រដ្ឋបាលខេត្តមណ្ឌលគិរីចាត់វិធានការបន្ទាន់លើគ្រប់ស្ថាប័ន ឲ្យធ្វើតេស្តរហ័សជាបឋម ក្រោយចប់ពិធីបុណ្យភ្ជុំបិណ្ឌ…
ខេត្តមណ្ឌលគិរី ៖ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ក្នុងសហគមន៍ក្រោយពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់ រដ្ឋបាលខេត្តមណ្ឌលគិរីបានដាក់ចេញវិធានការបន្ទាន់លើគ្រប់ស្ថាប័ន ជាពិសេស លោកគ្រូ អ្នកគ្រូ ដែលត្រូវចូលបង្រៀនវិញ ដោយលើកទឹកចិត្តឲ្យធ្វើតេស្តរហ័សជាបឋម ក្នុងករណីរកឃើញវិជ្ជមានក្នុងកម្រិតស្រាលអនុញ្ញាតសម្រាកព្យាបាលនៅផ្ទះ ។

លោក សាយ ម៉េងគីម អភិបាលខេត្តមណ្ឌលគិរី(ស្តីទី)បានឲ្យដឹង នារសៀលថ្ងៃទី០៩ តុលា នេះថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ ខេត្តមណ្ឌលគិរីបានទទួលភ្ញៀវទេសចរសរុប២៣,៣២៣នាក់ ឡើងលើស៨០% បើធៀបឆ្នាំ២០២១។ ក្នុងអំឡុងពេលនេះ ស្ថានភាពសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋានមានរបៀបល្អ ទោះបីមានចំនួនអ្នកទេសចរកើនច្រើនក្នុងបរិបទកូវីដ១៩ក៏ដោយ។

លោក សាយ ម៉េងគីម បន្តថា តាមបណ្តារផ្ទះសំណាក់ សណ្ឋាគារ រមណីយដ្ឋាន នានា គឺអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរក្រុងសែនមនោរម្យ បានអនុវត្តវិធានការ ផ្សព្វផ្សាយរបស់រដ្ឋបាលខេត្ត វិធានការអប់រំសុខាភិបាល នៅតាមគ្រប់ទីកន្លែងដែលមានមនុស្សច្រើន។

ជុំវិញវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ជាពិសេស ប្រភេទបម្លែងថ្មីដែលតា ក្នុងសហគមន៍ក្រោយពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចាប់ រដ្ឋបាលខេត្តមណ្ឌលគិរីបានចេញសេចក្តីណែនាំ ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅពេលមានការវិលត្រលប់របស់បងប្អូនប្រជាពលរដ្ឋ កម្មករកម្មការី គ្រូបង្រៀន ពីស្រុកកំណើតក្នុងថ្ងៃឈប់សម្រាក ។ រដ្ឋបាលខេត្តបានណែនាំដល់គ្រូបង្រៀនក្នុងស្ថាប័នរដ្ឋ ត្រូវអនុវត្តធ្វើរហ័ស ក្នុងករណីរកឃើញវិជ្ជមាន ហើយគ្មានរោគសញ្ញាត្រូវអនុញ្ញាតឲ្យគាត់សម្រាកព្យាបាលនៅតាមផ្ទះ និងជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន ។ ក្នុងករណីអ្នកវិជ្ជមានហើយមានរោគសញ្ញាគួរឲ្យកត់សម្គាល់ ត្រូវធ្វើតេស្តបញ្ជាក់ដោយម៉ាស៊ីនPCRនិងត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ចំណែកគ្រូបង្រៀននៅតាមស្ថាប័នឯកជន រដ្ឋបាលខេត្តបានលើកទឹកចិត្តឲ្យម្ចាស់សាលារៀនឯកជនទាំងនោះ ចាត់ចែងដោយខ្លួនឯងនិងមានការទទួលខុសត្រូវខ្ពស់ ។ ដោយឡែក កម្មករនិយោជិក និយោជក នៅតាមបណ្តាររោងចក្រសហគ្រាស និងក្រុមហ៊ុននានា គឺខេត្តលើកទឹកចិត្តឲ្យគាត់អនុវត្តធ្វើតេស្តរហ័ស ដោយទទួលខុសត្រូវដោយខ្លួនឯង និងសហការជាមួយអាជ្ញាធរពាក់
ព័ន្ឋ ជាពិសេស មន្ទីរសុខាភិបាល ៕
