រដ្ឋបាលខេត្តព្រៃវែង បានរៀបចំការប្រឡងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល នៃរដ្ឋបាលខេត្តព្រៃវែង

78

ព្រៃវែង៖ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក អន ភារៈ អភិបាលរងខេត្តព្រៃវែង បានដឹកនាំ ក្រុមការងារអាជ្ញាធរពាក់ព័ន្ធ មន្ទីរអង្គភាព អញ្ជើញពិនិត្យ និងកាត់វិញ្ញាសារ ប្រឡងជ្រើសរើស មន្ត្រីក្របខណ្ឌរាជការស៊ីវិល ដែលរៀបចំដោយរដ្ឋបាលខេត្តព្រៃវែង។

ចំពោះការរៀបចំការប្រឡងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល នៃរដ្ឋបាលខេត្តព្រៃវែងនោះ មានបេក្ខជនបានដាក់ពាក្យប្រឡងចំនួន ២៨៨ នាក់ ដោយបែងចែកជាបន្ទប់​មានចំនួន ២០ បន្ទប់ ចំពោះមណ្ឌលនៃការរៀបចំប្រឡង ជ្រើសរើសមន្ត្រីក្របខ័ណ្ឌរាជការស៊ីវិល នៃរដ្ឋបាលខេត្តព្រៃវែងនេះ គឺធ្វើនៅសាលាបឋមសិក្សាសម្ដេចតេជោហ៊ុន សែន ព្រៃវែងក្រុង។ ហើយចំពោះការរៀបចំប្រឡងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលនេះផងដែរគឺមាន ៣ ផ្នែកមាន៖ ១ ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់, ២ ក្របខ័ណ្ឌមន្ត្រីក្រមការ, ៣ ក្របខ័ណ្ឌលេខាធិការរដ្ឋបាល និងស្មៀនឃុំ សង្កាត់។

នៅក្នុងការអញ្ជើញចុះពិនិត្យ និងកាត់វិញ្ញាសារនោះ លោកអភិបាលរងខេត្ត ក៏បានណែនាំទៅដល់បេក្ខជន បេក្ខនារី សូមយកចិត្តទុកដាក់ប្រឹងប្រែងបញ្ជេញសមត្ថ​ភាពចំណេះដឹងដែលខ្លួនមាន មិនត្រូវបង្កការរំខាននៅក្នុងបន្ទប់ ឬក៏លួចមានប្រយ៉ុង ពិសេសមិនត្រូវចម្លងគ្នានោះឡើយ ហើយក្រោយពេលទទួលលទ្ធផលល្អប្រឡង​ជាប់ជាមន្ត្រី ប្អូនៗនឹងក្លាយជាអ្នកបន្តវេន ជាទំពាំងស្នងឬស្សីដើម្បីចូលរួមបំរើប្រជាពលរដ្ឋ បំរើប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកអភិបាលរងខេត្តក៏បាន ផ្តាំផ្ញើ និងណែនាំដល់ បេក្ខជន បេក្ខនារី លោកគ្រូអនុរក្សទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នៅបទបញ្ញាត្តិផ្ទៃក្នុង នៃការប្រលងនេះធ្វើយ៉ាងណាដើម្បីយើងទទួលបាននូវមន្ត្រីដែលមានចំណេះដឹងពិតប្រាកដ ដើម្បី មានសមត្ថភាពក្នុងការបម្រើការងារជូនរដ្ឋ និងជួយអភិវឌ្ឍប្រទេសជាតិយើង។ លោកអភិបាលរងខេត្តក៏សូមជូនពរដល់បេក្ខជន បេក្ខនារី ដែលបានមកប្រឡងទាំងអស់សូមជាប់គ្រប់ៗគ្នា។សូមបញ្ជាក់ថា៖ ការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្រ្តីរាជការថ្មី ឱ្យចូលបម្រើការងារនៅរដ្ឋបាលខេត្តព្រៃវែង ឆ្នាំ២០២១នេះ គឺចំពោះបេក្ខជន បេក្ខនារី និងលោកគ្រូអនុរក្ស ក្នុងមណ្ឌលប្រឡងទាំងអស់ ត្រូវមានកាតចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ទើបអនុញ្ញាតឱ្យចូលមណ្ឌលប្រឡង៕