ពិតជាហ៊ានមែន! លួចរំកិលផ្លូវរដ្ឋស្ងាត់ៗដើម្បីពង្រីកដីរបស់ខ្លួននៅឆ្នេរអង្កោល ខែត្រកែប

0

កែបៈ ក្រុមការងារអន្តរក្រសួង តំណាងធនាគារអភិវឌ្ឍន៍អាស៊ី និងក្រុមអាជ្ញាធររដ្ឋបាល ខែត្រកែប ដែលបានចុះទៅត្រួតពិនិត្យផ្លូវគម្រោងប្របមាត់សមុទ្រ ក្រោមកម្ចី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រង់ចំណុចខាងត្បូង វត្តអង្កោល ទៅឆ្នេរអង្កោល (PK10+166 PK10+435) កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ មានការភ្ញាក់ផ្អើលដោយសារតែកំណាត់ផ្លូវមួយខ្សែមានប្រវែងជាង១០ម៉ែត្រចូលទៅមាត់សមុទ្រនៃឆ្នេរអង្កោលត្រូវបាន “អ្នកមានលុយ” លើកយកទៅដាក់កន្លែងផ្សេងទៅវិញ។

ក្រុមមន្រ្តីបានសម្តែងការហួសចិត្តពាក់ព័ន្ធ នឹងសកម្មភាពគឃ្លើនរបស់អ្នកមានលុយរូបនោះដែលចង់យក «ឆ្នេរអង្កោល» មកធ្វើជាកម្មសិទ្ធិផ្តាច់មុខតាមរយៈការទិញដីអាស្រ័យផលពីប្រជាពលរដ្ឋ ហើយរៀបចំសាងសង់របង រៀបខឿនចូលសមុទ្ររួចចាក់ដីបំពេញ និងរំកិលផ្លូវរដ្ឋម្តងជាពីរដងដោយចិត្តឯងដើម្បីពង្រីកទំហំដីរបស់ខ្លួន។ បុគ្គលរូបនោះជាអ្នកមានលុយកាក់ច្រើនធ្វើការនៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ដោយចិត្តលោភលន់អាងអំណាចទឹកលុយជាធំគាត់បានធ្វើរបង

ព័ទ្ធយកផ្លូវរដ្ឋស្រស់ៗហើយរំកិលផ្លូវនោះទៅទីតាំងផ្សេងធ្វើដូចជា ចិត្តល្អ ដែលខ្លួនធ្វើផ្លូវថ្មីនោះសាងសង់ពីបរតុងឱ្យទៀតផងដោយមិនឲ្យមន្រ្តីជំនាញ ឬអាជ្ញាធរដែនដី មកឈឺក្បាលហាលកន្ទុយជាមួយគាត់ឡើយ។ 

ប្រជាពលរដ្ឋដែលរស់នៅ តំបន់ឆ្នេរអង្កោល ហាក់មិនមានការភ្ញាក់ផ្អើលអ្វីឡើយ។ ពីព្រោះពួកគាត់យល់ថា គេមានលុយចង់ធ្វើអ្វីៗក៍បានដោយសារកន្លងមកបុគ្គលរូបនោះធ្លាប់បានលើកទីតាំង ប៉ុស្តិ៍នគរបាលជើងទឹកអង្កោល ពីលើគោកទម្លាក់ក្នុងទឹកបានដោយជោគជ័យរួចទៅហើយដោយយកទីតាំងសំណង់ប្រវត្តិសាស្រ្តសង្រ្គាម នៃប៉ុស្តិ៍រដ្ឋបាលជើងទឹកអង្កោល មួយនេះមកធ្វើជារបស់កម្មសិទ្ធិផ្តាច់មុខ ហើយព័ទ្ធរបងធ្វើពីបេតុងជិតឈឹងតែម្ដង។

ផ្លូវលំសាធារណៈមួយខ្សែដែលកសាងដោយ ក្រសួងអភិវឌ្ឍន៍ជនបទ ចាប់ពីផ្លូវ១៣៣២ មកភ្ជាប់ជាមួយ មាត់សមុទ្រអង្កោល នេះលោកអ្នកមានរូបនោះក៍ធ្លាប់បានកាត់មួយកង់ត្រង់ចំណុចមាត់សមុទ្រប្រវែងជាង១០ម៉ែត្រដោយរំកិលចេញពីទីតាំងចាស់ចម្ងាយប្រមាណជាង១០ម៉ែត្រពីគ្នា ហើយពេលនេះគាត់នៅតែបន្តរំកិលផ្លូវរដ្ឋដើម្បីពង្រីកទំហំដីរបស់ខ្លួនដែលបានទិញពីប្រជាពលរដ្ឋ។ 

លោក វិន សុវង្ស អភិបាលរង ស្រុកដំណាក់ចង្អើរ ធ្លាប់បានប្រាប់ឱ្យដឹងក្នុងអំឡុងពេលចុះបំពេញភារកិច្ចជាមួយ ក្រុមការងារគម្រោងផ្លូវមាត់សមុទ្រថា មិនបានដឹងពីការប្តូរផ្លូវនេះទេ ដោយឱ្យក្រុមការងាររបស់លោក ហើយបានរុញរឿងនេះឱ្យទៅសួរលោកស្រីអភិបាល ស្រុកដំណាក់ចង្អើរ វិញ។

យោងតាមមន្ត្រីសាលាខែត្រកែបម្នាក់បានឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា នេះថា លោកនឹងធ្វើរបាយការណ៍បន្ទាន់មួយដាក់ទៅ លោកអភិបាលខេត្ត ដើម្បីឱ្យគណៈអភិបាលខេត្តសម្រេចថា ត្រូវរើចេញឬយ៉ាងណា?  ព្រោះថា បើពួកគាត់នៅតែបង្កបញ្ហាបែបនេះទៀតនឹងធ្វើឱ្យរាំងស្ទះដល់ គម្រោងសាងសង់ផ្លូវប្របមាត់សមុទ្រ របស់ ធនាគារអភិវឌ្ឍន៍អាស៊ី ដែលគ្រោងចំណាយថវិការហូតជិត២០លានដុល្លារក្នុងការសាងសង់ផ្លូវនេះឡើង។ ជាក់ស្តែង គម្រោងផ្លូវប្របមាត់សមុទ្រត្រង់ចំណុច PK10+166 PK10+435 ដែលត្រូវពង្រីករហូត១៣ម៉ែត្រតែត្រូវបង្រួមមកត្រឹម៦ម៉ែត្រវិញដោយសារតែប៉ះនឹងរបងបេតុងមួយផ្នែក និងមួយផ្នែកទៀតប៉ះជាមួយប្រជាពលរដ្ឋ។

លោកបន្តថា សកម្មភាពដែលអ្នកមានលុយលួចប្តូរផ្លូវរដ្ឋនេះ ជាបញ្ហាប្រឈមលើឆ្នេរ ហើយប៉ះពាល់ដល់គម្រោងសាងសង់ផ្លូវប្របមាត់សមុទ្រ ដែលជាគម្រោងធំមួយរបស់ ខែត្រកែប។ 

ទីប្រឹក្សាដោះស្រាយផលប៉ះពាល់ នៃគម្រោងសាងសង់ផ្លូវប្របមាត់សមុទ្រ របស់ ADB សុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ក្នុងអំឡុង ខែកុម្ភៈ ឆ្នាំ២០២១ យើងបានសម្រេចប្តូរទំហំផ្លូវត្រង់ចំណុច PK10+166 PK10+435 ពី១៣ម៉ែត្រមកនៅត្រឹម៦ម៉ែត្រវិញដើម្បីកាត់បន្ថយផលប៉ះពាល់ ហើយពេលនេះមានប្រជាពលរដ្ឋតែ៦គ្រួសារប៉ុណ្ណោះដែលរងនូវផលប៉ះពាល់ក្នុងគម្រោងនេះ។ ដោយឡែកសម្រាប់របងបេតុងទាំងនេះវិញលែងជាផលប៉ះពាល់ទៀតហើយ។

លោកបញ្ជាក់ទៀតថា យើងបានចុះមកសិក្សាគម្រោងសាងសង់ផ្លូវប្របមាត់សមុទ្រ នេះតាំងពី ឆ្នាំ២០១៩ មកម្ល៉េះ ហើយកន្លងមក ADB ក៍ធ្លាប់បានជូនដំណឹងពីការហាមឃាត់សាងសង់សំណង់ផ្សេងៗនៅតាមបណ្តោយផ្លូវក្នុងគម្រោងនេះនាអំឡុងពេល ADB កំពុងដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋដើម្បី ឱ្យ ADB អាចចុះអនុវត្តន៍គោលការណ៍សុវត្ថិភាពសង្គមប្រកបដោយប្រសិទ្ធភាព។ 

ពាក់ព័ន្ធនិងការរំកិលផ្លូវកាត់ ឆ្នេរអង្កោល លោកទីប្រឹក្សាបានស្នើឱ្យរដ្ឋបាល ខែត្រកែប ជួយដោះស្រាយដើម្បីឱ្យ គម្រោងសាងសង់ផ្លូវប្របមាត់សមុទ្រ ដែលមានប្រវែងជាង១២គីឡូម៉ែត្រនេះដំណើរការបានល្អដោយរលូន។

គួរបញ្ជាក់ថា តំបន់អង្កោល ត្រូវបាន គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរ ខែត្រកែប ដាក់ចូលជាតំបន់អភិវឌ្ឍន៍ប៉ូល ទេសចរមួយក្នុងចំណោមប៉ូលអភិវឌ្ឍន៍តំបន់ទេសចរធំៗទាំង៤នៃ ខែត្រកែប។ ក៍ប៉ុន្តែបញ្ហារំលោភយក ដីឆ្នេរសមុទ្រអង្កោល មួយនេះអាចនឹងធ្វើឱ្យរាំងស្ទះដល់គម្រោងទាំងនេះដោយសារតែអ្នកមានលុយលែងខ្លាចច្បាប់ និងអាជ្ញាធរដែនដី។ កន្លងមកធ្លាប់មានមន្រ្តីសាលា ស្រុកដំណាក់ចង្អើរ ខ្លះរអ៊ូថា លែងចង់មកក្បែរ ឆ្នេរអង្កោល ទៀតដោយសារសកម្មភាពសាងសង់សំណង់ដោយចិត្តឯង ហើយអាជ្ញាធរថ្នាក់ក្រោមហាមឃាត់មិនស្តាប់ និងមិនហ៊ានចាត់វិធានការថែមទៀតផង៕