ការស្ថាបនាផ្លូវខេត្តលេខ១៤៨ ប្រវែងជាង១៨គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្ទឹងហាវដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបាន ៤០,៨៩% ហើយ

30

ភ្នំពេញ ៖ សកម្មភាពការងារស្ថាបនាផ្លូវខេត្តលេខ១៤៨ ប្រវែងជាង១៨គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្ទឹងហាវដល់កំពង់ផែ ស្វយ័តក្រុងព្រះសីហនុ គិតត្រឹមសប្តាហ៍ទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ សម្រេចបាន ៤០,៨៩% លឿនជាងផែនការប្រមាណ១,៥៥% ។

ក្នុងឱកាសចុះពិនិត្យគុណភាព និង សកម្មភាពការងារសាងសង់កំណាត់ផ្លូវខេត្តលេខ១៤៨ និងប្រព័ន្ធលូបង្ហូរ ដោយមានការចូលរួមពី ក្រុមការងារបច្ចេកទេសមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ តំណាងក្រុមហ៊ុនសាងសង់ ទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធ កាលពីថ្ងៃទី ០២ ខែធ្នូ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ការចុះត្រួត ពិនិត្យនេះ ដើម្បីធានាថាសំណង់ដែលសាងសង់រួចមានគុណភាពរឹងមាំ ស្របតាមស្តង់ដារបច្ចេកទេសដែលបានកំណត់ ប្រើប្រាស់ជាប់បាន យូរ និង កាត់បន្ថយការចំណាយថវិកាជាតិក្នុងការជួសជុលថែទាំ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនទទួលម៉ៅការសាងសង់យកចិត្តទុកដាក់ដោយស្មារតីទទួលខុសត្រូវខ្ពស់ លើការងារ សាងសង់ប្រព័ន្ធលូបង្ហូរ ដោយអនុលោមតាមស្តង់ដារបច្ចេកទេសដែលបានកំណត់ ធ្វើយ៉ាងណា ធ្វើម្តងឱ្យហើយកុំធ្វើម្តងទៀត នាំឱ្យ ខាតបង់ពេលវេលានិងថវិកា ដែលរាជរដ្ឋាភិបាលរកបានដោយលំបាក។

ការស្ថាបនាផ្លូវនេះមានការប្រើប្រាស់ម៉ាស៊ីនអ៊ុតបេតុង(Concrete Paving Machine)ទំនើប ដែលធ្វើឱ្យផ្ទៃផ្លូវមានភាពរាបស្មើល្អ និង រក្សាបានគុណភាពបេតុង ដែលជួយឱ្យផ្លូវរឹងមាំជាប់បានយូរ និងជាផ្លូវទី១ នៅកម្ពុជាដែលប្រើម៉ាស៊ីនឆូតកាត់ធ្វើក្រឡាផ្ទៃបេតុង ដើម្បីកុំឱ្យ យានយន្តរអិលក្នុងពេលបើកបរ និងគ្រប់គ្រងស្នាមប្រេះបានល្អ ដែលកន្លងមកការឆូតកាត់ផ្លូវបេតុង (ទទឹងផ្លូវ) ត្រូវបានធ្វើឡើងដោយដៃ ប៉ុណ្ណោះ។

កំណាត់ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ដោយប្រើប្រាស់ថវិកាសន្សំរបស់ជាតិ ក្រោមការត្រួតពិនិត្យ បច្ចេកទេសដោយនាយកដ្ឋានផ្លូវថ្នល់ នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងនាយកដ្ឋានបច្ចេកទេសសាធារណការនិងដឹកជញ្ជូន នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលគ្រោងចំណាយពេលសាងសង់ចំនួន២៨ខែ។ គម្រោងនេះ បានចាប់បើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ហើយគិតមកត្រឹមសប្តាហ៍ទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ការងារសាងសង់ សម្រេចបានប្រមាណ ៤០,៨៩% ដែលលឿនជាងផែនការប្រមាណ ១,៥៥%។

សូមជម្រាបជូនថា ផ្លូវខេត្តលេខ១៤៨ ចាប់ពីរង្វង់មូលស្ទឹងហាវ ដល់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្ថាបនាដោយក្រាល បេតុងសរសៃដែក គឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើឱ្យការដឹកជញ្ជូនទំនិញនាំចេញ-ចូលតាមនាវា និងដឹកកសិផល និង ជលផលរបស់បងប្អូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ក៏ដូចជាបងប្អូនរស់នៅតំបន់ទំនប់រលកចាស់នៃក្រុងព្រះសីហនុទៅកាន់ទីផ្សារ កាន់តែមានលក្ខណៈ ងាយស្រួល ឆាប់រហ័ស និង ចំណាយតិច ព្រមទាំងចូលរួមចំណែកដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍តាមផ្លូវ ជាតិលេខ៤ផងដែរ៕