ក្រសួងកំណត់មុំយុទ្ធសាស្រ្តអភិវឌ្ឍន៍ប៉ូលទេសចរណ៍ំចំនួន៤ ក្នុងសេចក្តីព្រាងផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តកែប

46

កែប ៖ នៅក្នុងសេចក្ដីព្រាងផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តកែប គឺមានមុំយុទ្ធសាស្ត្រអភិវឌ្ឍប៉ូលទេសចរណ៍ចំនួន ៤ ក្នុងនោះរួមមាន ប៉ូលក្រុងកែបចាស់ ប៉ូលតំបន់អង្កោល ប៉ូលតំបន់ភ្នំវល្លិប៉ូលតំបន់ប្រជុំកោះ នឹងបង្កើតមណ្ឌលនវានុវត្តទេសចរណ៍មួយបន្ថែមទៀត។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាងផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ឆ្នាំ២០២១-២០៣៥ នៅសាលាខេត្តកែប កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បានសង្កត់ធ្ងន់ថា ខេត្តកែបមានឆ្នេរអង្កោលមួយដែលជាឆ្នេរធម្មជាតិហើយមានប្រវែងវែងជាងគេ ប៉ុន្តែមិនអាចលេងកម្សាន្តបានដោយសារបញ្ហាមួយចំនួនដែលទាមទារអោយមានការរៀបចំអោយបានល្អ ដើម្បីកែប្រែឆ្នេរនេះអោយក្លាយទៅជាទីកន្លែងដ៏ទាក់ទាញនាពេលខាងមុខ។ ក្រៅពីឆ្នេរខ្សាច់ដែលនៅតាមបណ្តាកោះនានា ក៏ត្រូវការដាក់បញ្ជូលអោយស្ថិតក្នុងតំបន់នៃការអភិវឌ្ឍន៍ ក្រៅតែពីកោះទន្សាយ និងកោះពោធិ៍។

ឯកឧត្តមបន្តថា តាមរយៈសេចក្ដីព្រាងផែនការមេនេះ គឺនឹងប្រែក្លាយទៅគោលដៅទេសចរណ៍ផ្ទះទី២ ទេសចរណ៍វ័យចំណាស់។ លោកថា ប្រជាជនបារាំង ជប៉ុន ចិន ដែលសម្បូរទៅដល់កំណើនមនុស្សចាស់ច្រើននោះ ក៏បានស្វែងរកគោលដៅទេសចរណ៍សុខមាលភាពផងដែរ ដូច្នេះខេត្តកែបត្រូវមានយុទ្ធសាស្ត្រទាក់ទាញទេសចរទាំងនេះ។

ឯកឧត្ដម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការ នៃគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការអភិវឌ្ឍទេសចរណ៍ខេត្តកែបបានឱ្យដឹងថា ក្នុងការសិក្សារៀបចំផែនការមេនេះ ក្រុមការងារអន្តរក្រសួងក៏បានសិក្សាពីបទពិសោធន៍នៃការអភិវឌ្ឍទីក្រុងទេសចរណ៍របស់ប្រទេសមួយចំនួន ដូចជានៅប្រទេសបារាំងជាដើម។

ឯកឧត្ដម បន្តថា ក្នុងដំណាក់កាលនៃវិបត្តិកូវីដនេះ យុទ្ធសាស្ត្រទីផ្សារផ្សព្វផ្សាយទេសចរណ៍ខេត្តកែប មានការផ្សព្វផ្សាយអំពីកិត្តិនាមទេសចរណ៍សុវត្ថិភាព សុខភាព
និងមានម្ហូបអាហារឆ្ងាញ់ ក្នុងន័យ នឹកឃើញខេត្តកែប គឺមានកិត្តិនាមគោលដៅទេសចរណ៍សុវត្ថិភាព មានអាហារសមុទ្រឆ្ងាញ់ៗ ផ្ដល់សុខភាពល្អ ជាដើម។ ក្នុងនោះលោកក៏បានបង្ហាញគម្រោងការទាក់ទាញផលិតកម្មភាពយន្ត ក្រុមផលិតករល្បីៗមកចូលរួមថតភាពយន្ត ថតវីដេអូកម្សាន្ត ថត Pre-Wedding ជាដើម។
លោកថា បើយើងទាញបានផលិតកម្មល្បីមួយ គឺជាជោគជ័យមួយក្នុងការផ្សព្វផ្សព្វពីសក្តានុពលខេត្តរបស់យើង៕