មេឃកំពុងតែភ្លៀងបុរសម្នាក់បើករថយន្តមិនប្រយ័ត្នរ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំចំណែកម្ចាស់ចុះគេចខ្លួនបាត់ស្រមោល…

71

ភ្នំពេញ៖ រថយន្តកាមរីហាយព្រីតមួយគ្រឿងបើកបរដោយបុរសម្នាក់បោះពួយក្នុងល្បឿនលឿនរ៉េចង្កូតទៅបុកជាមួយនឹងក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ សំណាងល្អអ្នកបើកបរ និងអ្នកធ្វើដំណើរតាមដងផ្លូវរួចផុតពីគ្រោះថ្នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ នឹង១៥នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់០១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើង គេបានឃើញបុរសម្នាក់បើករថយន្តម៉ាក camry hybrid ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AE-1988 ធ្វើដំណើរពីទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុក៏រ៉េចង្កូតទៅបុកជាមួយនឹងក្បាលពោះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ សំណាងល្អអ្នកបើកបររួចផុតពីគ្រោះថ្នាក់ ហើយក៏បានបើកទ្វាររថយន្តបន្តដំណើរចេញពីកន្លែងកើតហេតុបាត់ស្រមោល សូមបីតែសមត្ថកិច្ចមិនបានឃើញមុខអ្នកបើកបរនឹងរបៀបម៉េចផង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ត្រួតពិនិត្យមើលរួចរាល់ទើបធ្វើការវាស់វែង នឹងទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហៅរថយន្តមកស្ទូចយកទៅរក្សាទុករងចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមនីតិវិធី។