ឃាត់ខ្លួនពលករខ្មែរ ២០នាក់ បម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ តាមច្រកម៉ាឡៃ

14

បន្ទាយមានជ័យ៖ ពលករខ្មែរចំនួន២០នាក់ ត្រូវបានចាប់ខ្លួន ខណៈបម្រុងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ តាមខ្សែរបន្ទាត់ព្រំដែនខ្មែរ-ថៃ នៅភូមិបន្ទាយពីរ ឃុំអូរសំព័រ ស្រុកម៉ាឡៃ បន្ទាយមានជ័យ នៅយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។ ការចាប់ខ្លួនពលករដ៏ច្រើននេះ ដោយកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ចុះល្បាតនៅត្រង់ចំណុច ក្បាលទំនប់ ក៏បានប្រទះឃើញពលករទាំងនោះ បម្រុងលួចចូលទៅប្រទេសថៃ។ ក្រោយការចាប់ខ្លួន កម្លាំងបាននាំយកពួកគេទៅសួរនាំ និងបានប្រគល់ជូនកម្លាំជំនាញ ដើម្បីអនុវត្តទៅតាមច្បាប់។

សូមបញ្ជាក់ថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ-១៩ កុំឱ្យឆ្លងចូលជាសហគមន៍ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១១, ៥១៣ និង៥១៤ បានយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជាថ្នាក់លើទាំង៣ទិស ក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីទិសអូរនាង ប៉ោយប៉ែត និងទិសម៉ាឡៃ សហការជាមួយកម្លាំងនៅតាមមូលដ្ឋានចេញល្បាតឆែកឆេរត្រួតពិនិត្យជាប្រចាំក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់។

ទោះជាបានការរឹតបន្តឹងនៅតាមបន្ទាត់ព្រំដែនយ៉ាងនេះក៏ដោយ គេសង្កេតឃើញពលករខ្មែរជាច្រើនបាននាំគ្នាសម្រុកចូលទៅក្នុងទឹកដីថៃដើម្បីស្វែងរកការងារធ្វើនៅទីនោះ ហើយពីមួយថ្ងៃទៅមួយថ្ងៃ មានពលករជាច្រើននាក់ ត្រូវបានកម្លាំងនៅតាមបន្ទាត់ព្រំដែនធ្វើការចាប់ខ្លួនបានជាបន្តបន្ទាប់យកមកអប់រំ៕