ជនជាតិចិន៤នាក់ ត្រូវបាននគរបាលជំនាញខេត្តព្រះសីហនុ ឃាត់ខ្លួនពាក់ព័ន្ធការជួញដូរគ្រឿងញៀនខុសច្បាប់

25

កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន៤នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនខុសច្បាប់

ព្រះសីហនុ៖ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ ដោយមានការដឹកនាំសម្របសម្រួលនីតិវីធីដោយលោក ពេញ ពិសិដ្ឋ ព្រះរាជ្ញអាជ្ញារងបានធ្វើប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនកាលពីយប់ថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០២១ វេលាម៉ោង ២០:០០នាទី នៅចំណុចខាងក្រោយកាស៊ីណូហួយ ហ័រ ស្ថិតក្នុងក្រុមទី១១ ភូមិ១ សង្កាត់២ ក្រុង-ខេត្ដព្រះសីហនុ។

ក្នុងប្រតិបត្តិការនោះ បានចាប់ខ្លួនជនសង្ស័យម្នាក់ជនសង្ស័យឈ្មោះ ZHANG HONG YOU ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិនមុខរបរមិនពិតប្រាកដមានទីលំនៅក្នុងក្រុមទី២១ ភូមិ៤ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។ ចំណែកវត្ថុតាងដកហូតបានរួមមានម្សៅក្រាមសង្ស័យជាសារធាតុញៀនចំនួន ២៦កញ្ចប់, ម្សៅសថ្លាសង្ស័យជាសារធាតុញៀនចំនួន ១១កញ្ចប់, ថ្នាំញៀនអ៊ីចស្តាស៊ី ប្រភេទម្សៅ(MDMA) ចំនួន ១កញ្ចប់, ថ្នាំញៀនអ៊ីចស្តាស៊ី ប្រភេទទឹក(MDMA)ចំនួន ៤ដប, ថ្នាំគ្រាប់មានអក្សរ WY មេតំហ្វេតាមីន ចំនួន៣កញ្ចប់, ទូរស័ព្ទចំនួន ២គ្រឿង។ នេះបើយោងតាមរបាយការណ៍របស់ ស្នងការដ្ឋាន នគរបាល ខេត្តព្រះសីហនុ ដែលទទួលបាននៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ កម្លាំងជំនាញក៏បានឈានដល់ឆែកផ្ទះជួលមួយកន្លែងនៅក្រុម២១ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ទៀត ឈ្មោះ CHEN JING HUAI ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ និងឈ្មោះ CHEN GUO FENG ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដមាន។ អ្នកទាំងពីមានទីលំនៅក្រុម២១ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ចំណែកវត្ថុតាងដកហូតបានរួមមានម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ៥កញ្ចប់, រុក្ខជាតិក្រៀមសង្ស័យជាសារធាតុចំនួន ១កញ្ចប់, ម្សៅក្រាមសង្ស័យជាសារធាតុចំនួន ១២កញ្ចប់, ថ្នាំគ្រាប់អក្សរWY មេតំហេ្វតាមីនចំនួន ១៣កញ្ចប់, ថ្នាំញៀនអ៊ីចស្តាស៊ីប្រភេទទឹក(MDMA) ចំនួន២ដប, ថ្នាំញៀនអ៊ីចស្តាស៊ីប្រភេទម្សៅ(MDMA) ចំនួន ២កញ្ចប់, ម្សៅក្រាមពណ៌ប្រផេះសង្ស័យជាសារធាតុញៀនចំនួន ១កញ្ចប់, ជញ្ជីងថ្លឹងថ្នាំចំនួន ២គ្រឿង, ទូរស័ព្ទចំនួន ១ គ្រឿង។

លុះមកដល់វេលាម៉ោង២រំលង អធ្រាត្រ ឈាន ចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ ZHANG HONG YOU បានបន្តសហការជាមួយកម្លាំងជំនាញ ដោយបាននាំទៅឆែកឆេរបន្ទប់ស្នាក់នៅមួយកន្លែងរបស់ជនសង្ស័យឈ្មោះ LU JIAN MIN ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ មានទីលំនៅក្រុម១១ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ចំពោះវត្ថុតាងដកហូតបានរួមមាន ម្សៅក្រាមសង្ស័យជាសារធាតុញៀនចំនួន ៧កញ្ចប់ និងទូរស័ព្ទចំនួន ២គ្រឿង ថែមទៀត។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងខាងលើត្រូវបាននគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕