីសប្រភេទ១២កៅអីពេញទំហឹង៕