ប្រារពពិធីព្រឹត្តិការណ៍រៀនសូត្រ និងពិធីអបអរសាទរ ទិវាជាតិ លើកកម្ពស់អនាម័យជនបទលើកទី ១២ ឆ្នាំ ២០២១ លើប្រធានបទ « គុណតម្លៃនៃការអនុវត្តអនាម័យ និងការសំអាត »

29

( ខេត្តសៀមរាប )៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា ខេត្តសៀមរាប គឺជាខេត្តអច្ឆរិយ:ដ៏ស្រស់បំព្រងល្បីល្បាញនៅក្នុងឆាកអន្តរជាតិ លើវិស័យទេសចរណ៍ តាមរយ:ប្រាសាទបុរាណល្បីៗជាច្រើននៅក្នុងខេត្តមួយនេះ ដោយមើលឃើញពីសារ:សំខាន់បែបនេះ រាជរដ្ឋាភិបាល ក្នុងនោះឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ តែងតែយកចិត្តទុកដាក់គិតគូរ និងជំរុញការលើកកំពស់អនាម័យជនបទ ជាពិសេស រាជរដ្ឋាភិបាលរបស់យើង បានដាក់ចេញយុទ្ធសាស្ត្រ ជាបន្តបន្ទាប់ គ្រប់ផែនការណ៍ ស្ដីអំពីការផ្គត់ផ្គង់សេវាទឹកស្អាត និងអនាម័យជនបទ ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២៥ សំដៅធ្វើយ៉ាងណាដើម្បីឈានទៅសម្រេច ឲ្យបានធ្វើយ៉ាងណា ឲ្យកម្ពុជាឆ្នាំ ២០២៣ បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ឲ្យបាន ៩០% ហើយនៅឆ្នាំ ២០២៥ ខាងមុខឲ្យសម្រេចបាន ១០០% ។

ឯកឧត្តមថ្លែងនៅក្នុងសាលាស្រុកអង្គរជុំ ខេត្តសៀមរាប កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្នុងពិធីប្រារព ពិធីព្រឹត្តិការណ៍រៀនសូត្រ និងពិធីអបអរសាទរ ទិវាជាតិ លើកកម្ពស់អនាម័យជនបទ លើកទី ១២ ឆ្នាំ ២០២១ លើប្រធានបទ « គុណតម្លៃនៃការអនុវត្តអនាម័យ និងការសំអាត » ។

ឯកឧត្តមបន្តថា ធ្វើយ៉ាងណា ឆ្នាំ ២០២៥ ខាងមុខនេះ ឲ្យប្រជាពលរដ្ឋ នៅក្នុងសហគមន៍ជនបទ រស់នៅប្រកបដោយ អនាម័យល្អ បរិស្ថានល្អ ទទួលបាននូវសេវ៉ាផ្គត់ផ្គង់ ទឹកស្អាត និងអនាម័យ ដើម្បីឲ្យសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឈានទៅសម្រេចបាន តាមផែនការដែលបានគ្រោងទុក ក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានឯកឧត្តមសភាចារ្យ ជាសេនាធិការ ឲ្យនាយករដ្ឋមន្ត្រី រួមទាំងអាជ្ញ្ញាធរ គ្រប់រាជធានីខេត្តទូទាំង ២៥ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ លើការអនុវត្តន៍ ក៏ដូចជាការលើកកំពស់ផ្គត់ផ្គង់សេវាទឹកស្អាត និងអនាម័យជនបទតាមរយៈ ការបំផុសឬបញ្ជ្រាប សារទាំងអស់នោះ ក៏ដូចជាតាមរយ: ការលើកកំពស់ប្រជាពលរដ្ឋ ឲ្យលាងដៃនឹងសាប៊ូ នៅតាមសហគមន៍ជនបទ ក៏ដូចជានៅតាមសាលារៀន ឬទីសាធារណ:នានា ដើម្បីឲ្យសារទាំងនោះ បានជ្រួតជ្រាបទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាប្អូនសិស្សានុសិស្ស នៅតាមសាលាទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឲ្យបង្កើនការយកចិត្តទុកដាក់ លើការរក្សាអនាម័យ តាមរយ:ការលាងដៃដោយសាបូ ដែលនេះគឺជាកត្តាសំខាន់ ការធ្វើបង្គន់អនាម័យ ទៅតាមទីសាធារណ: ឬក៏ទីកន្លែងដ៏ទ័យទៀត ដើម្បីជាយន្តការជំរុញឲ្យផែនការ ក៏ដូចជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឈានទៅសម្រេចបានតាម ផែនការដែលបានគ្រោងទុក គឺ ២០២៣ ទទួលបាន ៣០% និង ២០២៥ ទទួលបាន ១០០% ។
ឯកឧត្តមបន្ថែមថា ជាការពិតណាស់ ខេត្តសៀមរាបមានទៅដល់ ១២ ស្រុកក្រុង ១០០ ឃុំង្កាត់ ៩១០ ភូមិ នៅទូទាំងខេត្តសៀមរាប ហើយខេត្តសៀមរាប គឺជាខេត្ត ដែលមានកេរិ៍ឈ្មោះល្បីល្បាញ សំបូរទៅដោយប្រសាទល្បីៗ ជាពិសេសប្រាសាទអង្គរវត្តរបស់យើង បន្ថែមពីលើនេះទៀត ទីក្រុងសៀមរាបជាទីក្រុងសម្បូរទៅដោយសណ្ដាគារថ្នាក់កំរិតពិភពលោក ជាមួយនឹងភោជនីយ៍ដ្ឋានហាងទំនិញដ៏សម្បូរបែប និងសេវ៉ាផ្សេងៗទៀត ដើម្បីទាក់ទាញវិស័យទេសចរណ៍ ទាំងភ្ញៀវជាតិ និងអន្តរជាតិ ។


ឯកឧត្តមក៏បានសម្ដែងនូវការអបអរសាទរ ខ:ណ:ឯកឧត្តម ទទួលបានរបាយការណ៍ ពីឯកឧត្តម ង៉ាន់ ភិរុន អភិបាលរងខេត្តសៀមរាបថា នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ស្រុកអង្គរជុំ អាចឈានទៅប្រកាស់ ODF ក្នុងខ:ណ:ពេលនេះនៅសល់តែ ៧ ភូមិ ស្មើនឹង ៣០ គ្រួសារទៀតតែប៉ុណ្ណោះ និងឈានទៅសម្រេចបាន ១០០% ៕