ស្ថានីយជញ្ជីងថ្លឹងរថយន្ដ «កំពង់ទួល» ផ្លូវជាតិលេខ៣ ត្រូវបានប្រជាពលរដ្ឋដាក់ឈ្មោះជាជញ្ជីងថ្លឹងលុយ ព្រោះបើកដៃឲ្យរថយន្ដដឹកលើសទម្ងន់ដោយសេរី មិនខ្វល់ពីការខូចខាតផ្លូវជាតិ និងគ្រោះថ្នាក់ផ្សេងៗ

177

ភ្នំពេញ៖ ស្ថានីយថ្លឹងរថយន្ត «កំពុងទួល» ដែលមានទីតាំងស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិកំពង់ទួល ឃុំដើមប្ញស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបានប្រជាពលរដ្ឋលើកឡើងថា បានកំពុងប្រែក្លាយទៅជាស្ថានីយថ្លឹងលុយ និងរួមចំណែកយ៉ាងសស្រាក់សស្រាំ ក្នុងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាតិ ពិសេសផ្លូវជាតិ ដោយសារការបើកដៃឱ្យរថយន្តធំៗដឹករាប់សិបគ្រឿងឆ្លងកាត់ដោយមិនមានការចូលស្ថានីយថ្លឹងត្រឹមត្រូវ ។

តាមការរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើបានឱ្យដឹងថា ក្នុងមួយថ្ងៃៗមានរថយន្តដឹកលើសទម្ងន់រាប់សិបគ្រឿង បើកឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្ត «កំពុងទួល» បានយ៉ាងរលូន ហើយក្រុមមន្រ្តីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត កំពង់ទួល ផ្លូវជាតិលេខ៣នេះ មិនបានអនុវត្តន៍ឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេសដើម្បីទប់ស្កាត់រថយន្តដឹកទំនិញលើសទម្ងន់ ធ្វើឲ្យខូចផ្លូវនិងខូចស្ពាននោះទេ តែផ្ទុយទៅវិញ បានប្រែក្លាយពីជញ្ជីងថ្លឹងរថយន្តឲ្យទៅជាជញ្ជីងថ្លឹងលុយ ដោយមិនខ្វល់អំពីប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលធ្លាប់បានអំពាវនាវនោះឡើយ ។

ប្រជាពលរដ្ឋបានលើលឡើងទៀតថា បើទោះជាកន្លងទៅ ឯកឧត្ដម ស៊ុន ចាន់ថុល ធ្លាប់បានអំពាវនាវ និងព្រមានខ្លាំងៗយ៉ាងណាក៏ដោយ តែមេស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ៣ ពោលគឺស្ថានីយថ្លឹងរថយន្ដកំពង់ទួល នៅតែបន្តផ្គើន ស្រេកឃ្លានយកលុយពីរថយន្តដឹកទំនិញ ដែលដឹកលើសទម្ងន់រាប់តោនដោយ​មិនត្រួតពិនិត្យ ឬធ្វើការហាមឃាត់ ។

ពាក់ព័ន្ធនឹងករណីនេះ កាលពីថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំ២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសព្រមានដកហូតបណ្ណបើកបរ និងព្យួរទុកយានយន្ត ថែមទាំងបញ្ឃប់អាជីវកម្មចំនួន១ឆ្នាំ ចំពោះក្រុមហ៊ុនដឹកជញ្ជូលទាំងឡាយណា ដែលដឹកទំនិញលើសទម្ងន់កំណត់ ។

ក្នុងសេចក្ដីជូនដំណឹងស្ដីអំពីការពង្រឹងវិធានការយ៉ាងតឹងរឹងបន្ថែមចំពោះរថយន្ដដឹកទំនិញធន់ធ្ងន់នេះ ក្រសួងបានបញ្ជាក់ថា ចំពោះមន្ត្រីមានសមត្ថកិច្ច (ស្ថានីយជញ្ជីងចល័ត និងជញ្ជីងចល័តក្រោមឱវាទក្រសួងសាធារណៈការ និងដឹកជញ្ជូន) ដែលអនុញ្ញាតឱ្យរថយន្ដផ្ទុកទំនិញលើសកម្រិតកំណត់ដូចមានចែងក្នុងចំណុចទី២ ខាងលើ ធ្វើចរាចរណ៍លើបណ្ដាញផ្លូវថ្នល់ និងត្រូវទទួលទណ្ឌកម្មវិន័យដូចមានចែងក្នុងច្បាប់ស្ដីពី សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល និងអនុក្រឹត្យលេខ១០ អនក្រ.បក ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩៧ ស្ដីពីនិតិវិធីនៃការអនុវត្តន៍វិន័យមន្រ្តីរាជការស៊ីវិល ឬធ្វើឱ្យផ្លូវថ្នល់ ស្ពាន សំណង់សិល្បការ្យផ្លូវថ្នល់ខូចខាតធ្ងន់ធ្ងរ និងត្រូវផ្តន្ទាទោសដូចមានចែងក្នុងកថាខណ្ឌទី២ មាត្រ៧៥ នៃច្បាប់ស្ដីពីផ្លូវថ្នល់ ។

ស្របពេលគ្នានេះដែរ នៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងឃាត់បានរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ៣២គ្រឿង តាមបណ្ដោយផ្លូវជាតិលេខ៦០ ក្នុងភូមិសាស្ត្រភូមិរំដួល ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយបានរកឃើញរថយន្តចំនួន ២៩គ្រឿង ផ្ទុកលើសទម្ងន់កម្រិតកំណត់ ក្នុងនោះរថយន្តចំនួន ២៦គ្រឿង ដឹកលើសទម្ងន់កម្រិតកំណត់ពី ៥% ទៅ ២០% និងរថយន្តចំនួន ៣គ្រឿង ដឹកលើសទម្ងន់កម្រិតកំណត់លើសពី ២០% ។

ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសំណូមពរទៅក្រុមហ៊ុនផ្គត់ផ្គង់ សហគ្រាស និងម្ចាស់រថយន្តដឹកជញ្ជូនទាំងអស់ ឱ្យចូលរួមសហការអនុវត្តច្បាប់នេះឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីចៀសវាងមហន្តរាយដល់ផ្លូវជាតិ (ឆាប់ខូចមុនអាយុកាល) និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។

ទន្ទឹមនឹងមានការរឹតបន្តឹងនេះ ប្រជាពលរដ្ឋបានស្នើដល់ឯឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូល មេត្តាពិនិត្យស្ថានីយថ្លឹងរថយន្ដ «កំពង់ទួល» ស្ថិតនៅផ្លូវជាតិលេខ៣នេះផង ព្រោះមានរថយន្ដដឹកលើសទម្ងន់ជាច្រើនបានឆ្លងកាត់ក្នុងមួយថ្ងៃៗ ប៉ុន្តែមិនត្រូវបានត្រួតពិនិត្យ ឬថ្លឹងនោះឡើយ ។ ហើយប្រជាពលរដ្ឋនឹងរងចាំមើលថាតើប្រធានស្ថា​នីយ​ជញ្ជីងថ្លឹងរថយន្ដនេះ នឹងផ្គើនបន្តទៀត ឬអនុវត្តន៍តាមសារាចរណ៍របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនឱ្យបានត្រឹមត្រូវ បន្ទាប់ពីមានសេចក្ដីជូនដំណឹងថ្មីនេះ ៕