មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យកងកម្លាំងកំពុងឈរជើងដើម្បីបង្ការ និងបង្ក្រាបទប់ស្កាត់ការកាប់រុករានទន្រ្ទានព្រៃលិចទឹក

143

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យកងកម្លាំងកំពុងឈរជើង នៅក្នុងភូមិសាស្ត្រដីព្រៃលិចទឹក ក្នុងស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដើម្បីបង្ការ និងបង្ក្រាបទប់ស្កាត់ការកាប់រុករានទន្រ្ទានព្រៃលិចទឹក។


លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ថា ដោយអនុវត្តន៍តាមបទបញ្ជាលោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ បានដាក់កម្លាំងកងរាជអាវុធហត្ថចំនួន៣គោលដៅ ដើម្បីទប់ស្កាត់ការរុកទន្ទ្រានដីព្រៃលិចទឹកតំបន់៣ ដែលជាជំរកត្រីពងជុំវិញបឹងទន្លេសាប ការពារមិនឲ្យជនខិលខូច រុកទន្ទ្រានយកដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដែលព្រៃលិចទឹកតំបន់៣នេះ មាននៅក្នុងឃុំប្រាសាទ ឃុំភ្នំលាភ ស្រុកព្រះនេត្រព្រះ និងឃុំសំបួរ ក្នុងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។


បើតាមការបញ្ជាក់នៅក្នុងកិច្ចប្រជុំបង្កើតគណៈកម្មការដើម្បីទប់ស្កាត់និងបង្ក្រាបការទន្ទ្រានដីព្រៃលិចទឹកកាលពីថ្ងៃទី២៩ ខែវិច្ឆិកាម្សិលមិញនេះ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ដីព្រៃលិចទឹកបើតាមការបញ្ជាក់ពីឯកឧត្តមរដ្ឋមន្ត្រី ក្រសួងធនធាតុទឹក និងឧត្តុនិយមបញ្ជាក់ថា មានផែនទីនិយាមកាមច្បាស់លាស់ ត្រូវយកជាគោលដើម្បីធ្វើវាស់វែងច្បាមយកដីតំបន់២ និងតំបន់៣មកវិញ ដោយនៅក្នុងអនុក្រិតនៃការបែកចែកដីព្រៃលិចទឹក មានតំបន់១ តំបន់២ និងតំបន់៣ ដែលខាងធនធានទឹកវាស់វែងហើយនោះ បញ្ជាក់ថា ដីព្រៃលិចទឹកតំបន់១ គឺអាចចេញប្លង់កម្មសិទ្ធិបាន ដីតំបន់២ គ្រាន់តែមានសិទ្ធិប្រើប្រាស់អាស្រ័យផលប៉ុណ្ណោះ រីឯតំបន់៣ ហាមមិនឲ្យទៅប៉ះពាល់ដាច់ខាត៕