បញ្ជូនឧក្រិដ្ឋជនគ្រឿងញៀនពីរនាក់ជាមួយថ្នាំញៀនជិត២០គីឡូក្រាមទៅតុលាការខែត្រស្វាយរៀង

86


ស្វាយរៀងៈ កម្លាំងនគរបាល ខែត្រស្វាយរៀង បានបញ្ជូនឧក្រិដ្ឋជនគ្រឿងញៀនចំនួនពីរនាក់ជាមួយថ្នាំញៀនជិត២០គីឡូក្រាមដែលពួកគេបម្រុងលួចដឹកឆ្លងចូលទឹកដីប្រទេសវៀតណាម ទៅកាន់សាលាដំបូង ខែត្រស្វាយរៀង ដើម្បីចាត់ការតាមផ្លូវច្បាប់ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។

យោងតាមសមត្ថកិច្ចប៉ូលិសបានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែតុលា នេះថា សមត្ថកិច្ចប៉ូលិសរួមសហការជាមួយ លោកព្រះរាជអាជ្ញា អមសាលាដំបូង ខែត្រស្វាយរៀង កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្លូវបេតុងស្ថិតក្នុង ភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខែត្រស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាល ក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុង សហការជាមួយ ការិយាល័យប្រឆាំងគ្រឿងញៀនខែត្រ បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យពីរនាក់ក្នុងនោះទី១.ឈ្មោះ ឡេ វ៉ាន់ថ អាយុ១៨ឆ្នាំ ភេទប្រុសជនជាតិវៀតណាម មុខរបរជាងឈើ រស់នៅ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ភ្នំពេញ។ ជននេះជាអ្នកដឹកជញ្ជូនគ្រឿងញៀនពី ភ្នំពេញ ឆ្លងដែនទៅវៀតណាម។ ទី២.ឈ្មោះ វ៉ាន់ សុផា អាយុ២០ឆ្នាំភេទប្រុស ជនជាតិខ្មែរមុខរបរជាងឈើ រស់នៅភូមិនិងសង្កាត់ជាមួយគ្នា ជាអ្នកដឹកជញ្ជូនគ្រឿងញៀនពី ភ្នំពេញ ឆ្លងដែនទៅវៀតណាម។

ប្រភពដដែលបន្តទៀតថា កិច្ចប្រតិបត្តិការនេះកម្លាំងចម្រុះចាប់បានថ្នាំញៀន ប្រភេទហេរ៉ូអ៊ីនទម្ងន់៣,៥០២ក្រាម និងថ្នាំមេតំហ្វេតាមីនទម្ងន់២,៩៨៦ក្រាម។ ថ្នាំកេតាមីនទម្ងន់១៣,០០០ក្រាម។ សរុបទម្ងន់១៩.៤៨៨គីឡូក្រាម អាវុធខ្លីធុនK54ចំនួន១ដើម បង់១,គ្រាប់ចំនួន៨គ្រាប់ ម៉ូតូ១គ្រឿង និងកាបូបធំសម្រាប់ដាក់ថ្នាំញៀន១ទៀតផង៕