ក្រុមការងារគ្រូពេទ្យស័គ្រ្មចិត្តឯកឧត្ដម ហ៊ុន ម៉ានី ​ចុះអប់រំផ្សព្វផ្សាយអំពីវិធានការការពារ និងទប់ស្កាត់ការរីករាលនៃជំងឺកូវីត-១៩ ជូនដល់សិស្សវិទ្យាល័យស្វាយជ្រំ​ ចំនួនជាង ១.០០០នាក់

10

ក្រុមការងារគ្រូពេទ្យស័គ្រ្មចិត្តឯកឧត្ដម ហ៊ុន ម៉ានី ដឹកនាំដោយឯកឧត្តមបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត បានចុះអប់រំផ្សព្វផ្សាយអំពីវិធានការការពារ និងទប់ស្កាត់ការរីករាលនៃជំងឺកូវីត-១៩ ជូនដល់សិស្សវិទ្យាល័យស្វាយជ្រំ នៅក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ចំនួនជាង ១.០០០នាក់

ខេត្តស្វាយរៀង៖ក្រោយពីឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតអោយវិទ្យាល័យ អនុវិទ្យាល័យមួយចំនួនបើកដំណើរការអោយសិស្សចូលរៀនឡើងវិញ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារគ្រូពេទ្យស័គ្រ្មចិត្តឯកឧត្ដម ហ៊ុន ម៉ានី ដឹកនាំដោយឯកឧត្តមបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុនម៉ានី ចំនួន ១៨នាក់ បានចុះអប់រំផ្សព្វផ្សាយអំពីវិធានការការពារ និងទប់ស្កាត់ការរីករាលនៃជំងឺកូវីត-១៩ ជូនដល់សិស្សវិទ្យាល័យស្វាយជ្រំ នៅក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ចំនួនជាង ១.០០០នាក់។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុនម៉ានី ក៏បានបង្រៀនសិស្សានុសិស្សពីរបៀបលាងដៃនឹងអាល់កុល ឬសាប៊ូ ជាមួយនឹងការបង្រៀនពាក់ម៉ាស រក្សាគម្លាតពីគ្នាយ៉ាងតិច ១,៥កន្លះ និងត្រូវចេះអនាម័យ ដោយប្រកាន់នូវការហូបចុកស្អាត រស់នៅស្អាត ។

ក្នុងឱកាសនេះដែរ ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តឯកឧត្តម ហ៊ុនម៉ានី បានផ្តល់អំណោយរបស់ឯកឧត្តម ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តឯកឧត្តម ហ៊ុនម៉ានី ជូនវិទ្យាល័យស្វាយជ្រំ នូវអាល់កុល ០១កាន ចំណុះ ៣០លីត្រ និងម៉ាស់ ១០០០ ផងដែរ ។

ឯកឧត្តមបណ្ឌិត កែរ រដ្ឋា មានប្រសាសន៍ថា ដោយមានការណែនាំពីឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដោយឯកឧត្តមរដ្ឋមន្រ្តីសង្កេតឃើញថា បច្ចុប្បន្ននេះប្រជាពលរដ្ឋមួយចំនួនភ្លេចខ្លួន ដែលឃើញជំងឺកូវីដមានការថយចុះ និងបានចាក់វ៉ាក់សាំងគ្រប់ចំនួនផង ពួកគាត់មិនសូវអនុវត្តនូវវិធានការសុខាភិបាលត្រឹមត្រូវដូចមុនទេ ឯកឧត្តមរដ្ឋមន្ត្រីស្នើអោយ គ្រប់មន្ទីរសុខាភិបាលរាជធានីខេត្ត បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីត-១៩ ដូចមុន។

អាស្រ័យហេតុនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុនម៉ានី សាខាខេត្តស្វាយរៀង បានធ្វើផែនការ ដើម្បីចុះអប់រំផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីត-១៩ និងណែនាំដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស តាមវិទ្យាល័យ អនុវិទ្យាល័យ និងសាលាបឋមសិក្សា អំពីរបៀបលាងដៃនឹងអាល់កុល ឬសាប៊ូ ជាមួយនឹងការបង្រៀនពាក់ម៉ាស គ្រប់ស្រុកក្រុងក្នុងខេត្តស្វាយរៀង ។

ឯកឧត្តមបណ្ឌិត កែរ រដ្ឋា សំណូមពរដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សថា ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ កំពុងវាយលុក យើងទាំងអស់គ្នាត្រូវគោរពទៅតាមវិធានការសុខាភិបាល បីការពារ បីកុំ និងពីរចូលរួម ដើម្បីកុំឲ្យឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងគ្រួសារ ព្រមទាំងខ្លួនយើងផ្ទាល់ផង៕