ម្ចាស់ការ៉ាស់សាំង PTT នៅព្រៃស បាញ់សម្លាប់ខ្លួនព្រោះមានវិបត្តិរឿងលុយកាក់ធ្ងន់ធ្ងរ

80

ភ្នំពេញ:  បុរសម្នាក់មានវ័យ៣៤ឆ្នាំជាម្ចាស់ការ៉ាស់សាំងភីធីធី ( PTT ) បានបាញ់សម្លាប់ខ្លួនព្រោះតែរឿងជំពាក់បំណុលគេច្រើនធ្ងន់ធ្ងរពេក។ ហេតុការណ៍នេះកើតនៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ  ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៧:១៥នាទីត្រង់ចំណុចក្នុងបន្ទប់ទឹកខាងក្រោយបរិវេណការ៉ាស់សាំងផ្ទាល់តាមបណ្តោយផ្លូវបេតុងព្រៃសស្ថិតក្នុង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ បានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ឡី សុក្រឹត អាយុ៣៤ឆ្នាំមុខរបរម្ចាស់ការ៉ាស់សាំង ភីធីធី (PTT) ស្នាក់នៅកន្លែងកើតហេតុ។ សពមានស្នាមរបួសធ្លាយពីសៀតផ្កាស្ដាំទៅខាងឆ្វេង។ វត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុមាន អាវុធខ្លី១ដើមម៉ាក ZORAKI 2914-T បង់១ មានគ្រាប់ក្នុងបង់ចំនួន៦គ្រាប់ ក្នុងកាណុង១ សម្បកកាទុស១ និងបាល់គ្រាប់១។

លោកអធិការខណ្ឌបន្តទៀតថា មុនពេលកើតហេតុកន្លងមកជនរងគ្រោះមានវិបត្តិរឿងលុយកាក់ធ្ងន់ធ្ងរតែលុះព្រឹកថ្ងៃកើតហេតុកូនចៅងើបពីដេកដើរកមេមិនឃើញព្រោះណាត់គ្នាត្រូវទៅ ខេត្តកំពត ក៍រកមើលនៅក្នុងបន្ទប់ទឹកឃើញតែស្បែកជើងស្រែកហៅមិនឮឆ្លើយដោយមានការសង្ស័យក៍ហៅគ្នាយកសោទៅចាក់មើលក៍ស្រាប់តែឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ។ នៅលើដងខ្លួនមានឈាមផ្នែកក្បាលរួចក៍ឆោឡោហើយពួកគេរាយការណ៍ប្រាប់សមត្ថកិច្ច។ លទ្ធផលធ្វើសំណាកពីក្រុមគ្រូពេទ្យគឺអវិជ្ជមាន ជំងឺកូវីដ១៩។

តាមការសន្និដ្ឋាននៃការពិនិត្យ និងវិភាគជុំវិញកន្លែងកើតហេតុពីសំណាក់ កម្លាំងការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្តនៃ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូង រាជធានីភ្នំពេញ ជនរងគ្រោះបានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនពិតប្រាកដមែន។ សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ។

គួរបញ្ជាក់ថា រឿងជំពាក់បំណុលស្ថិតក្នុងដំណាក់កាល ជំងឺកូវីដ១៩ នេះគឺមនុស្សទូទៅជួបបញ្ហាសេដ្ឋកិច្ចស្ទើរគ្រប់គ្នា។ ជាពិសេសប៉ុន្មានថ្ងៃនេះតារាកំប្លែង នាងខ្ញុង កំពុងតែផ្ទុះរឿងកក្រើកពេញ បណ្ដាញសង្គមហ្វេសប៊ុក តាមរយៈ និងជឿជាក់លើលោកគ្រូជោគជ័យ សៀវ សុផល ប្រាប់ឱ្យនាងសុំលុយពីពលរដ្ឋខ្មែរម្នាក់មួយដុល្លារធ្វើឱ្យមហាជនរិះគន់យ៉ាងចាស់ដៃ។ ទាក់ទងរឿងជំពាក់បំណុលនេះ គឺមិនមានប្រភពណាមួយបញ្ជាក់ឱ្យច្បាស់លាស់ថា ជនរងគ្រោះជំពាក់ប្រាក់គេចំនួនប៉ុន្មាននោះទេ៕