ខេត្តកែប ដោះមីនបានមួយកន្លែង រកឃើញមីន ៦គ្រាប់ លើផ្ទៃដីជិត៥ហិកតា នៅសល់១០កន្លែងទៀតទូទាំងខេត្ត

100

កែប៖ ក្រោយកម្លាំង បោសសម្អាត មីន របស់ ស៊ីម៉ាក់ បាន ចុះមក ដល់ ខេត្ដ កែបកាលពី ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២១ កន្លងមក ពេលនេះសកម្មភាពប្រតិបត្តិការ ក្នុងការ បោសសម្អាត មីន នៅខេត្តកែប សម្រេចបាន១ទីតាំង គឺភូមិ ដំណាក់ ចង្អើរ ដោយរកឃើញគ្រាប់មីនចំនួន ៦គ្រាប់ គ្រាប់ចំនួន ១៨គ្រាប់ និងអំបែង ៣,៥៧៩ អំបែង លើផ្ទៃដីជិត៥ហិកតា ហើយទីតាំងមីននៅខេត្តកែបទាំងមូលនៅសល់ ១០ទីតាំងទៀត ដែលត្រូវបន្តដោះជាបន្តបន្ទាប់។ នេះបើតាមការបញ្ចាក់ពីលោក វ៉ៅ សុខា អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកែប។

នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខដល់កម្លាំងបោសសម្អាតមីន (CMAC) ដែលកំពុងប្រតិបត្តិការដោះមីន ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ ព្រៃធំ ក្រុងកែប ខេត្តកែប កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១កន្លងទៅ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី ជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល កម្ពុជាបាន ប្រកាសដាក់ ខេត្ដ កែប ជាខេត្តទី១ ដែលប្រកាសថាគ្មានគ្រាប់មីនប្រឆាំងមនុស្ស។ លោកបន្តថា យើងនឹងខិតខំរកប្រភពថវិកាដោះអោយហើយមុនបំណាច់ឆ្នាំ ២០២៥ ប៉ុន្តែវាអាស្រ័យលើម្ចាស់ជំនួយផងដែរ។

លោក វ៉ៅ សុខា បានបញ្ចាក់ថា យើងបានចំណាយថវិការជាង១ម៉ឺនដុល្លាហើយទៅលើការដោះមីននៅទីតាំងភូមិដំណាក់ចង្អើរ ដូចនេះយើងត្រូវការថវិការប្រមាណជាង១០ម៉ឺនដុល្លាទៀត ក្នុងការចំណាយលើការដោះមីននៅបណ្តាទីតាំងដែលនៅសល់ទាំង១០នោះ លើផ្ទៃដី ០,៥គីឡូម៉ែត្រក្រឡា ស្មើរ ៥០ហិកតា លើផ្ទៃដីសរុបរបស់ខេត្ត ១៨៧,២៤ គីឡូម៉ែត្រក្រឡាទីតាំងដែលមិនទាន់ដោះទាំងនោះ ភាគច្រើននៅតំបន់ភ្នំវល្លិ៍ ជាពិសេសភូមិចំការបីតែម្តង។ លោកបន្ថែមថា ទីតាំងដែលបានដោះរួចរាល់នេះ ជាអតីត ទីតាំង កងកម្លាំង ឈរជើង កាលពី សម័យ សង្គ្រាមថ្មីៗនេះតំបន់ភ្នំវល្លិ៍ត្រូវបាន គណៈកម្មាការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ដាក់ជាប៉ូលទេសចរណ៍ ដែលត្រូវធ្វើការអភិវឌ្ឍន៍បន្ថែម ដើម្បីទាក់ទាញភ្ញៀវទេសចរ ហើយរដ្ឋបាលខេត្តកែប ក៏មានបំណងកែប្រែអតីតទីតាំងសមរភូមិដ៏ក្តៅគគុកនាសម័យខ្មែរក្រហមនេះ ទៅជាតំបន់ កសិ-ទេសចរណ៍ ហើយតំបន់នេះក៏ត្រៀមរៀបចំជាកញ្ចប់ទេសចរណ៍
សម្រាប់​ទទួលភ្ញៀវទេសចរ ក្នុងករណីដែលរាជរដ្ឋាភិបាលអនុញ្ញាតបើកទទូលទេសចរវ៉ាក់សាំង នាពេលឆាប់ៗនេះផងដែរ។

ចំណុចនេះលោក វ៉ៅ សុខា បានសម្តែងការព្រួយបារម្ភ នៅពេលដែលទីតាំងនោះ មិនទាន់បានសម្អាតមីនរួចរាល់ វានឹងអាចបង្កជាហានិភ័យផ្សេងៗ សម្រាប់ភ្ញៀវទេសចរ ក្នុងករណីដែលពួកគាត់មិនទាន់យល់ពីភូមិសាស្រ្តបានច្បាស់លាស់។ លោកថា នឹងស្នើរប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីរកដំណោះស្រាយចំពោះបញ្ហានេះ៕