សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ នៃវិទ្យាល័យស្វាយរៀង ចូលរៀនវិញហើយនៅព្រឹកថ្ងៃទី១១នេះ…

48

ខេត្តស្វាយរៀង៖ ថ្ងៃទី ១១  ខែតុលា ឆ្នាំ២០២១នេះ វិទ្យាល័យស្វាយរៀង​ បានបើកឲ្យសិស្សានុសិស្សចូលរៀនវិញក្នុងបរិបទរៀនរស់នៅជាមួយជំងឺកូវីដ១៩ ។លោក យស់ ពៅ នាយកវិទ្យាល័យ ស្វាយរៀង  បានឲ្យដឹងថាការបើកវិទ្យាល័យថ្ងៃនេះ ជាជំហ៊ានដំបូងខាងគណៈគ្រប់គ្រងសាលាសម្រេចឲ្យចូលរៀនពីថ្នាក់ទី ១២  និងថ្នាក់ទី ៩ សុទ្ធតែថ្នាក់ដែលត្រូវប្រឡង។ ហើយបែងចែកពីរពេលថ្នាក់ទី១២ រៀនពេលព្រឹក ចំណែកថ្នាក់ទី៩ រៀនពេលល្ងាច ។

លោក យស់ ពៅ នាយកវិទ្យាល័យ ស្វាយរៀង បានណែនាំដល់លោកគ្រូអ្នកគ្រូ និង សិស្សានុសិស្សទាំងអស់ឲ្យមានការយកចិត្តទុកដាក់ខ្ពស់អំពីបញ្ហា សុខភាពគឺ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ ការពារ ៣កុំ ” ជាពិសេសត្រូវចេះការពារខ្លួនឯងរៀងៗ ខ្លួន ពីជំងឺកូវីដ១៩ ។ ក្នុងករណីបើមានអាការៈមិនស្រួល ឬ មានរោគសញ្ញាសង្ស័យត្រូវប្រញាប់រាយការណ៍ទៅ ឲ្យ លោកគ្រូអ្នកគ្រូដើម្បីរៀបចំយកសំណាកធ្វើតេស្តរកមេរោគកូវីដ – ១៩ និងធ្វើការព្យាបាលឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់ កុំឆ្លងរាលរីកដាលទៅអ្នកដទៃទៀត ។

សូមបញ្ជាក់ថារដ្ឋបាលខេត្ត ស្វាយរៀង បានសិក្សានិងវាយតម្លៃពីកម្រិតហានិភ័យដែលអាចរៀបចំបើកសាលាឲ្យសិស្សានុសិស្សចូលរៀនឡើងវិញបានចាប់ពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២១ នេះក្នុងចំណោម ៦៥សាលាក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀង ត្រូវបានបើកដំណើរការចំនួន៦២ សាលាមានអនុវិទ្យាល័យ៤៨ សាលានិងវិទ្យាល័យ១២ សាលា ៕

ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញពិនិត្យការបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណៈ និងនិងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស វិទ្យាល័យស្វាយរៀង ស្ថិតនៅក្នុងក្រុងស្វាយរៀង ដែលមានសិស្ស ថ្នាក់ទី៩ និង ថ្នាក់ទី១២។

ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញពិនិត្យការបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណៈ និងនិងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស វិទ្យាល័យស្វាយរៀង ស្ថិតនៅក្នុងក្រុងស្វាយរៀង ដែលមានសិស្ស ថ្នាក់ទី៩ និង ថ្នាក់ទី១២ ក្នុងមួយបន្ទប់ត្រូវបានបែងចែកតាមបណ្ដុំ ១ថ្នាក់ ចំនួន ១៥នាក់ហើយចំនួនសិស្សទាំងអស់នេះគឺត្រូវបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួចរាល់ផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ក៏បានណែនាំដល់លោកនាយកសាលា ៖ត្រូវរៀបចំបន្ទប់ដាច់ដោយឡែក មួយនៅក្នុងសាលាក្នុងករណីមានសិស្សានុសិស្ស ដែលសុខភាពមិនប្រប្រតីត្រូវដាក់គាត់នៅដាច់ដោយឡែកតាមដានសុខភាព និងទាក់ទងទៅមន្រ្តីជំនាញដើម្បីយកវត្ថុវិភាគសំណាកធ្វើតេសសិក្សានុសិស្សមុននឹងចូលដល់ថ្នាក់រៀន ត្រូវច្រកម៉ាស់ សម្អាតដៃជាមួយអាល់កុល ឬសាប៊ូ និងសួរនាំក្នុងករណីមានបងប្អូនឬអ្នកជិតខាងមានវិជ្ជមានជំងឺកូវីដ-១៩ តម្រូវឱ្យឈប់សម្រាកធ្វើចត្តាឡីស័ក ម៉ោងសម្រាកចេញលេង របស់សិស្សានុសិស្ស ត្រូវផ្លាស់ប្តូរឆ្លាស់វេនគ្នា ជៀសវាងមានការជួបជុំប្រមូលផ្តុំគ្នា អាចបង្កហានិភ័យការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។

បន្ថែមលើសពីនេះ ឯកឧត្តម ក៏បានអំពាវនាវ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់យកចិត្តទុកដាក់ ក្នុងការបង្រៀន និងរៀនទាំងនៅសាលាផ្ទាល់ ទាំងតាមរយៈអនឡាញ ដើម្បីក្រេបជញ្ជក់យកចំណេះដឹង សម្រាប់ក្លាយជាសិស្សល្អ ពលរដ្ឋល្អក្នុងសង្គម ជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិយើងនាពេលអនាគត និងត្រូវបន្តគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល របស់ក្រសួងសុខាភិបាល និងគោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអនុសាសន៍របស់ សម្តេចតេជោ ដើម្បីការពារជំងឺកូវីដ-១៩  គឺ ៣.ការពារ និង ៣.កុំ ព្រមទាំងប្រតិបត្តិឲ្យបានជាប់លាប់នូវ គោលការណ៍ SOP( នីតិវិធីប្រតិបត្តិការស្តង់ដារ) របស់ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើយ៉ាងណាសម្រួលដល់ ប្អូនៗ ក្មួយៗ បានបន្តការសិក្សា និងអាចឈានទៅបើកដំណើរការថ្នាក់បឋម សិក្សាជាបន្តបន្ទាប់ទៀតនាពេលដ៏ខ្លីខាងមុខ ។