ផ្សារគំរូព្រំដែនកម្ពុជា ( ផ្សារដារ ) ក្នុងស្រុកមេមត់ ខេត្តត្បូឃ្មុំ បានបើកដំណើរការឡើងវិញ បន្ទាប់ពីមានវិប្បត្តិកូវីដ-១៩ អូសបន្លាយជិត ២ ឆ្នាំ

26

( ខែត្រត្បូងឃ្មុំ ) ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ អញ្ជើញសំណេះសំណាលជាមួយអាជីវករ ក្នុងផ្សារ គំរូព្រុំដែន ( ផ្សារដារ ) ស្ថិតនៅក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ។


ផ្សារដារនេះ ជាផ្សារគំរូព្រំដែនកម្ពុជាទី ១ ស្ថិតនៅមាត់ច្រកទ្វារព្រំដែនទ្វេភាគីដារ ជាប់នឹងព្រំដែនខេត្តតៃនិញ ប្រទេសវៀតណាម ដែលចំណាយការសាងសង់អស់ទឹកប្រាក់ប្រមាណ ២ លានដុល្លា ។ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៩ តែដោយសារបរិបទជំងឺកូវីដ-១៩ រីករាលដាល បានអូសបន្លាយរហូតថ្ងៃនេះ ទើបបើកដំណើរការឲ្យអាជីវករលក់ដូរជាធម្មតាឡើងវិញ ។


ក្នុងឳកាសសំណេះសំណាលជាមួយអាជីវករ ឯកឧត្តមបានឲ្យដឹងថា ផ្សារគំរូនេះ ផុសចេញជារូបរាងនេះ ក្រោមគំនិតដ៏វៃឆ្លាត របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយផ្តល់នូវសក្ដានុពលខ្ពស់ ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូល សម្រាប់ប្រជាជន នៅតាមព្រំដែន និងដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលជាផ្សារគំរូមួយ ក្នុងការដោះដូរទំនិញខេត្ត ដែលជាប់ព្រំដែនប្រទេសជិតខាង ។


ឯកឧត្តមបញ្ជាក់ទៀតថា ដោយសារការរីករាលឆ្លងជំងឺកូវីដ-១៩ ទើបធ្វើឲ្យដំណើរការផ្សារ មានការអូសបន្លាយ ប៉ុន្តែរហូតមកដល់ពេលនេះ ស្ថានភាព មានការធូរស្រាល ពិសេសក្រោយការប្រកាស របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ១ វិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ ស្តីពីការបើកប្រទេសឡើងវិញ លើគ្រប់វិស័យ ទើបរដ្ឋបាលខេត្ត សម្រេចដាក់ឲ្យផ្សារនេះ ដំណើរការលក់ដូរ ដោយមិនគិតថ្លៃឈ្នួល រយៈពេល ២ ឆ្នាំ គិតពីថ្ងៃដំណើរការផ្សារ បន្ថែមពីនេះរដ្ឋបាលខេត្ត ទទួលបន្ទុកចំណាយលើភ្លើងបំភ្លឺសាធារណៈ និងការថែទាំផ្សេងៗ ៕