ដឹងធ្វើមិនដឹង! សង់រោងព័ទ្ធរបងលើដីរដ្ឋបិទផ្លូវម្ចាស់ដីនៅខាងក្រោយទារសំណង៣ម៉ឺនដុល្លារជាថ្នូរនឹងការរុះរើចេញ

5

ខែត្រកំពតៈ អនុប្រធានអន្តរវិស័យសាលា ខែត្រកំពត ឆក់ឳកាសនៅពេលបិទខ្ទប់កាត់ផ្ដាច់ការចម្លង ជំងឺកូវីដ១៩ បានឱ្យបក្ខពួក និងក្រុមជាង សម្រុកចាក់ដីព័ន្ធរបងសង់រោងលើដីចំណីផ្លូវរថភ្លើងរបស់រដ្ឋស្ថិតនៅ ភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខែត្រកំពត បានសម្រេចកាលពីអំឡុង ខែឧសភា ឆ្នាំ២០២១ ដោយសម្អាងលើក្រដាសកិច្ចសន្យាលក់ផ្ដាច់ដីមួយសន្លឹកចុះហត្ថលេខាលើម៉ូតូ លោក គុយ យ៉ា មេឃុំព្រៃឃ្មុំ បានធ្វើឱ្យម្ចាស់ដីនៅខាងក្រោយរងការបិទខ្ទប់គ្មានផ្លូវចេញចូលបានក្លាយជាចំណាប់ខ្មាំងដោយមានការទាមទារនូវទឹកប្រាក់៣ម៉ឺនដុល្លារ និងដីទំហំ១៥ម៉ែត្រ ជាថ្នូរនឹងការរុះរើបើកផ្លូវឡើងវិញ។

ករណីខាងលើនេះបើយោងតាមប្រភពពីម្ចាស់ដីរងគ្រោះនៅខាងក្រោយបានឱ្យអង្គភាពយើងដឹងនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។ ស្របពេលដែលដីនៅទី
តាំងមួយចំនួនក្នុង ខែត្រកំពត កំពុងឡើងថ្លៃខ្លាំងធ្វើឱ្យបុគ្គលខ្លះភ្លេចអស់ភាពអៀនខ្មាស ព្រោះតែសេចក្តីលោភលន់ធ្វើឱ្យពួកគេហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាងនិង
រិះរកគ្រប់មធ្យោបាយដើម្បីឱ្យតែបានដុល្លារចូលហៅប៉ៅ។ ជាក់ស្តែងកាលពីថ្មីៗនេះលោក គឹម ញ៉ក់ អនុប្រធានអន្តរវិស័យ ខែត្រកំពត ត្រូវបានពលរដ្ឋដែលជាម្ចាស់
ដីនៅខាងក្រោយលើកការតវ៉ាប្តឹងទៅអាជ្ញាធរដែនដីរឿងលោក គឹម ញ៉ក់ ឆក់ឳកាសនៅពេលបិទខ្ទប់កាត់ផ្ដាច់ការចម្លង ជំងឺកូវីដ១៩ តាមវិធានរបស់ ក្រសួងសុខាភិបាល បានឱ្យបក្ខពួក និងក្រុមជាងសម្រុកចាក់ដី ព័ន្ធរបង សង់រោងលើដីចំណីផ្លូវរបស់រដ្ឋ បិទខ្ទប់ម្ចាស់ដីស្របច្បាប់នៅខាងក្រោយ ហើយបានទាមទារប្រាក់ចំនួន៣ម៉ឺនដុល្លារ និងដី១៥ម៉ែត្រជាថ្នូរនឹងការរុះរើចេញដើម្បីបើកផ្លូវរក្សាសភាពដើមវិញ។

យោងតាមប្រភពពីម្ចាស់ដីដែលត្រូវបានគេសង់រោងធ្វើរបងបិទផ្លូវបានឱ្យដឹងថា លោកស្រីបានទិញដីនេះស្របច្បាប់ក្នុងអំឡុង ខែកក្កដា ឆ្នាំ២០២០ ពីលោក ជា
ទីគា រស់នៅ ភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ក្នុងតម្លៃ១៥ម៉ឺនដុល្លារដោយមានឯកសារគតិយុត្ត និងបង់ពន្ធស្របច្បាប់ត្រឹមត្រូវជូនរដ្ឋពេលនោះមិនមានរោង និងរបងនៅពីខាងមុខដីបិទជិតដូចពេលនេះទេ។ ដោយយល់ឃើញថាដីខាងមុខជាចំណីផ្លូវរបស់រដ្ឋ និងមានបង្គោលភ្លើងរដ្ឋដាំរួចជាស្រេច លោកស្រីក៍មិនលោភ
លន់ចង់បានសង់របងព័ទ្ធយកដីធ្វើជាកម្មសិទ្ធិនោះដែរដោយគាត់បានរក្សាស្ថានភាពដើមឱ្យនៅដដែលក៍ស្រាប់តែក្នុងអំឡុងពេលបិទខ្ទប់កាត់ផ្ដាច់ការចម្លង ជំងឺ
កូវីដ១៩ តាមវិធានរបស់ ក្រសួងសុខាភិបាល ក្នុង រាជធានីភ្នំពេញ លោកស្រីក៍មិនបានចុះមកពិនិត្យតាមដាននោះទេ។ ចំពោះការចាក់ដីធ្វើរបងព័ទ្ធបិទផ្លូវសង់រោងរបៀបនេះលោកស្រីមិនបានដឹងឡើយ។

លោកស្រីបានបន្តថា ក្រោយពីបានដឹងរឿងនេះខ្ញុំក៍បានប្តឹងជំទាស់ទៅអាជ្ញាធរមូលដ្ឋានទាមទារឱ្យលោក គឹម ញ៉ក់ ជាអនុប្រធានអន្តរវិស័យ ខែត្រកំពត ដែលចេះច្បាប់រូបនេះរុះរើចេញវិញតែត្រូវបានលោកបដិសេធ និងទាមទារប្រាក់ចំនួន៣ម៉ឺនដុល្លារ និងដីក្បាល១៥ម៉ែត្រដោយចាក់ទុកថា នាងខ្ញុំជាចំណាប់ខ្មាំងរបស់គាត់។

យោងតាមលោក ជា ទីគា ម្ចាស់ដីដើមបានប្រាប់ឱ្យដឹងថា ដីនេះរដ្ឋបានចែកឱ្យលោកតាំងពី ឆ្នាំ១៩៨២ ហើយលោកក៍ធ្លាប់បានប្រវាស់ដីស្រែនេះឱ្យទៅឈ្មោះ ឃាន
មួយគា ចាប់តាំងពី ឆ្នាំ២០១៥ រហូតដល់ ឆ្នាំ២០១៨ លោកក៍បានដកយកដីនោះមកវិញ តែក្រោយមកលោក ស៊ុន ករុណា បានព្យាយាមចាក់ដី និងធ្វើរបងបិទផ្លូវម្តងមកហើយក្នុង ឆ្នាំ២០១៩ ដោយទាមទារប្រាក់ចំនួន១៨ម៉ឺនដុល្លារ តែធាតុពិតដីរបស់លោកជាងកន្លះហិកតាលក់បានប្រាក់តែ១៥ម៉ឺនដុល្លារតែប៉ុណ្ណោះ។

លោក ទីគា បន្តទៀតថា ជាមួយគ្នានេះដែរខ្ញុំក៍បានប្តឹងរឿងនេះទៅអាជ្ញាធរភូមិឃុំ និងរហូតដល់ស្រុកទើបឈានដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ លោក នាក់ សុវណ្ណារី អភិបាល ស្រុកទឹកឈូ ក៍បានចេញលិខិតបញ្ជាឱ្យឈ្មោះ ឃាន មួយគា រុះរើដកបង្គោលរបងទាំងនេះចេញ។ ពីព្រោះអាជ្ញាធររកឃើញថា ការព័ទ្ធរបងនេះបានរំលោភយកដីចំណីផ្លូវរថភ្លើងចាស់របស់រដ្ឋ។ លោកបន្តថា ទីតាំងដែលព័ទ្ធរបងនេះលោក គឹម ញ៉ក់ មិនដឹងនៅទីណានោះទេ ពីព្រោះវាជាទីតាំងដីចំណីផ្លូវរថភ្លើងចាស់។

លោក នាក់ សុវណ្ណារី អភិបាល ស្រុកទឹកឈូ បានលើកឡើងនៅរសៀលថ្ងៃទី២៨ ខែកញ្ញា នេះថា លោកធ្លាប់បានចេញលិខិតពីរបីដងហើយដែរដើម្បីជំរុញឱ្យមាន
ការដោះស្រាយគ្នា ហើយកាលពីសប្ដាហ៍មុនពួកគាត់ក៍បានមកដោះស្រាយគ្នានៅសាលា ខែត្រកំពត។ កន្លងមក ស្រុកទឹកឈូ ក៍ធ្លាប់បានចេញលិខិតឱ្យរុះរបងនេះ
ចេញអស់ម្ដងមកហើយ។ លោកបន្តទៀតថា នៅក្នុងដំណាក់កាល ឆ្នាំ២០២០ ខាងគណៈកម្មការស្រុកក៍បានចុះវាស់វែងដីស្រែខាងលើអត់ទាន់មានឃើញធ្វើអ្វីទេគឺ
វាលចែសគឺគេទើបធ្វើរបងនិងផ្ទះក្រោយដែរទេ។

ចំណែក អនុប្រធានអន្តរវិស័យ ខែត្រកំពត លោក គឹម ញ៉ក់ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានឆ្លើយយ៉ាងខ្លីថា លោកជាប់រវល់ប្រជុំ ដូច្នេះពុំអាចសុំការបំភ្លឺ បានទេអំពីការឆក់ឳកាសទិញដីចំណីផ្លូវរថភ្លើងខុសច្បាប់នេះទេ។ ក្នុងនាមលោកជា ប្រធានអន្តរវិស័យខែត្រ កាន់ការអភិវឌ្ឍន៍ពិតជាដឹងយ៉ាងជាក់ច្បាស់ថា ដីចំណីផ្លូវសាធារណៈ រដ្ឋអំណាចហាមរំលោភបំពាន ឬការចាប់យកធ្វើជាកម្មសិទ្ធិបុគ្គលព្រោះវាជាសម្បត្តិរបស់រដ្ឋ៕