សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ប្រារព្ធពិធីពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ និងចែកអំណោយមនុស្សធម៌ដល់អ្នករស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រាដោយមេរោគអេដស៍

58

ខេត្តស្វាយរៀង៖ ដើម្បីអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២១ ក្រោមប្រធានបទ “បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតជាសកល”និងលើកកម្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតប និងជំងឺអេដស៍នៅកម្ពុជា នៅថ្ងៃពុធ ទី ១ ខែ ធ្នូ ឆ្នាំ ២០២១ សាខាកាកបាទ ក្រហមកម្ពុជាខេត្តស្វាយរៀង បានរៀបចំប្រារព្ធធ្វើពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌ដល់អ្នករងគ្រោះកំពុងរស់នៅជាមួយមេរោគអេដស៍ និង កុមារកំព្រាដោយសារអេដស៍សរុបចំនួន ២២៥ នាក់ មកពីស្រុកស្វាយជ្រំ ស្វាយទាប រំដួល និងក្រុងស្វាយរៀង ។

ពិធីនេះប្រារព្វធ្វើនៅទីស្នាក់ការសាខាក្រោមអធិបតីភាព លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកានៃគណៈកម្មាធិការសាខា ទីប្រឹក្សា យុវជនកាកបាទក្រហម និងអ្នកស្ម័គ្រចិត្ត ។

លោក ស៊ូ សាវ៉ុន ដែលជាអ្នករស់នៅជាមួយ មេរោគអេដស៍ នឹងជាអ្នកស្ម័គ្រចិត្តកាកបាទក្រហម បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាល អង្គការនានា ពិសេសកាកបាទក្រហមកម្ពុជា ដែលបានជួយឧបត្ថម្ភគាំទ្រដល់អ្នករស់នៅជាមួយមេរោគអេដស៍ ជម្ងឺអេដស៍ និងកុមារកំព្រា ដែលរងគ្រោះដោយសារមេរោគអេដស៍ និងជម្ងឺអេដស៍ ធ្វើឲ្យ ពួកយើងខ្ញុំជាគ្រួសាររងគ្រោះមានជីវភាពប្រសើរ បានចូលសាលារៀន បានទទួលមុខរបរខ្នាតតូចកាត់បន្ថយការរើសអើងដល់អ្នកផ្ទុក និងអ្នកជម្ងឺអេដស៍ និងធ្វើឲ្យពួកយើងខ្ញុំមានក្តីសង្ឃឹមក្នុងការរស់នៅតទៅទៀត ។

បើបាយការណ៍សង្ខេប របស់ ឯកឧត្តមបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត ស្តីពីចំនួន អ្នករស់នៅជាមួយមេរោគអេដស៍ នៅទូទាំងខេត្តខេត្តមានចំនួន ១,៤២០ នាក់ ក្នុងនោះទទួលឱសថប្រឆាំងមេរោគអេដស៍ចំនួន ១,៤២០ នាក់ ត្រូវជា ១០០% អ្នកជំងឺអេដស៍ មានផ្ទុកមេរោគទាបចំនួន ១,៣៩២ នាក់ លះបង់សេវាចំនួន ១៥ នាក់ ស្លាប់ ២០ នាក់ ក្រុមថែទាំអ្នកជំងឺអេដស៍ មាន ២ ក្រុមរបស់បណ្តាញអ្នកផ្ទុកមេរោគអេដស៍ CPN+ គ្រប់គ្រងអ្នកជំងឺអេដស៍បានចំនួន ១,៤២០ នាក់ត្រូវជា ៧៣១ គ្រួសារ ក្នុងនោះមានប័ណ្ណសមធម៌ ២៤៩ គ្រួសារ។

ក្នុងឱកាសនោះឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ស្តីពីការងារអេដស៍របស់សាខាដែលបានអនុវត្តកន្លងមក និងបច្ចុប្បន្ននូវសកម្មភាព ពហុវិស័យបើគិតពីការអនុវត្តសកម្មភាព ការជួយទៅដល់អ្នកផ្ទុកមេរោគអេដស៍ដែលកន្លងមកមានការរើសអើង ខ្លាំង សូម្បីតែការបរិភោគចំណីអាហារ ឬការរស់នៅជាមួយគ្នាក៏មានការភ័យខ្លាចឆ្លងដែរ តែពេលនេះមានការ គាំទ្រពីថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលមានច្បាប់អេដស៍ធ្វើឲ្យសាធារណជនមានការយល់ដឹង ព្រមទាំងជួយឧបត្ថម្ភ គាំទ្រទាំងស្មារតី និងសម្ភារធ្វើឲ្យជីវ ភាពរបស់ពួកគេមានភាពប្រសើរឡើង។

នាឱកាសនោះលោកជំទាវ ដួង វណ្ណា មានប្រសាសន៍សំណេះសំណាលថាជារៀងរាល់ឆ្នាំ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានអនុវត្ត ឆ្លើយតប ទៅនឹងសកម្មភាពកិត្តិនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមានការយកចិត្ត ទុកដាក់ខ្ពស់ សម្រួលដល់ការលំបាករបស់បងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ នៅតាមភូមិឃុំ ក្នុងខេត្ត ។

លោកជំទាវបានជម្រាបដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយសារអេដស៍បន្ថែមទៀតថា នៅក្នុងពិធីទិវាពិភលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២០ កន្លងផុតទៅ សាខាបានរៀបចំពិធី និងសំណេះសំណាល ចែកអំណោយដោយមានការ ចូលរួមពី លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអធិបតី ប៉ុន្តែដោយសារការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ចាប់ផ្តើមឡើងវិញបន្តិចម្តងៗ ត្រូវផ្អាកប្រារព្ធពិធីនៅទីនេះ ដោយលើកយកពេលវេលា និងនាំយក អំណោយ ទៅចែកជូនដល់ បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារអេដស៍ នៅតាមបណ្តាក្រុងស្រុកតែម្តង ។

អំណោយដែលបានផ្តល់ជូនដល់អ្នករស់នៅជាមួយមេរោគអេដស៍ និងកុមាកំព្រាដោយសារអេដស៍ចំនួន ២២៥ គ្រួសារក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប សាប៊ូដុំ ៤ ដុំ ទឹកដោះគោខាប់ ៥ កំប៉ុង ឃីត ១ កញ្ចប់(មុង ១ ភួយ ១ សារ៉ុង ១ ក្រម៉ា ១) ម៉ាស់ ៥ បន្ទះ ជែល ១ ដប ថវិកា ៥០,០០០ រៀល លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា ឧបត្ថម្ភបន្ថែមក្នុង ១ គ្រួសារ ថវិកា ២០,០០០ រៀល ។